គណៈប្រតិភូសភាសហរដ្ឋអាមេរិកគូសបញ្ជាក់អំពីការបន្តធ្វេីការជាមួយរដ្ឋាភិបាល​សហរដ្ឋអាមេរិកដេីម្បីជំរុញការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាអាមេរិក-កម្ពុជា ឱ្យកាន់តែរឹងមាំ

0

នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាសហរដ្ឋអាមេរិក ដែលរួមមាន​ឯកឧត្តម Jimmy Panetta សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា​ មកពីគណបក្សប្រជាធិបតេយ្យ,​ ឯកឧត្តម​ Salud Carbajal​ សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា​ មកពីគណបក្សប្រជាធិបតេយ្យ,​ ឯកឧត្តម​ Darin Lahood សមាជិកសភាប្រចាំរដ្ឋអ៉ីលីណយ​​ មកពីគណបក្សសាធារណរដ្ឋ និង​សហការី​ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប, គណៈប្រតិភូសភាសហរដ្ឋអាមេរិកបានសម្ដែងនូវការកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសហរដ្ឋអាមេរិក និងកម្ពុជា។ គណៈប្រតិភូសភាសហរដ្ឋអាមេរិកបានកត់សម្គាល់អំពីទំនាក់ទំនងកាន់តែរឹងមាំរវាងប្រទេសទាំងពីរ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ស្របពេលដែលឆ្នាំនេះក៏ជាខួបទី៧៥ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-សហរដ្ឋអាមេរិកផងដែរ។ គណៈប្រតិភូសភាសហរដ្ឋអាមេរិកក៏បានបង្ហាញនូវជំនឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី, កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។ បន្ថែមពីនេះ, គណៈប្រតិភូសភាសហរដ្ឋអាមេរិកក៏បានគូសបញ្ជាក់អំពីការបន្តធ្វេីការជាមួយរដ្ឋាភិបាល​សហរដ្ឋអាមេរិកឱ្យកាន់តែយល់ដឹងច្បាស់អំពីកម្ពុជា​ ដេីម្បីជំរុញការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូសហរដ្ឋអាមេរិក-កម្ពុជា ឱ្យកាន់តែរឹងមាំ​។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-សហរដ្ឋអាមេរិក​ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក​ ដែលបានចូលរួមគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាសហរដ្ឋអាមេរិក​ នាឱកាសនេះ ក៏ដូចជាការផ្លាស់ប្ដូរដំណើរទស្សនកិច្ចជាញឹកញ៉ាប់រវាងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរនាពេលកន្លងមក នឹងចូលរួមចំណែកបន្ថែមទៀតក្នុងការជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងលេីកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរ​ ឈានដល់កម្រិតខ្ពស់បន្ថែមទៀត។

សម្ដេចបវរធិបតី និងគណៈប្រតិភូសភាសហរដ្ឋអាមេរិកក៏បានពិភាក្សាពីការពង្រឹង​ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ និងរឹងមាំបន្ថែមទៀត លើវិស័យជាច្រើនរួមមាន ជាអាទិ៍៖ វិស័យនយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, សុខាភិបាល, ការពារជាតិនិងសន្តិសុខ និង​ការបោសសម្អាតមីន​ ជាដើម៕

🌐 Hun Manet (https://www.facebook.com/profile.php?id=100069511484329)
🌐 Samdech Thipadei Hun Manet, Prime Minister (https://www.facebook.com/Dr.Hunmanetofcambodia)of Cambodia (https://www.facebook.com/Dr.Hunmanetofcambodia/posts/pfbid0LmbQiD5QcHYoUaa5j3CwGJa1w5cEYS1hdo8DNogvvBjAqxzRvVj5tovmbGWzX75ol)
🌐 Instagram (https://www.instagram.com/dr.hunmanetofcambodia)
🌐 X(Twitter) (https://twitter.com/dr_hunmanet_pm)
🌐 YouTube (https://www.youtube.com/@Dr.Hunmanetofcambodia)
🌐 Tiktok (https://www.tiktok.com/@dr.hunmanetofcambodia?is_from_webapp=1&sender_device=pc)

#ហនម៉ាណែត #Hunmanet #កមពុជា #cambodia #សនតិភាពនៅកម្ពុជា #Peaceincambodia

LEAVE A REPLY

Please enter your comment!
Please enter your name here