ដោយ: គង់ លាងហួរ
ភ្នំពេញ: ប្រទេសកម្ពុជាកំពុងក្លាយជាគោលដៅទាក់ទាញការវិនិយោគដ៏សំខាន់មួយនៅតំបន់អាស៊ាន ដោយសារការសម្រេចបានកំណើនសេដ្ឋកិច្ចរឹងមាំ ការគាំទ្រពីរដ្ឋាភិបាលកម្ពុជាចំពោះអ្នកវិនិយោគ និងសក្តានុពលដែលមិនទាន់ទាញយកពីឧស្សាហកម្មសំខាន់ៗ។
លោកបណ្ឌិត Alexander Evengroen នាយកប្រតិបត្តិក្រុមហ៊ុនប្រឹក្សាយោបល់ Evengroen Solution Group បានអះអាងថា “វិស័យកសិកម្មនៅតែជាសសរស្តម្ភគ្រឹះនៃសេដ្ឋកិច្ចរបស់កម្ពុជា។ សក្តានុពលដ៏ធំធេងនៃវិស័យនេះកំពុងត្រូវបានទាញយកមកប្រើប្រាស់ តាមរយៈការធ្វើទំនើបកម្ម និងការច្នៃប្រឌិត”។
លោកបណ្ឌិតបន្តថា ប្រទេសកម្ពុជាសម្បូរដីមានជីជាតិ រួមទាំងអាកាសធាតុអំណោយផល និងធនធានទឹកយ៉ាងសម្បូរបែប ដោយផ្តល់នូវភាពអំណោយផលសម្រាប់ការដាំដុះដំណាំ ដែលផ្តល់ទិន្នផលខ្ពស់ និងការបណ្តាក់ទុនលើការកែច្នៃកសិផលសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
-->

ជាមួយគ្នានេះ ថាមពលកកើតឡើងវិញជាឧស្សាហកម្មមួយផ្សេងទៀត ដែលមានសក្តានុពលខ្ពស់នៅកម្ពុជា។ ស្របពេលពិភពលោកកំពុងផ្លាស់ប្តូរឆ្ពោះទៅរកប្រភពថាមពលប្រកបដោយនិរន្តរភាព កម្ពុជាបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីប្រែក្លាយខ្លួនជាប្រទេសនាំមុខគេលើការប្រើប្រាស់ថាមពលបៃតង។
ក្នុងន័យនេះ លោកបណ្ឌិត Alexander Evengroen បានគូសបញ្ជាក់ថា “វិស័យថាមពលកកើតឡើងវិញនៅកម្ពុជាមិនត្រឹមតែជាឱកាសសេដ្ឋកិច្ចប៉ុណ្ណោះទេ។ ប៉ុន្តែ វិស័យនេះក៏ជាផ្នែកដ៏សំខាន់មួយក្នុងផែនការនិរន្តរភាពរយៈពេលវែងរបស់ប្រទេសកម្ពុជាផងដែរ”។
ចំណែក ការអភិវឌ្ឍន៍ទីផ្សារអចលនទ្រព្យនៅកម្ពុជាបានឈានដល់ចំណុចរបត់មួយ ខណៈគម្រោងអគារជាប់គាំងជាច្រើនអាចយកទៅកែច្នៃឡើងវិញបានប្រកបដោយភាពច្នៃប្រឌិត។
លោកបណ្ឌិត Alexander Evengroen លើកឡើងថា ទីផ្សារអចលនទ្រព្យនៅកម្ពុជាមានសភាពទុំជោរ ដែលទាមទារឱ្យមានការរៀបចំរចនាសម្ព័ន្ធឡើងវិញដើម្បីសម្របខ្លួនទៅនឹងការធ្វើនគរូបនីយកម្មរបស់កម្ពុជាយ៉ាងឆាប់រហ័ស។
ការអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក៏បានដើរតួនាទីជាមូលដ្ឋានដ៏សំខាន់ក្នុងបង្កើនសក្តានុពលនៃការវិនិយោគនៅប្រទេសកម្ពុជាផងដែរ។
តួយ៉ាង ការដាក់ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅកាន់ក្រុងព្រះសីហនុ កំពុងធ្វើបដិវត្តន៍ពាណិជ្ជកម្ម និងការដឹកជញ្ជូន ដោយបង្កភាពងាយស្រួលជាងមុនសម្រាប់ការដឹកជញ្ជូនទំនិញប្រកបដោយប្រសិទ្ធភាព។

បន្ថែមពីលើនេះ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នឹងជួយលើកកំពស់វិស័យទេសចរណ៍ និងការធ្វើធុរកិច្ច ដោយពង្រឹងឋានៈរបស់កម្ពុជាក្នុងនាមជាមជ្ឈមណ្ឌលដ៏សំខាន់មួយនៅក្នុងតំបន់។
គម្រោងទាំងនេះសរបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការបង្កើតបរិយាកាសអំណោយផលដល់ការវិនិយោគទ្រង់ទ្រាយធំ និងការកសាងវិបុលភាពផ្នែកសេដ្ឋកិច្ច។
លោកបណ្ឌិត Alexander Evengroen បានកត់សម្គាល់ថា “កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតប្រព័ន្ធពន្ធដារប្រកបដោយតម្លាភាព និងយុត្តិធម៌ ជាការធ្វើកំណែទម្រង់ដ៏សំខាន់បំផុតមួយនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ”។
តាមរយៈការកែលម្អគោលនយោបាយ
ពន្ធដារ រដ្ឋាភិបាលកំពុងបង្កើតរចនាសម្ព័ន្ធប្រកបដោយតុល្យភាព ដែលផ្តល់អត្ថប្រយោជន៍ដល់អ្នកធុរកិច្ច និងប្រជាជនទូទៅ។
លោកបណ្ឌិតបន្ថែមថា “វិធានការទាំងនេះមិនត្រឹមតែជំរុញទំនុកចិត្តរបស់វិនិយោគិនប៉ុណ្ណោះទេ។ ប៉ុន្តែ វាថែមទាំងធានាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងនិរន្តរភាពផងដែរ”៕ប្រភព: LinkedIn៕
