ក្រុមហ៊ុនខ្នាតយក្ស CNC Line បានបើកដំណើរការផ្លូវដឹកជញ្ជូនទំនិញដោយផ្ទាល់រវាងចិន និងកម្ពុជា

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនដឹកជញ្ជូនខ្នាតយក្ស CNC Line បានចាប់ផ្តើមបើកដំណើរការសេវាកម្មកប៉ាល់ពាណិជ្ជកម្មខ្នាតតូចថ្មីដើម្បីតភ្ជាប់ដោយផ្ទាល់រវាងតំបន់ភាគខាងត្បូងប្រទេសចិន និងប្រទេសកម្ពុជា។

ការបើកដំណើរការនូវសេវាកម្មថ្មីនេះត្រូវបានគេរំពឹងថា នឹងជួយពន្លឿនការដឹកជញ្ជូនកាន់តែមានប្រសិទ្ធភាពជាងមុន និងអាចជឿទុកចិត្តបានសម្រាប់ក្រុមហ៊ុននាំចេញ ដែលកំពុងបំពេញប្រតិបត្តិការអាជីវកម្មរបស់ខ្លួនក្នុងតំបន់នេះ។

ក្រុមហ៊ុន CNC Line បានលើកឡើងអំពីអត្ថប្រយោជន៍នៃការផ្តល់សេវាកម្មថ្មីនេះ ដែលរួមមានដូចជាការពង្រឹងការតភ្ជាប់ដោយផ្ទាល់រវាងតំបន់ភាគខាងត្បូងប្រទេសចិន និងប្រទេសកម្ពុជា និងកាត់បន្ថយពេលវេលាដឹកជញ្ជូនទៅកាន់ខេត្តព្រះសីហនុ។

នេះជាការបើកដំណើរការសេវាកម្មដឹកជញ្ជូនទំនិញដោយផ្ទាល់ដំបូងបង្អស់របស់ក្រុមហ៊ុន CNC Line រវាងខេត្ត Yantian នៅភាគខាងត្បូងនៃប្រទេសចិន និងខេត្តព្រះសីហនុរបស់កម្ពុជា ដោយផ្តល់ជូននូវជម្រើសថ្មី និងគួរឱ្យទុកចិត្តសម្រាប់ក្រុមហ៊ុននាំចេញ។

សេវាកម្មនេះនឹងជួយធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ តាមរយៈកាត់បន្ថយពេលវេលា និងថ្លៃដើមនៃការដឹកជញ្ជូនទំនិញដោយផ្ទាល់រវាងប្រទេសចិន និងកម្ពុជា។

ចំនួនកុងតឺន័រ ដែលបានឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុបានកើនឡើងដល់កម្រិតខ្ពស់បំផុតចំនួន ១លាន TEUs នៅចុងឆ្នាំ២០២៤ ហក់ឡើងជាង២៩ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៣។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាកំពង់ផែសមុទ្រទឹកជ្រៅដំបូងបង្អស់របស់កម្ពុជា។ កំពង់ផែនេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា តាមរយៈការទទួលបានប្រាក់ចំណូលពីការកើនឡើងនៃបរិមាណទំនិញ និងកុងតឺន័រឆ្លងកាត់៕ប្រភព: CNC Line៕

LEAVE A REPLY

Please enter your comment!
Please enter your name here