ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Vnexpress បានឱ្យដឹងថា រដ្ឋធានីហាណូយ និងទីក្រុងហូជីមិញរបស់ប្រទេសវៀតណាមស្ថិតនៅលំដាប់កំពូល ដោយវ៉ាដាច់ទាំងប្រទេសសិង្ហបុរីទាក់ទងទៅនឹងគម្លាតរវាងតម្លៃផ្ទះ និងប្រាក់ចំណូលជាមធ្យមរបស់កម្មករ។
ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានចេញផ្សាយនូវរបាយការណ៍មួយកាលពីពេលថ្មីៗនេះអំពីគម្លាតរវាងតម្លៃលំនៅដ្ឋាន និងប្រាក់ចំណូលជាមធ្យមសម្រាប់ប្រជាជនម្នាក់ៗរស់នៅតាមបណ្តាទីក្រុងធំៗនៅក្នុងទ្វីបអាស៊ី។
យោងតាមក្រុមហ៊ុន CBRE បានឱ្យដឹងថា ទីក្រុងធំៗចំនួន២នៅប្រទេសវៀតណាម រួមមាន រដ្ឋធានីហាណូយ និងទីក្រុងហូជីមិញ ស្ថិតក្នុងចំណោមទីក្រុងដែលមានភាពខុសគ្នាខ្លាំងរវាងតម្លៃផ្ទះ និងប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់។ ការណ៍នេះមានន័យថា ប្រជាជននៅក្នុងទីក្រុងទាំងពីរពិបាកទិញផ្ទះ ដោយសារកង្វះលទ្ធភាពហិរញ្ញវត្ថុ។
-->
ក្រុមហ៊ុន CBRE បានគូសបញ្ជាក់ថា បច្ចុប្បន្ន អាផាតមុិននៅក្នុងទីក្រុងហាណូយមានតម្លៃ២.៦០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់មានទំហំប្រមាណ៦.៣០០ដុល្លារក្នុងមួយឆ្នាំ ដែលធ្វើឱ្យផលធៀបរវាងប្រាក់ចំណូល និងតម្លៃលំនៅដ្ឋានស្ថិតក្នុងរង្វង់២,៤ដង។
ដោយឡែក អាផាតមុិននៅទីក្រុងហូជីមិញមានតម្លៃចំនួន២.៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ស្របពេលប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់មានទំហំប្រហែល៧.៥០០ដុល្លារក្នុងមួយឆ្នាំ ដែលធ្វើឱ្យផលធៀបរវាងប្រាក់ចំណូល និងតម្លៃលំនៅដ្ឋានស្ថិតក្នុងរង្វង់២,៧ដង។
ចំណែក ផលធៀបរវាងប្រាក់ចំណូល និងតម្លៃលំនៅដ្ឋាននៅទីក្រុងហុងកុង ស្ថិតក្នុងរង្វង់១,៧ដង ខណៈផលធៀបរវាងប្រាក់ចំណូល និងតម្លៃលំនៅដ្ឋាននៅទីក្រុងសេអ៊ូលរបស់ប្រទេសកូរ៉េខាងត្បូងស្ថិតក្នុងរង្វង់២,៣ដង ហើយផលធៀបរវាងប្រាក់ចំណូល និងតម្លៃលំនៅដ្ឋាននៅទីក្រុងម៉ានីលរបស់ប្រទេសហ្វីលីពីនក៏ស្ថិតក្នុងរង្វង់២,៣ដងផងដែរ។
ក្រុមហ៊ុន CBRE បានអះអាងថា លំនៅដ្ឋាននៅទីក្រុងធំៗទាំង២របស់ប្រទេសវៀតណាមនាពេលបច្ចុប្បន្នមានតម្លៃស្មើទៅនឹងប្រទេសជាច្រើននៅក្នុងតំបន់។ ប៉ុន្តែប្រាក់ចំណូលជាមធ្យមរបស់កម្មករវៀតណាមមានកម្រិតទាបជាងបណ្តាប្រទេសជិតខាង។
ជាក់ស្តែង អាផាតមុិននៅទីក្រុងគូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ីមានតម្លៃជាមធ្យមស្មើនឹងអាផាតមុិននៅទីក្រុងហាណូយក្នុងរង្វង់ប្រមាណ២.៦០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ប៉ុន្តែប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់នៅទីក្រុងគូឡាឡាំពួរមានចំនួន២៨.០០០ដុល្លារ ដែលខ្ពស់ជាងទីក្រុងហាណូយចំនួន៤ដង៕ប្រភព: Vnexpress៕
