ការលក់លំនៅដ្ឋានក្នុងប្រទេសសិង្ហបុរីនៅដើមឆ្នាំ២០២៥នេះសម្រេចបានស្ថានភាពល្អបំផុត

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការលក់លំនៅដ្ឋាននៅក្នុងប្រទេសសិង្ហបុរីនៅខែមករា ឆ្នាំ២០២៥ បានសម្រេចអត្រានៃការលក់ដាច់បំផុតមិនធ្លាប់មានក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ ខណៈទីផ្សារកំពុងឃ្លាំមើលវិធានការរបស់រដ្ឋាភិបាលសិង្ហបុរីក្នុងការទប់ស្កាត់តម្លៃផ្ទះមិនឱ្យហក់ឡើងកប់ពពក។

យោងតាមទិន្នន័យពីអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង(URA) បានឱ្យដឹងថា បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឯកជននៅក្នុងប្រទេសសិង្ហបុរីបានលក់ចេញលំនៅដ្ឋានចំនួន១.០៨៣យូនីតនៅក្នុងខែមករា ឆ្នាំ២០២៥។

ចំនួននេះមានការកើនឡើងជាង៣ដងបើធៀបនឹងលំនៅដ្ឋានចំនួន៣០៤យូនីត ដែលបានលក់ដាច់កាលពីខែមករា ឆ្នាំ២០២៤។ ស្ថានភាពនៃការលក់ផ្ទះនៅសិង្ហបុរីនាដើមឆ្នាំ២០២៥នេះ ជាស្ថានភាពល្អបំផុតមិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ២០២១មក។

ការស្ទុះងើបឡើងវិញនៃតម្រូវការលំនៅដ្ឋានក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះបានជំរុញឱ្យមានការរំពឹងទុកថា រដ្ឋាភិបាលសិង្ហបុរីនឹងអាចដាក់ចេញនូវចំណាត់ការបន្ថែមទៀតដើម្បីទប់ស្កាត់តម្លៃផ្ទះមិនឱ្យហក់ឡើងថ្លៃខ្ពស់កប់ពពក។

នៅខែមករា គម្រោងលំនៅដ្ឋានថ្មី ដែលមានឈ្មោះថា“Orie” ស្ថិតនៅភាគខាងជើងនៃទីក្រុងសិង្ហបុរីបានបើកសម្ពោធ ដោយលក់ផ្ទះបានប្រមាណ៨៨ភាគរយនៃចំនួនផ្ទះសរុបចំនួន៧៧៧យូនីត។

ការលក់លំនៅដ្ឋាននៅសិង្ហបុរីត្រូវបានគេរំពឹងថា នឹងបន្តកើនឡើង ខណៈគម្រោងធំៗជាច្រើនទៀតគ្រោងបើកសម្ពោធនៅខែកុម្ភៈនេះ រួមទាំងគម្រោងដ៏ធំមួយស្ថិតនៅភាគខាងកើតនៃទីក្រុងសិង្ហបុរី ដែលមានលំនៅដ្ឋានចំនួន១.១៩៣យូនីត។

ការណ៍នេះបានជំរុញឱ្យក្រុមអ្នកវិភាគនៅស្ថាប័នហិរញ្ញវត្ថុធំៗដូចជា ធនាគារ Barclays plc ធនាគារ Citigroup និងធនាគារ Morgan Stanley ធ្វើការព្យាករណ៍អំពីលទ្ធភាពនៃការដាក់ចេញវិធានការថ្មី។

ទីក្រុងសិង្ហបុរីបានដាក់ចេញវិធានការជាច្រើនជាបន្តបន្ទាប់ ដើម្បីធ្វើយ៉ាងណាកុំឱ្យតម្លៃផ្ទះហក់ឡើងខ្ពស់ពេកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងការដំឡើងពន្ធប្រថាប់ត្រាលើអ្នកទិញផ្ទះនៅសិង្ហបុរីជាជនបរទេសដល់ចំនួន៦០ភាគរយក្នុងឆ្នាំ២០២៣។

លោក Desmond Lee រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជាតិបានថ្លែងប្រាប់បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យឯកជនក្នុងខែកុម្ភៈនេះថា “ទីផ្សារអចលនទ្រព្យបានបង្ហាញសញ្ញានៃស្ថិរភាព ដោយសារការចាក់បញ្ចូលការផ្គត់ផ្គង់។ហេតុនេះ រដ្ឋាភិបាល​នឹងមិន​ញញើត​ដៃឡើយក្នុង​ការ​ចាត់​វិធានការ​​បន្ថែម​ទៀត​ ប្រសិន​បើ​ចាំបាច់”៕ប្រភព: Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here