វិបត្តិទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសចិនកំពុងបន្តអូសបន្លាយឈានចូលដល់ឆ្នាំទី៥

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ស្របពេលទីផ្សារអចលនទ្រព្យបន្តដាំក្បាលចុះ ប្រជាជនចិនជាច្រើនដែលប្រឈមមុខនឹងសម្ពាធផ្នែកហិរញ្ញវត្ថុ បានបង្ខំចិត្តដាក់លក់អចលនទ្រព្យរបស់ពួកគេ។ ជាមួយគ្នានេះ បណ្តាក្រុមហ៊ុនអចលនទ្រព្យជាច្រើនកំពុងស្ថិតក្នុងដំណាក់កាលមួយដ៏លំបាកបំផុត ដោយសារទំហំបំណុលកើនឡើង។

ហេតុអ្វីបានជាវិស័យអចលនទ្រព្យនៅក្នុងប្រទេសចិនមិនទាន់ស្ទុះងើបឡើងវិញ?។

មានទីស្នាក់ការកណ្តាលនៅទីក្រុងសុិនជិន ខេត្តក្វាងទុង ប្រទេសចិន ហើយបានចុះបញ្ជីនៅលើផ្សារហ៊ុនក្រុងសុិនជិន ចាប់តាំងពីឆ្នាំ១៩៩១ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Vanke ត្រូវបានគេស្គាល់យ៉ាងច្បាស់ ដោយសារក្រុមហ៊ុននេះបានបោះទុនលើគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាននៅក្នុងទីក្រុងធំៗជាច្រើន ទូទាំងប្រទេសចិន។

ស្របពេលក្រុមហ៊ុនអចលនទ្រព្យផ្សេងទៀតបានជួបភាពក្ស័យធនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមអ្នកវិភាគបានព្យាករណ៍ថា ក្រុមហ៊ុន Vanke នឹងអាចជៀសផុតពីការក្ស័យធន ដោយសារក្រុមហ៊ុននេះមានទំនាក់ទំនងជិតស្និទ្ធជាមួយសហគ្រាសគ្រប់គ្រងដោយរដ្ឋាភិបាលចិន។

យ៉ាងណាមិញ កាលពីឆ្នាំ២០២៤ ក្រុមហ៊ុនយក្ស China Vanke ដែលមានបុគ្គលិកប្រមាណ១៣០.០០០នាក់ បានប្រឈមមុខនឹងការជំពាក់បំណុលដ៏ច្រើន ខណៈប្រាក់ចំណូលរបស់ខ្លួនបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល១០ឆ្នាំ។

ទន្ទឹមនឹងការប្រកាសអំពីការខាតបង់នោះ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន China Vanke ក៏បានប្រកាសលាលែងពីមុខតំណែងផងដែរ។

ទោះបីជាព្យាយាមរើបម្រាស់ខ្លួនចេញពីវិបត្តិអចលនទ្រព្យក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះយ៉ាងណាក្តី ក៏ក្រុមហ៊ុន Vanke នៅតែមិនអាចគេចផុត។

នៅថ្ងៃទី១០ ខែកុម្ភៈ ក្រុមហ៊ុនប្រតិបត្តិករផ្លូវក្រោមដីរដ្ឋចិន Shenzhen Metro Group ដែលជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ក្រុមហ៊ុន Vanke បានឯកភាពផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុន Vanke ចំនួន២,៨ពាន់លានយ័ន(ប្រហែល៣៨៣លានដុល្លារ)ដើម្បីបំពេញកាតព្វកិច្ចទូទាត់បំណុលរបស់ខ្លួន។

តើរដ្ឋាភិបាលចិនបានធ្វើការអន្តរាគមន៍អ្វីខ្លះដើម្បីជួយសង្គ្រោះទីផ្សារអចលនទ្រព្យ?។

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយស្ថានការណ៍ និងទម្លាយវិបត្តិជាប់គាំងមួយនេះ ទីក្រុងប៉េកាំងបានប្រកាសដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដោយបានផ្តោតលើការជំរុញការផ្តល់ប្រាក់កម្ចី សម្រាប់ក្រុមហ៊ុនអចលនទ្រព្យ តាមរយៈការបោះផ្សាយលក់សញ្ញាបណ្ណ។

រដ្ឋាភិបាលចិនក៏បានកែសម្រួលបទប្បញ្ញត្តិហិរញ្ញវត្ថុ និងការប្រើប្រាស់ដើមទុន ដើម្បីជួយដល់ក្រុមហ៊ុនអចលនទ្រព្យនានាឱ្យបញ្ចប់គម្រោងដែលមិនទាន់រួចរាល់។

ថ្មីៗ​នេះ ទីក្រុង​ប៉េកាំង​បាន​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​លើប្រាក់កម្ចី​ទិញ​ផ្ទះ ព្រមទាំងបន្ធូរ​បន្ថយ​ការ​រឹត​បន្តឹង​ការ​ទិញ​ផ្ទះ​នៅ​ក្នុង​ទីក្រុង​ធំៗ និង​កាត់​បន្ថយ​ពន្ធ​អចលនទ្រព្យ។

ទោះជាយ៉ាងណាក្តី វិធានការទាំងនេះមិនទាន់គ្រប់គ្រាន់ឡើយ ដើម្បីអូសទាញទីផ្សារអចលនទ្រព្យចេញពីភាពជាប់គាំង ដែលនាំឱ្យវិបត្តិនេះបន្តអូសបន្លាយដល់ឆ្នាំទី៥ ដោយគ្មានសញ្ញាណាមួយបង្ហាញពីការងើបឡើងវិញនោះទេ។

ប្រឈមមុខនឹងវិបត្តិអចលនទ្រព្យ ទីក្រុងប៉េកាំងត្រូវបានគេរាយការណ៍ថា កំពុងពិចារណាដាក់ចេញវិធានការអន្តរាគមន៍កាន់តែស៊ីជម្រៅបន្ថែមទៀត។

កាសែត Bloomberg បានរាយការណ៍ថា អាជ្ញាធរចិនបានពិចារណាលើសំណើដែលនឹងអនុញ្ញាតឱ្យទីក្រុងធំៗដូចជា ទីក្រុងសៀងហៃ និងទីក្រុងប៉េកាំង បន្ធូរបន្ថយការរឹតបន្តឹងលើអ្នកទិញផ្ទះដោយមិនមានការចុះបញ្ជីគ្រួសារ។

ជាមួយគ្នានេះ ធនាគារកណ្តាលចិន (PBOC) ត្រូវបានគេរំពឹងថា នឹងទាញទម្លាក់អត្រាការប្រាក់គោលរបស់ខ្លួនបន្ថែមទៀតពីអត្រា១,៥ភាគរយនាពេលបច្ចុប្បន្ន។

ទីក្រុងប៉េកាំងក៏នឹងផ្តោតការយកចិត្តទុកដាក់លើការលើកកំពស់ការប្រើប្រាស់ក្នុងស្រុក ដើម្បីទប់ទល់នឹងភាពមិនច្បាស់លាស់នៃកត្តាខាងក្រៅ ជាពិសេសភាពតានតឹងផ្នែកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ វិធានការជាក់លាក់នឹងត្រូវបានលើកយកមកពិភាក្សានៅក្នុងសម័យប្រជុំពេញអង្គរបស់ប្រទេសចិនក្នុងខែមីនាខាងមុខ៕ប្រភព:SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here