ដោយៈ គង់ សូរិយា
ភ្នំពេញៈ វិស័យអចលនវត្ថុកម្ពុជា មានឱកាសរីកចម្រើនជាលំដាប់ក្នុងទស្សវត្សរ៍ចុងក្រោយនេះ ដែលជំរុញដោយការវិនិយោគបរទេស ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងកំណើនសេដ្ឋកិច្ច។
ទោះជាយ៉ាងណាក៏ដោយ ប្រាក់ចំណេញនាពេលអនាគតរបស់វាអាស្រ័យលើកត្តាសំខាន់ៗមួយចំនួន ដែលអ្នកវិនិយោគគួរពិចារណា។
-->
សក្តានុពលសម្រាប់ការលូតលាស់
- ការអភិវឌ្ឍសេដ្ឋកិច្ច
សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវបានគេរំពឹងថានឹងកើនឡើងរហូតដល់៦,៣ភាគរយនៅឆ្នាំ២០២៥នេះ និងបន្តកំណើនប្រកបដោយភាពធន់បន្ថែមទៀត ដែលជាការគាំទ្រដល់តម្រូវការអចលនទ្រព្យ ជាពិសេសនៅក្នុងតំបន់ទីក្រុង។
- ការវិនិយោគពីបរទេស
អ្នកវិនិយោគចិន និងបរទេសផ្សេងទៀត នឹងអាចបន្តដើរតួនាទីយ៉ាងធំ ជាពិសេសនៅក្នុងគម្រោងពាណិជ្ជកម្ម និងលំនៅដ្ឋានលំដាប់ខ្ពស់។
- គម្រោងហេដ្ឋារចនាសម្ព័ន្ធ
រដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ជាអាទិភាពលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ ដូចជាផ្លូវជាតិ ស្ពាន កំពង់ផែទឹកជ្រៅ និង ពិសេសការអភិវឌ្ឍន៍ដូចជាផ្លូវល្បឿនលឿន អាកាសយានដ្ឋាន និងតំបន់សេដ្ឋកិច្ចពិសេស (SEZs) បង្កើនតម្លៃអចលនទ្រព្យ។
ហេដ្ឋារចនាសម្ព័ន្ឋធំៗដូចជាផ្លូវជាតិលេខ១០ ផ្លូវជាតិលេខ៤៨ ត្រូវបានស្តារ ផ្លូវជាតិលេខ៧ ត្រូវបានពង្រីក ព្រលានយន្តហោះអន្តរជាតិតេជោបាន និងកំពុងត្រៀមចាប់ផ្តើមបើកដំណើរការជាដើម។
ទីប្រឹក្សាឧត្តមទីប្រឹក្សាសេដ្ឋកិច្ចជាតិ លោកបណ្ឌិតម៉ី កល្យាណធ្លាប់បានថ្លែងថា រដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ លើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ឋ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ចជាតិ បើទោះបីវិស័យនេះត្រូវចំណាយមូលធនធំក្តី។
លោកបញ្ជាក់ថា “ដើម្បីជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច រដ្ឋាភិបាលត្រូវតែផ្តោតលើវិស័យនេះជាអាទិភាព ដើម្បីកាត់បន្ថយតម្លៃដឹកជញ្ជូនក្នុងស្រុក និងលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា”។
- ឧស្សាហកម្មទេសចរណ៍
កំណើនទេសចរណ៍ បានិងកំពុងជំរុញឱ្យមានតម្រូវការសណ្ឋាគារ រមណីយដ្ឋាន និងអចលនទ្រព្យជួលផងដែរ។
ជាក់ស្តែងកម្ពុជា បានទទួលភ្ញៀវអន្តរជាតិជាង៦លាននាក់មកទស្សនាកម្ពុជា នៅឆ្នាំ២០២៤ និងរំពឹងកើនដល់ជាង៧លាននាក់នៅឆ្នាំ២០២៥នេះ។
