អ្នកឧកញ៉ាសំ សុខនឿនបង្ហើបពីដីធ្លីនៅខេត្តមួយចំនួនដែលមានសកម្មភាពទិញលក់កំរើកឡើង

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ស្របពេលស្ថានភាពទីផ្សារដីធ្លី ហាក់ស្ថិតក្នុងសភាពទ្រឹង និងកំរើកតិចតួច អ្នកឧកញ៉ាសំ សុខនឿនប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនSAM SN Groupបានលើកឡើងថា ដីធ្លីនៅបណ្តាខេត្តមួយចំនួនកំពុងមានសកម្មភាពទិញ លក់ កំរើកឡើងវិញខ្លះៗ។

    អ្នកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី១៨ កុម្ភៈថា វិស័យអចលនទ្រព្យនៅរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តព្រះសីហនុ កំពត ខេត្តរតៈគិរី មណ្ឌលគិរី កណ្តាល កំពង់ស្ពឺ មានសកម្មភាពទិញ លក់មានការងើបឡើងវិញបន្តិចម្តងៗ ប៉ុន្តែវាមិនហក់ឡើងដូចមុនវិបត្តិកូវីដ១៩ នៅឡើយទេ។

    អ្នកឧកញ៉ាបានប្រៀបប្រដូចស្ថានភាពទីផ្សាបច្ចុប្បន្ន ដូចដំបៅឬការរងរបួសធំមួយ ដែលត្រូវការពេលវេលា ដើម្បីព្យាបាលឲ្យបានជាសះស្បើយ។

    អ្នកឧកញ៉ាសំ សុខនឿនបានបន្តថា ខេត្តកំពង់ស្ពឺ កណ្តាល ជាតំបន់ដែលទីផ្សារដីធ្លីងើបឡើងលឿនជាងគេ បើធៀបនឹងបណ្តាខេត្តផ្សេងៗ ដោយសារខេត្តនេះសម្បូរតំបន់ឧស្សាហកម្ម រោងចក្រ សហគ្រាច្រើន។

    ការវិនិយោគលើតំបន់ឧស្សាហកម្ម រោងចក្រ សហគ្រាសនានាបាននិងកំពុងកើនឡើង ដោយដីនៅតាមតំបន់ឧស្សាហកម្មនានា បានកើនឡើងនូវតម្រូវការ ស្របពេលការវិនិយោគលើតំបន់ឧស្សាហកម្មនានាកំពុងកើនឡើងខ្ពស់កាលពីឆ្នាំ២០២៤ និងនៅឆ្នាំ២០២៥នេះ។

    អ្នកឧកញ៉ាសំ សុខនឿនបានបន្តថា ស្ថានភាពប្រសើរនៃវិស័យអចលនទ្រព្យ អាចត្រូវការរយៈពេល៤ទៅ៥ឆ្នាំទៀត ទើបតម្លៃកើនឡើង ព្រោះទាល់តែមានតម្រូវការកើនឡើងខ្ពស់ ទើបតម្លៃអាចងើបឡើង ប៉ុន្តែការកើនឡើងក្នុងកម្រិតណាមួយនោះ វាអាស្រ័យលើកត្តាជាច្រើនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here