ក្រុមហ៊ុន Marina Bay Sands ទទួលបានប្រាក់កម្ចីចំនួន៩ពាន់លានដុល្លារដើម្បីពង្រីកកាសុីណូនៅប្រទេសសិង្ហបុរី

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន Marina Bay Sands Pte បានទទួលប្រាក់កម្ចីពីស្ថាប័នពហុភាគីសរុបចំនួន៩ពាន់លានដុល្លារអាមេរិក ដើម្បីយកទៅបណ្តាក់ទុនវិនិយោគលើគម្រោងពង្រីករមណីយដ្ឋានកាស៊ីណូរបស់ខ្លួននៅក្នុងទីក្រុងសិង្ហបុរី។

យោងតាមប្រភព ដែលបានទម្លាប់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានឱ្យដឹងថា “ការផ្តល់ហិរញ្ញប្បទានចំនួន៩ពាន់លានដុល្លារអាមេរិកនេះ ជាការផ្តល់ប្រាក់កម្ចីក្រោមទំហំទឹកប្រាក់ដ៏ធំបំផុតមិនធ្លាប់មាននៅប្រទេសសិង្ហបុរី”។

ក្នុងនោះ ធនាគារ DBS Group Holdings Ltd ធនាគារ Malayan Banking Bhd ធនាគារ Oversea-Chinese Banking Corp និងធនាគារ United Overseas Bank Ltd បានដើរតួនាទីជាអ្នកសម្របសម្រួលលើការផ្តល់ឥណទាន ឬកម្ចីពីស្ថាប័នហិរញ្ញវត្ថុចំនួន២២ផ្សេងទៀត។នេះបើយោងតាមប្រភពសុំមិន​បញ្ចេញ​ឈ្មោះ​ ព្រោះនេះជា​រឿង​ឯកជន។

នៅពេលត្រូវបានសាកសួរអំពីកិច្ចព្រមព្រៀងនេះ អ្នកតំណាងមួយរូបនៅក្រុមហ៊ុន Marina Bay Sands បានអះអាងថា ក្រុមហ៊ុនមិនអាចផ្តល់ព័ត៌មានណាមួយនៅពេលនេះបានទេ។ ជាមួយគ្នានេះ ក្រុមហ៊ុនមេ Las Vegas Sands Corp ក៏មិនបានឆ្លើយតបចំពោះការស្នើសុំការអត្ថាធិប្បាយនោះដែរ។

ប្រាក់កម្ចីនេះនឹងត្រូវបានប្រើប្រាស់ដើម្បីផ្តល់មូលនិធិដល់ការពង្រីកនូវរមណីយដ្ឋានកាសុីណូរបស់ក្រុមហ៊ុន Marina Bay Sands។

ការបោះទុនវិនិយោគសម្រាប់គម្រោងពង្រីកកាសុីណូដ៏ធំនេះត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ចំនួន៨ពាន់លានដុល្លារអាមេរិក បើធៀបនឹងការព្យាករណ៍ដំបូងកាលពីឆ្នាំ២០១៩ ថា នឹងត្រូវការដើមទុនវិនិយោគត្រឹមតែ៣,៤ពាន់លានដុល្លារអាមេរិក។

ផែនការពង្រីកកាសុីណូរបស់ក្រុមហ៊ុន Marina Bay Sands បានកើតមានឡើង ស្របពេលវិស័យទេសចរណ៍របស់ប្រទេសសិង្ហបុរីបានស្ទុះងើបឡើងវិញយ៉ាងគំហុក ចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩បានបញ្ចប់។

កាលពីឆ្នាំ២០២៤កន្លងទៅ ប្រទេសដែនកោះមួយនេះបានទទួលស្វាគមន៍នូវការមកដល់របស់ភ្ញៀវទេសចរណ៍អន្តរជាតិចំនួន១៦,៥លាននាក់ ហក់ឡើង២១ភាគរយធៀបនឹងឆ្នាំ២០២៣ ខណៈភ្ញៀវទេសចរណ៍ភាគច្រើនមានប្រភពមកពីប្រទេសចិន ឥណ្ឌូនេស៊ី និងឥណ្ឌា៕ប្រភព: Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here