ដំណឹងល្អៈ ក្រុមហ៊ុនរបស់មហាសេដ្ឋីElun Musk សិក្សាឱកាស វិនិយោគនៅកម្ពុជា

0

ភ្នំពេញៈ ក្រុមហ៊ុន Starlink – SpaceX របស់មហាសេដ្ឋីElun Musk បានជ្រើសរើសកម្ពុជាជាទិសដៅអាទិភាពនៅឆ្នាំនេះ និងចាប់ផ្តើមសិក្សាឱកាសវិនិយោគនៅប្រទេសនេះ។

ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងជំនួបរបស់ លោកស្រី Rebecca Hunter នាយិកាផ្នែកទីផ្សារនៃក្រុមហ៊ុន Starlink – SpaceX និងសហការី ដែលត្រូវបានអនុញ្ញាត្តឲ្យចូលជួបសម្តែងការគួរសមជាមួយសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីថ្ងៃទី២០ កុម្ភៈ និងក្នុងជំនួបជាមួយលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.)នៅថ្ងៃទី២១ កុម្ភៈនេះ។

ក្នុងជំនួបរសៀលនេះ លោកស្រីនាយិកាផ្នែកទីផ្សារបានជម្រាប លោកឧបនាយករដ្ឋមន្ត្រី ឱ្យបានជ្រាបថា ទស្សនកិច្ចមកកម្ពុជានាឱកាសនេះ ក្រុមហ៊ុន Starlink – SpaceX បានកំណត់ទិសដៅក្នុងការផ្សារភ្ជាប់ ទំនាក់ទំនងជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការស្នើសុំជួបជែកពិភាក្សា ជាមួយប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់ នៅតាមបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងសិក្សាស្វែងយល់ បន្ថែមអំពីបច្ចុប្បន្នភាព និងបរិយាកាសនៃការវិនិយោគលើការធ្វើទំនើបកម្មបច្ចេកវិទ្យា ដើម្បីបានជាមូលដ្ឋានក្នុងការពិនិត្យលទ្ធភាព និងឱកាសក្នុងការវិនិយោគ។

លោកស្រីក៏បានបន្ថែមថា កម្ពុជា គឺជាគោលដៅអាទិភាពមួយក្នុងចំណោមគោលដៅវិនិយោគ របស់ក្រុមហ៊ុនខ្លួននៅក្នុងឆ្នាំ២០២៥ នេះ។

លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល បានសម្ដែងនូវការស្វាគ​មន៍ និងក្ដីសោមនស្សរីករាយចំពោះក្រុមហ៊ុន ដែលមានចំណាប់អារ​ម្មណ៍លើកម្ពុជា ក្នុងការជ្រើសរើសជាទីតាំង ស្វែងរកឱកាសវិនិយោគនៅក្នុងផែនការរបស់ខ្លួន។

ឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមអំពី ការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ដែលជាអាទិភាពគន្លឹះមួយ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា នាពេលបច្ចុប្បន្នផងដែរ។

កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅលោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញដឹកនាំគណៈប្រតិភូ ទៅធ្វើទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន SpaceX ដែលមានទីតាំងស្ថិតក្នុងតំបន់ Hawthorne ដើម្បីសិក្សាស្វែងយល់បន្ថែម អំពីទំនើបកម្មបច្ចេកវិទ្យាទំនើបថ្មីៗ ប្រព័ន្ធប្រតិបត្តិការផ្កាយរណប ក៏ដូចជារបៀបរបបនៃការបង្កើនប្រសិទ្ធភាពការងារ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗជាច្រើនរបស់ក្រុមហ៊ុន ជាពិសេស ប្រតិបត្តិការក្រុមផ្កាយរណប Starlink ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here