អ្នកស៊ីអចលនទ្រព្យគ្មានអាជ្ញាប័ណ្ណបានងាកមករកច្បាប់កាន់តែច្រើន

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ស្របពេលមានការរឹតបន្តឹងពីនិយ័តករ អាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ និងសមាគមCVEA អ្នករកស៊ី និងភ្នាក់ងារអចលនទ្រព្យគ្មានអាជ្ញាប័ណ្ណ បានចាប់ផ្តើមងាកចូលមកគន្លងច្បាប់។

សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោកឧកញ៉ាចេង ខេងបានមានប្រ​សាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា មួយរយៈចុងក្រោយនេះអ្នករកស៊ី និងភ្នាក់ងារអចលនវត្ថុ ដែលប្រកបអាជីវកម្មក្នុងវិស័យនេះ បានមកសាកសួរព័ត៌មានជាបន្តបន្ទាប់នៅសមាគម ដើម្បីទទួលបានការណែនាំ និងបំពាក់បំប៉នបន្ថែម ដើម្បីពួកគេអាចសុំច្បាប់ត្រឹមត្រូវ។

លោកបន្តថា “នេះជាសញ្ញាល្អ សម្រាប់វិស័យអចលនវត្ថុនៅកម្ពុជា”។ លោកបន្ថែមថា “ការរួបរួមគ្នា ដោយឈរលើមូលដ្ឋានច្បាប់ វានឹងផ្តល់ទំនុកចិត្តដល់ទីផ្សារ និងជម្រុញទីផ្សារនេះឲ្យមានភាពកាន់តែប្រសើរឡើង ក៏ដូចជាផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ”។

លោកឧកញ៉ាចេង ខេងបានបន្តថា ប្រទេសមួយត្រូវតែគោរពច្បាប់ ទើបមានភាពថ្លៃថ្នូរ ហេតុនេះអ្នករកស៊ីនៅក្នុងវិស័យនេះ គួរតែរត់រកច្បាប់ ដែលសមាគមនឹងជួយសម្របសម្រួល ដល់អ្នកនៅក្នុងវិស័យនេះ។

សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា នៅក្នុងអាណត្តិថ្មីនេះ បានរៀបចំសមាសភាពគណៈកម្ម​ការជាច្រើន ដើម្បីជួយជម្រុញលើការផ្តល់សេវាកម្ម ប្រកបដោយស្តង់ដាវិជ្ជាជីវៈ ក៏ដូចជាជម្រុញ និងទាក់ទាញការវិនិយោគកាន់តែច្រើនពីអន្តរជាតិ។

លោកសន សៀបប្រធានសមាគមCVEA បានលើកឡើងជារឿយៗថា សមាជិកសមាគមគួរួបរួមគ្នា ទើបយើងខ្លាំង និងជួយឲ្យវិស័យនេះរីកចម្រើនលឿន ហើយយើងគួរបង្កើតសួនច្បាររួមគ្នា ឲ្យបានស្រស់បំព្រង ជាជាងយើងនាំគ្នាដេញចាប់មេអំបៅ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here