ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាក្រុមហ៊ុនអាកាសចរណ៍ធំៗលើពិភពលោក ដូចជាក្រុមហ៊ុន Airbus ក្រុមហ៊ុន Rolls-Royce ក្រុមហ៊ុន Collins Aerospace និងក្រុមហ៊ុន Pratt & Whitney កំពុងស្វែងរកប្រភពផ្គត់ផ្គង់គ្រឿងបន្លាស់បន្ថែមពីប្រទេសឥណ្ឌា។
ការណ៍នេះបានរួមចំណែកដល់ភាពរីកចម្រើននៃទីផ្សារអវកាសក្នុងប្រទេសឥណ្ឌា និងជួយបង្កើនសមត្ថភាពផលិតកម្មរបស់បណ្តាក្រុមហ៊ុនឥណ្ឌាក្នុងស្រុក ដើម្បីបំពេញតម្រូវការរបស់បណ្តាក្រុមហ៊ុនផលិតយន្តហោះលោកខាងលិច។
ក្រុមហ៊ុនឥណ្ឌា HiCal Technologies ដែលមានមូលដ្ឋាននៅទីក្រុង Bengaluru ស្ថិតក្នុងចំណោមបណ្តាក្រុមហ៊ុនឥណ្ឌាផ្សេងទៀត ដែលទទួលបានអត្ថប្រយោជន៍ពីនិន្នាការខាងលើ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
-->
លោក Yashas Jaiveer Shashikiran នាយកគ្រប់គ្រងក្រុមហ៊ុន HiCal Technologies បានលើកឡើងថា ក្រុមហ៊ុន HiCal Technologies ជាអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ដល់ក្រុមហ៊ុនផលិតយន្តហោះសហរដ្ឋអាមេរិក Boeing និងបណ្តាក្រុមហ៊ុនផលិតយន្តហោះធំៗផ្សេងទៀត។
លោកបន្តថា ក្រុមហ៊ុន HiCal Technologies គ្រោងនឹងបង្កើនគោលដៅប្រាក់ចំណូលពីទីផ្សារអវកាសរបស់ខ្លួនក្នុងរយៈពេល៣ឆ្នាំខាងមុខ ឱ្យមានការកើនឡើងទ្វេរដងដល់ទំហំទឹកប្រាក់៥ពាន់លានរូពី(ប្រហែល៥៧,៥៧លានដុល្លារអាមេរិក)។
នាយកគ្រប់គ្រងក្រុមហ៊ុនឥណ្ឌារូបនេះ បានមានប្រសាសន៍ឱ្យដឹងបន្តថា លោកបានចំណាយពេលប្រមាណ២០ឆ្នាំនៅក្នុងក្រុមហ៊ុននេះ ដើម្បីឈានដល់ចំណុចដូចពេលបច្ចុប្បន្ន។ លោកបង្ហាញសុទិដ្ឋិនិយមថា ក្រុមហ៊ុននឹងសម្រេចបានអត្រាកំណើនប្រាក់ចំណូលចន្លោះពី៣០ភាគរយ ទៅ៤០ភាគរយជារៀងរាល់ឆ្នាំ៕ប្រភព: Reuters៕
