អ្នកធុរកិច្ចចិនចំនួន១៨ក្រុមហ៊ុនមកសិក្សាស្វែងយល់ឱកាស វិនិយោគនៅកម្ពុជា

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី តាមរយៈអ្នកឧកញ៉ាបណ្ឌិតពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារ កាណាឌីយ៉ា ភីអិលស៊ី  បានទទួលជួបពិភា​​​ក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុនចិនចំនួន១៨ មកពីទីក្រុងនីងប៉  ខេត្តចឺជាំង សាធារណរដ្ឋប្រជាមានិតចិន។

គណប្រតិភូនេះ ដឹកនាំដោយលោកស្រី លូ ចឺឈីង (Lu Zhiqiong)  អគ្គនាយកធនាគារនីងប៉  ដែលក្រុមហ៊ុនទាំងនោះមានកម្មវត្ថុអាជីវកម្ម ក្នុងវិស័យមួយចំនួនដូចជាការកែច្នៃកៅស៊ូ ផលិតសម្ភារៈបរិក្ខារពេទ្យ សម្ភារៈឆ្លាតវៃប្រើប្រាស់ក្នុងផ្ទះ សម្លៀកបំពាក់ និងធនាគារ ។ល។

លោកអគ្គលេខាធិការបានមានមតិស្វាគមន៍ ចំពោះគណៈប្រតិភូដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកធ្វើទស្សនកិច្ចសិក្សាផ្ទាល់នៅកម្ពុជា។ លោកបានវាយតម្លៃខ្ពស់ ចំពោះការវិនិយោគរបស់ចិននៅក្នុងប្រទេសកម្ពុជាហើយក៏បានលើកទ្បើង ពីសក្តានុពលក្នុងវិស័យឧស្សាហកម្ម កម្មន្តសាល ការកែច្នៃផលិតផល ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ជាពិសេសកម្ពុជាមានដំណាំយុទ្ធសាស្ត្រជាច្រើន រួមមានស្រូវ ដំទ្បូងមី និងស្វាយចន្ទីជាដើម ដែលទាមទារឱ្យមានការ វិនិយោគកែច្នៃក្នុងស្រុកដើម្បីបង្កើតតម្លៃបន្ថែម។

លោកជា វុទ្ឋីបានជំរុញឱ្យវិនិយោគិនធ្វើការគិតគូរ ក្នុងការបង្កើតខ្សែចង្វាក់ផលិតកម្មក្នុងវិស័យ កសិកម្ម ជាពិសេសការកែច្នៃស្វាយចន្ទីដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ លោកអគ្គលេខាធិការក៏បានជម្រាបជូនគណៈប្រតិភូ ពីស្ថានភាពវិនិយោគនៅកម្ពុជា ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការ វិនិយោគដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន ព្រមទាំងការលើកទឹកចិត្តនានា។

ជាការឆ្លើយតប លោកស្រី លូ ចឺឈីង បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គលេខាធិការ ដែលបានឆ្លៀតពេលមមាញឹកទទួលជួបគណៈប្រតិភូ និងបានជម្រាបជូនយ៉ាងក្បោះក្បាយ ពីបរិយាកាសវិនិយោគនៅកម្ពុជា។

លោកស្រីសង្ឃឹមថាតាមរយៈជំនួបលើកនេះ នឹងធ្វើឲ្យក្រុមហ៊ុនមានចំណាប់អារម្មណ៍កាន់តែខ្លាំង ក្នុងការគិតគូរមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here