នាយករដ្ឋមន្ដ្រីថៃ: ប្រទេសចិនបង្ហាញចំណាប់អារម្មណ៍ខ្ពស់លើគម្រោងផ្លូវដែកល្បឿនលឿន និងគម្រោងយក្ស Land Bridge

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: នាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra បានបញ្ជាឱ្យបណ្តាក្រសួងពាក់ព័ន្ធនានាពន្លឿនការស្ថាបនាផ្លូវដែកល្បឿនលឿន ខណៈប្រទេសចិនបានផ្តល់អាទិភាពដល់គម្រោងនេះ ដើម្បីកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូន។

លោកស្រីបានលើកឡើងពីវឌ្ឍនភាពនៃគម្រោងផ្លូវរថភ្លើងល្បឿនលឿន និងគម្រោង Land Bridge ដោយកត់សម្គាល់ថា គម្រោងដំណាក់កាលទី១ និងដំណាក់កាលទី២ នៃប្រព័ន្ធរថភ្លើងល្បឿនលឿនកំពុងស្ថិតក្រោមដំណើរការសាងសង់នៅឡើយ។

នៅពេលគម្រោងទាំងមូលត្រូវបានសាងសង់រួចរាល់ ប្រទេសចិន ប្រទេសឡាវ និងថៃ នឹងអាចដឹកជញ្ជូនទំនិញកាន់តែមានប្រសិទ្ធភាព កាត់បន្ថយការចំណាយ ព្រមទាំងបង្កើតឱកាសសម្រាប់សហគ្រាសធុនតូច និងមធ្យមថៃ រួមទាំងកសិករផងដែរ។

លោកស្រី Paetongtarn Shinawatra បានគូសបញ្ជាក់ថា ប្រទេសចិនបានចាត់ទុកគំនិតផ្តួចផ្តើមនេះជាអាទិភាព ហើយភាគីចិនបានជំរុញឱ្យប្រទេសថៃពន្លឿនវឌ្ឍនភាពលើគម្រោងផ្លូវដែកល្បឿនលឿនរបស់ខ្លួន។

ប្រទេសចិនក៏បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគម្រោងខ្នាតយក្ស Land Bridge របស់រដ្ឋាភិបាលថៃ រួមមានការសាងសង់កំពង់ផែទឹកជ្រៅនៅខេត្ត Chumphon និងខេត្ត Ranong និងការស្ថាបនាផ្លូវដែកដើម្បីតភ្ជាប់កំពង់ផែក្នុងខេត្តទាំង២។

ប្រសិន​បើ​គម្រោង​នេះ​សម្រេច​បានជោគជ័យ នោះការ​បង្កើន​ការ​តភ្ជាប់​នឹងផ្តល់​អត្ថប្រយោជន៍​ដល់ប្រទេស​ចិន និង​ប្រទេស​ជិត​ខាងផ្សេងទៀត។

ប្រទេសចិនក៏បានស្នើសុំធ្វើការសិក្សាលទ្ធភាពនៃគម្រោង Land Bridge ដោយទទួលស្គាល់ពីគុណសម្បត្តិ និងសក្តានុពលនៃគម្រោងតម្លៃរាប់ពាន់លានដុល្លារនេះ។ក្នុងន័យនេះ រដ្ឋាភិបាល​ថៃ​បាន​ចាត់​ឱ្យក្រុម​ការងារស្រាវជ្រាវ​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែមដល់ទីក្រុងប៉េកាំង និង​បញ្ចុះបញ្ចូល​អ្នក​វិនិយោគ​ចិនឱ្យចូលមកបណ្តាក់ទុន។

លោកស្រី Paetongtarn បានបញ្ជាក់ទៀតថា គម្រោង Land Bridge នឹងកាត់បន្ថយពេលវេលានៃការនាំចេញបានចំនួន៤ថ្ងៃ និងកាត់បន្ថយថ្លៃដើមអាជីវកម្មចំនួន១៥% ដោយសន្សំសំចៃប្រេងឥន្ធនៈ និងជួយឱ្យអ្នកប្រើប្រាស់ទទួលបានផលិតផលក្នុងតម្លៃកាន់តែសមរម្យ។

លោកស្រីបានបន្ថែមថា “គម្រោងនេះនឹងដើរស្របតាមគំនិតផ្តួចផ្តើមថាមពលបៃតងដើម្បីបង្កើននិរន្តរភាព។ លើសពីនេះ ប្រទេសថៃមានគោលបំណងប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់ ព្រមទាំងបង្កើតការងារ និងជំរុញឱកាសពាណិជ្ជកម្ម”៕ប្រភព: The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here