ស្ថាប័នជំនាញ: តម្លៃជួលការិយាល័យនៅរាជធានីភ្នំពេញនឹងអាចបន្តធ្លាក់ចុះ ខណៈអតិថិជនមានប្រៀបលើការចរចា

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមក្រុមហ៊ុនប្រឹក្សាផ្នែកអចលនទ្រព្យ Knight Frank បានឱ្យដឹងថា ការផ្គត់ផ្គង់ការិយាល័យថ្មីនៅរាជធានីភ្នំពេញបានកើនឡើងតិចតួច ដែលការណ៍នេះបានជំរុញឱ្យម្ចាស់អគារការិយាល័យនានាខិតខំរក្សាអ្នកជួល ដែលមានស្រាប់ និងផ្តល់ការលើកទឹកចិត្តដើម្បីទាក់ទាញអ្នកជួលថ្មី។

ក្រុមហ៊ុន Knight Frank ព្យាករណ៍ថា ក្នុងរយៈពេល៣ឆ្នាំខាងមុខ ការផ្គត់ផ្គង់ការិយាល័យនៅរាជធានីភ្នំពេញនឹងកើនឡើងដល់ចំនួន១.៥៥៧.០៩៨ម៉ែត្រការ៉េ ហក់ឡើង៥៣ភាគរយបើធៀបនឹងទំហំផ្ទៃក្រឡាការិយាល័យដែលមានស្រាប់ចំនួន១.០១៥.៣៨០ម៉ែត្រការ៉េ។

ស្របពេលមានការកើនឡើងនៃការជួល និងការថយចុះនៃការផ្គត់ផ្គង់ថ្មីក្នុងអំឡុងឆមាសទី២ ឆ្នាំ២០២៤ អត្រាគ្របដណ្តប់ការជួលការិយាល័យជាមធ្យមនៅរាជធានីភ្នំពេញបានកើនឡើង២ភាគរយដល់ចំនួន៦១,៤ភាគរយបើប្រៀបធៀបនឹងឆមាសទី២ ក្នុងឆ្នាំ២០២៣។

ប៉ុន្តែ តម្លៃជួលការិយាល័យជាមធ្យមនៅរាជធានីភ្នំពេញបានធ្លាក់ចុះនៅឆមាសទី២ ឆ្នាំមុន។ តួយ៉ាង ការជួលការិយាល័យកម្រិត A មានតម្លៃជាមធ្យមចាប់ពី១៥ដុល្លារដល់២៥ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។

ចំណែក ការជួលការិយាល័យកម្រិត B មានតម្លៃជាមធ្យមចាប់ពី១០ដុល្លារ ដល់១៧ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ខណៈការជួលការិយាល័យកម្រិត C វិញមានតម្លៃជាមធ្យមចាប់ពី៦ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។

អគារការិយាល័យកម្រិត A នឹងគ្របដណ្តប់ចំណែកភាគច្រើននៃការផ្គត់ផ្គង់ការិយាល័យសរុបនៅក្នុងឆ្នាំ២០២៨ខាងមុខ ជាមួយកំណត់ស្តង់ដារថ្មី ដោយផ្តោតលើតំបន់រួម(common spaces) គ្រឿងបរិក្ខារ ការរចនាបែបទំនើប និងទីតាំងចំកណ្តាលទីក្រុង។

ក្រុមហ៊ុន Knight Frank លើកឡើងថា ប្រសិនបើគម្រោងនានាបន្តដំណើរការទៅមុខ ដោយគ្មានអ្វីប្រែប្រួល នោះចំនួនការិយាល័យកម្រិត A នឹងគ្របដណ្តប់ចំណែក៨៨ភាគរយនៃទំហំការិយាល័យថ្មីសរុបនៅរាជធានីភ្នំពេញរវាងឆ្នាំ២០២៥ និងឆ្នាំ២០២៨ ខណៈដែលចំណែក១២ភាគរយទៀតជាការិយាល័យកម្រិតB។

ចំពោះឆ្នាំ២០២៥នេះ ក្រុមហ៊ុនប្រឹក្សាផ្នែកអចលនទ្រព្យ Knight Frank រំពឹងថា ការិយាល័យថ្មីចំនួន១៥៨.៤០៦ម៉ែត្រការ៉េនឹងត្រូវបានចាក់បញ្ចូលទៅកាន់ទីផ្សារ។យ៉ាងណាមិញ Knight Frank មិនបានកត់សម្គាល់ឃើញមានគម្រោងការិយាល័យថ្មីកម្រិត C ណាមួយនៅក្នុងរាជធានីភ្នំពេញនោះឡើយ។

ខណៈកំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករណ៍ថា នឹងបន្តរក្សាបានសន្ទុះវិជ្ជមាននៅឆ្នាំ២០២៥ តម្រូវការការិយាល័យនៅរាជធានីភ្នំពេញនឹងបង្ហាញសញ្ញាវិជ្ជមាន។

យ៉ាងណាមិញ ក្រុមហ៊ុន Knight Frank បានលើកទឹកចិត្តឱ្យម្ចាស់អគារការិយាល័យ(Landlord) កំណត់លក្ខខណ្ឌនៃការចរចាលើតម្លៃជួលប្រកបដោយភាពអាចបត់បែនបានដើម្បីរក្សាអ្នកជួលដែលមានស្រាប់។

ជាលទ្ធផល ក្រុមហ៊ុន Knight Frank ព្យាករណ៍ថា តម្លៃជួលការិយាល័យនឹងអាចបន្តធ្លាក់ចុះ ព្រោះទីផ្សារការិយាល័យនាពេលបច្ចុប្បន្ននៅតែជាទីផ្សាររបស់អ្នកជួល ដែលមានន័យថា អតិថិជនមានប្រៀបខ្ពស់ក្នុងការចរចា៕ប្រភព: Knight Frank៕

LEAVE A REPLY

Please enter your comment!
Please enter your name here