ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបាន ស្តាប់បទបង្ហាញអំពីវឌ្ឍនភាពនៃគម្រោងសិក្សាស្រាវជ្រាអំពី “ការបង្កើតកិច្ចសហការសេដ្ឋកិច្ចរួមគ្នា កម្ពុជា-ជប៉ុន តាមរយៈការពង្រីកធុរកិច្ចជប៉ុននៅកម្ពុជា ប្រកបដោយនិរន្តរភាព” និង “គោលនយោបាយតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្មបៃតង សម្រាប់កំណើនផលិតភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ចនៅកម្ពុជា”។
បទបង្ហាញនេះបានធ្វើឡើងកាលពីថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២៥ ក្នុងពេលលោកបានអនុញ្ញាតជូន គណៈប្រតិភូជប៉ុនរួមមាន លោកសាស្រ្តាចារ្យ WATANABE Tetsuya ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (Economic Research Institute for ASEAN and East Asia – ERIA) រួមជាមួយ លោក FUJIOKA Ryosuke ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន(METI) និងជាអគ្គលេខាធិការនៃគណៈកម្មាធិការ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្ម រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន (AMEICC) ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។