រដ្ឋាភិបាលឥណ្ឌូនេសុីគ្រោងបង្កើនប្រាក់ចំណូលពន្ធឱ្យកើនឡើងដល់ចំណែក១៨ភាគរយនៃទំហំ GDP

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Jakarta Globe បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលឥណ្ឌូនេស៊ី​បានបង្ហាញនូវក្តីសង្ឃឹម​ថា​ ប្រទេសឥណ្ឌូនេសុីនឹង​អាចបង្កើនផលធៀបរវាងចំណូលពន្ធ និងផលទុនជាតិសរុបឱ្យមានកម្រិតដូចទៅនឹង​ប្រទេស​កម្ពុជា​។​

ទោះបីជាឥណ្ឌូនេសុីជាប្រទេសមានទំហំសេដ្ឋកិច្ចធំជាងគេលេខ១នៅតំបន់អាស៊ានយ៉ាងណាក្តី ក៏ប៉ុន្តែផលធៀបរវាងចំណូលពន្ធធៀបទៅនឹងផលទុនជាតិសរុប (Tax-to-GDP Ratio) របស់ប្រទេសឥណ្ឌូនេស៊ីមានកម្រិតទាបខ្លាំងណាស់ បើធៀបនឹងបណ្តាប្រទេសជិតខាងក្នុងតំបន់អាស៊ាន។
លោក Hashim Djojohadikusumo ប្រេសិតរបស់ប្រធានាធិបតីឥណ្ឌូនេសុីបាន​អះអាង​ថា “ផែនការ​​កំពុងត្រូវបានរៀបចំដើម្បី​ដំឡើងផលធៀបរវាងចំណូល​ពន្ធ​ធៀបទៅ​នឹង GDP ​របស់​ឥណ្ឌូណេស៊ី យ៉ាងហោចណាស់​ឱ្យ​ស្មើ​នឹង​ប្រទេសកម្ពុជា​”។

តាមរយៈការគណនាផលធៀបនេះ គេអាចធ្វើការវាស់វែងប្រាក់ចំណូលពន្ធរបស់ប្រទេសមួយ ធៀបទៅនឹងទំហំនៃសេដ្ឋកិច្ចរបស់ប្រទេសនោះ។

លោក Hashim បាន​ថ្លែងទៅកាន់កិច្ច​ប្រជុំ​កំពូល​ស្តីពីសេដ្ឋកិច្ច​ឥណ្ឌូនេស៊ី​នៅ​ទីក្រុង​ហ្សាការតា ថា“ឥណ្ឌូនេស៊ីជាប្រទេសមួយ ដែលមានអត្រាពន្ធទាបបំផុតលើពិភពលោក។រដ្ឋាភិបាល​នឹង​អនុវត្ត​ន៍កម្មវិធី​មួយ​ចំនួន​ក្នុង​ពេល​ឆាប់​ៗ​នេះ​ដើម្បី​បង្កើន​ប្រាក់​ចំណូល​ពន្ធ”។

លោក Hashim បានបន្តថា “យើងមានគោលដៅដំឡើងផលធៀបរវាងប្រាក់ចំណូលពន្ធធៀបនឹង GDP ឱ្យដល់កម្រិតដូចទៅនឹងប្រទេសកម្ពុជាចំនួន១៨ភាគរយ”។

តួយ៉ាង ប្រាក់ចំណូលពន្ធ ដែលកម្ពុជាប្រមូលបាន កាលពីឆ្នាំ២០២០កន្លងទៅមានចំណែកស្មើនឹងចំនួន១៨ភាគរយនៃទំហំផលទុនជាតិសរុបរបស់កម្ពុជា។

យោងតាមទិន្នន័យថ្មីចុងក្រោយបង្អស់របស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD) បានបង្ហាញថា ផលធៀបរវាងចំណូលពន្ធជាមួយនឹង GDP របស់កម្ពុជាគិតត្រឹមឆ្នាំ២០២២ មានអត្រា១៤,៧ភាគរយ ខណៈដែលប្រទេសវៀតណាមមានអត្រា១៩ភាគរយ។

លោក Hashim បានអះអាងថា លោកប្រធានាធិបតី Prabowo Subianto គ្រោងបង្កើនការប្រមូលពន្ធពីសេដ្ឋកិច្ចស្រមោល(shadow Economy)។ ពាក្យសេដ្ឋកិច្ចស្រមោលនេះសំដៅលើសកម្មភាពសេដ្ឋកិច្ច ដែលមិនត្រូវបានចុះបញ្ជីជាមួយរដ្ឋាភិបាល៕ប្រភព: Jakarta Globe៕

LEAVE A REPLY

Please enter your comment!
Please enter your name here