លោកឌិន សុមេធារិទ្ឋប្រធានសហព័ន្ឋទេសចរណ៍កម្ពុជាបានថ្លែងថា វិស័យទេសចរណ៍កម្ពុជាមានកំណើនឡើងវិញ ប៉ុន្តែនិន្នាការបានផ្លាស់ប្តូរ ដោយបច្ចុប្បន្នភ្ញៀវទេសចរណ៍បរទេសត្រឹម១ភាគបី បានធ្វើដំណើរតាមផ្លូវអាកាស។ ផ្ទុយពីមុនវិបត្តិកូវីដ១៩ ភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា ដោយធ្វើដំណើរតាមផ្លូវអាកាសមាន២ភាគបី។
លោកបន្តថា “ភ្ញៀវទេសចរណ៍កាន់តែច្រើន បានចូលមកកម្ពុជាត្រឹមចំណុចព្រំដែន ដូចជាក្រុងប៉ោយប៉ែត បាវិត ជាដើម”។

- ការកើនឡើងនៃវណ្ណៈកណ្តាល
ការកើនឡើងនៃអំណាចទិញក្នុងស្រុក បាននិងកំពុងជួយដល់តម្រូវការលំនៅដ្ឋាននៅកម្ពុជា ខណៈប្រទេសនេះ មានប្រជាជនវ័យក្មេងច្រើន ដោយអ្នកមានអាយុចាប់ពី៣០ឆ្នាំចុះ មានចំនួនប្រមាណ៦០ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុប ដែលធ្វើឲ្យពួកគេត្រូវបែកពីគ្រូសារ និងត្រូវការលំនៅដ្ឋានថ្មីៗកាន់តែច្រើន។
បញ្ហាប្រឈម
- បញ្ហាផ្គត់ផ្គង់លើសតម្រូវការ
ខុនដូ និងការិយាល័យលំដាប់ខ្ពស់ ក្នុងទីក្រុងភ្នំពេញអាចប្រឈមនឹងការផ្គត់ផ្គង់លើសតម្រូវការ ដែលនាំឱ្យតម្លៃធ្លាក់ចុះ ដោយបច្ចុប្បន្នខុនដូប្រមាណ៥០,០០០យូនីត បានដាក់ចូលទីផ្សារ ខណៈសម្ពាធអ្នកទិញក្នុងស្រុកថយចុះ ហើយអ្នកអភិវឌ្ឍន៍បានចាប់ផ្តើមផ្តោតលើទីផ្សារបរទេសជំនួសវិញ។
អគ្គនាយកក្រុមហ៊ុនERA Cambodia លោកខន គង្គាបានលើកឡើងថា ស្ថានភាពទីផ្សារបាន និងកំពុងមានសភាពប្រសើរឡើងបណ្តើរៗហើយ ប៉ុន្តែវាមិនទាន់មានសញ្ញានៃតម្រូវការកើនឡើងដូចមុនវិបត្តិកូវីដ១៩នៅឡើយទេ។
លោកបន្តថា “វានៅតែត្រូវការពេលវេលាបន្ថែមទៀត តែយើងចាប់ផ្តើមមានសញ្ញាប្រសើរហើយ”។
ទស្សនវិស័យនាពេលអនាគត
- ទីផ្សារអចលនទ្រព្យលំនៅដ្ឋាន និងពាណិជ្ជកម្ម អាចនៅតែមានភាពរឹងមាំនៅក្នុងទីតាំងសំខាន់ៗ ប៉ុន្តែអាចប្រឈមនឹងការកែតម្រូវតម្លៃនៅក្នុងតំបន់ដែលលើសចំណុះ។
- អចលនទ្រព្យឧស្សាហកម្ម (ឃ្លាំង រោងចក្រ) ត្រូវបានគេរំពឹងថានឹងកើនឡើង ដោយសារតែតួនាទីរបស់ប្រទេសកម្ពុជា នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់។
- ទីផ្សារជួល (ជាពិសេសលំនៅដ្ឋាន ដែលមានតម្លៃសមរម្យ) អាចឃើញតម្រូវការកើនឡើង នៅពេលដែលអ្នកជំនាញវ័យក្មេង និងជនបរទេសស្វែងរកកន្លែងស្នាក់នៅ។
ទោះជាយ៉ាងណា វិស័យអចលនវត្ថុកម្ពុជា នៅតែមានសក្តានុពល សម្រាប់អត្ថប្រយោជន៍នាពេលអនាគត ប៉ុន្តែអ្នកវិនិយោគគួរតែវាយតម្លៃដោយប្រុងប្រយ័ត្ននូវហានិភ័យ និន្នាការទីផ្សារ និងបទប្បញ្ញត្តិ៕
