តម្លៃជួលការិយាល័យនៅទីក្រុងហុងកុងក្នុងឆ្នាំ២០២៥នេះប្រឈមការដាំក្បាលចុះ១០ភាគរយ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃជួលការិយាល័យនៅទីក្រុងហុងកុងនៅក្នុងឆ្នាំ២០២៥នេះត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានតាំងពីឆ្នាំ២០១២។ការណ៍នឹងអាចនាំឱ្យតម្លៃអគារពាណិជ្ជកម្មនានាដាំក្បាលចុះ។

យោងតាមទីភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់ឥណទានសកល S&P Global Ratings បានឱ្យដឹងថា តម្លៃជួលការិយាល័យប្រភេទ Prime នៅទីក្រុងហុងកុងនឹងដាំក្បាលចុះ១០ភាគរយនៅឆ្នាំនេះ បើប្រៀបធៀបនឹងការព្យាករណ៍ពីមុនថា នឹងធ្លាក់ចុះចំនួន៥ភាគរយ។
ទីភ្នាក់ងារ S&P Global Ratings បានអះអាងថា ការបង្កើនការផ្គត់ផ្គង់បន្ទប់ការិយាល័យថ្មីៗពីគម្រោងនានាដែលទើបនឹងបញ្ចប់ការសាងសង់ នឹងដាក់សម្ពាធកាន់តែខ្លាំងទៅលើម្ចាស់អគារការិយាល័យ និងធ្វើឱ្យអ្នកជួលមានប្រៀបក្នុងការចរចាតម្លៃ។

លោក Oscar Chung អ្នកវិភាគឥណទានរបស់ទីភ្នាក់ងារ S&P Global Ratings បានលើកឡើងថា “ម្ចាស់អគារការិយាល័យនៅទីក្រុងហុងកុងកំពុងជួបប្រទះការលំបាក ដោយសារភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច និងការប្រកួតប្រជែងពីអគារ ដែលទើបសាងសង់រួចរាល់ថ្មីៗបន្ថែមទៀត”។

លោកបានបន្តថា “យើងរំពឹងថា ម្ចាស់អគារការិយាល័យទាំងនោះនឹងប្រើប្រាស់យុទ្ធសាស្ត្រថ្មី ដើម្បីរក្សាអ្នកជួល រួមទាំងការបញ្ចុះតម្លៃជួលជាដើម”។

យ៉ាងណាមិញ ទីភ្នាក់ងារ S&P បានព្រមានថា ការធ្លាក់ចុះនៃតម្លៃជួលអាចជះផលប៉ះពាល់លើម្ចាស់អគារការិយាល័យក្នុងទីក្រុងហុងកុង ស្របពេលមានការកើនឡើងនៃបំណុលអាក្រក់នៅក្នុងទីផ្សារអចលនទ្រព្យពាណិជ្ជកម្ម។

​បំណុល​អាក្រក់​ (Bad ​Debt) ក្នុងទីផ្សារអចលនទ្រព្យ ជាបំណុល​មាន​អត្រា​ការប្រាក់​ខ្ពស់​ដែលត្រូវបានខ្ចី​យកទៅ​ចំណាយ​លើ​​អចលនទ្រព្យដែលធ្លាក់ថ្លៃចុះទៅតាមពេលវេលា។

ជាក់ស្ដែង តម្លៃជួលការិយាល័យជាមធ្យមនៅតំបន់ចំនួន៩ក្នុងទីក្រុងហុងកុង រួមមានតំបន់ Sheung Wan តំបន់ Central តំបន់ Wan Chai-Causeway Bay និងតំបន់ Tsim Sha Tsui ជាដើមបានធ្លាក់ចុះមកនៅត្រឹម៣០៩ដុល្លារហុងកុង (ប្រហែល៣៩,៦៨ដុល្លារអាមេរិក)ទៅ៩១៤ដុល្លារហុងកុង(ប្រហែល១១៧,៣៨ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េ។តួលេខនេះឈានជិតដល់កម្រិតទាបបំផុតកាលពី១៣ឆ្នាំមុន៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here