ក្រុមអ្នកវិភាគជំរុញឱ្យរដ្ឋបាលទីក្រុងនានារបស់ប្រទេសចិនជួយទិញដីមិនបានប្រើប្រាស់ពីអ្នកអភិវឌ្ឍន៍អចលនទ្រព្យ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត South China Morning Post បានរាយការណ៍ឱ្យដឹងថា រដ្ឋបាលរបស់តំបន់មូលដ្ឋានមួយចំនួននៅក្នុងប្រទេសចិនកំពុងពន្លឿនការទិញដីទំនេរ ឬដីមិនបានប្រើប្រាស់ពីអ្នកអភិវឌ្ឍន៍។

ប៉ុន្តែ ក្រុមអ្នកវិភាគបានជំរុញឱ្យទីក្រុងជាច្រើនទៀតចូលរួមអនុវត្តន៍វិធីសាស្ត្រនេះ ដើម្បីជួយសង្គ្រោះទីផ្សារអចលនទ្រព្យចិន ដែលបានដាំក្បាលចុះ។

កាលពីសប្តាហ៍មុន រដ្ឋបាលក្រុងមួយចំនួននៅខេត្តក្វាងទុង ភាគខាងត្បូងនៃប្រទេសចិនបានបង្ហាញផែនការទិញដីទំនេរពីអ្នកអភិវឌ្ឍន៍ ក្នុងទំហំទឹកប្រាក់សរុបជាង៣៥ពាន់លានយ័ន (ប្រហែល៤,៨ពាន់លានដុល្លារ) តាមរយៈការបោះផ្សាយលក់សញ្ញាបណ្ណពិសេស។

នេះជាចំណាត់ការលើកដំបូងរបស់រដ្ឋបាលមូលដ្ឋាន គិតចាប់តាំងពីអាជ្ញាធរចិនបានប្រកាសអំពីគម្រោងដោះស្រាយការផ្គត់ផ្គង់ដីលំនៅដ្ឋានលើសតម្រូវការនៅក្នុងខែតុលា ឆ្នាំ២០២៤។

យោងតាមទិន្នន័យពីស្ថាប័ន China Index Academy បានបង្ហាញឱ្យដឹងថា “ផែនការខាងលើនេះ រួមមាន ការទិញដីចំនួនជាង១៦០ឡូតិ៍ក្នុងទំហំផ្ទៃក្រឡាសរុបចំនួន៦,៨លានម៉ែត្រការ៉េ។ ដីទាំងនោះអាចមានតម្លៃ៥.១៤៧យ័ន(ប្រហែល៧០៩,៥ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ”។

ដីទំនេរ ឬដីមិនបានប្រើប្រាស់ភាគច្រើនត្រូវបានលក់ឡាយឡុងទៅឱ្យរដ្ឋបាលមូលដ្ឋានរបស់ប្រទេសចិនក្នុងទំហំទឹកប្រាក់ទាបជាងតម្លៃហាងឆេង ដែលអ្នកអភិវឌ្ឍន៍បានទិញកាលពីមុន។នេះបើយោងតាមស្ថាប័ន ​​​​China Index Academy។

លោក Yan Yuejin អនុប្រធានវិទ្យាស្ថានស្រាវជ្រាវអចលនទ្រព្យចិន E-House China Real Estate ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃបានអះអាងថា “ការទិញដីទំនេរបានចាប់ផ្តើមជាផ្លូវការ តាមរយៈការលក់មូលបត្របំណុលពិសេសរបស់រដ្ឋបាលក្នុងតំបន់មូលដ្ឋាននៅឆ្នាំ២០២៥។យើងរំពឹងថា ទីក្រុងជាច្រើនទៀតនឹងចូលរួមអនុវត្តន៍វិធានការនេះ”។

លោកបានបន្ថែមថា “គំនិតផ្តួចផ្តើមនេះនឹងជួយជំរុញឱ្យមានតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការនៅក្នុងទីផ្សារដីធ្លី ក៏ដូចជាផ្តល់លំហូរសាច់ប្រាក់សម្រាប់អ្នកអភិវឌ្ឍន៍ កាត់បន្ថយបន្ទុកហិរញ្ញវត្ថុរបស់អ្នកអភិវឌ្ឍន៍ និងធ្វើឱ្យប្រតិបត្តិការអាជីវកម្មរបស់ពួកគេមានស្ថិរភាព”៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here