តើគ្រួសារមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេទាំង៥នៅតំបន់អាសុី បោះទុនវិនិយោគក្នុងវិស័យអ្វីខ្លះ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: គ្រួសារមហាសេដ្ឋីនៅក្នុងតំបន់អាសុីសុទ្ធតែគ្រប់គ្រងបណ្តាក្រុមហ៊ុនអាជីវកម្មធំៗ ដូចជាក្រុមហ៊ុនវិនិយោគលើអចលនទ្រព្យ ការលក់រាយ បច្ចេកវិទ្យា និងថាមពល។ នេះបើយោងតាមការចុះផ្សាយដោយកាសែត ​​Bloomberg។

ខាងក្រោមនេះជាបញ្ជីគ្រួសារមហាសេដ្ឋី ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតទាំង៥ នៅក្នុងតំបន់អាសុីសម្រាប់ឆ្នាំ២០២៥៖

ទី១: គ្រួសារ Ambani នៅប្រទេសឥណ្ឌា។

គ្រួសាររបស់លោក Mukesh Ambani ដែលគ្រប់គ្រងក្រុមហ៊ុនខ្នាតយក្សឥណ្ឌា Reliance Industries ជាគ្រួសារដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅតំបន់អាស៊ី ចំនួន៩០,៥ពាន់លានដុល្លារអាមេរិក។

បច្ចុប្បន្ន លោក Mukesh កំពុងកាន់មុខតំណែងជាប្រធានរបស់ក្រុមហ៊ុន Reliance Industries ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងបុមបៃប្រទេសឥណ្ឌា។ លោក Mukesh ស្នាក់នៅក្នុងអគារលំនៅដ្ឋានកម្ពស់២៧ជាន់ ដែលត្រូវបានគេចាត់ទុកថាជា ផ្ទះឯកជនដ៏មានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោក។

ក្រុមហ៊ុននេះបានបើកដំណើរការរោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតរបស់ពិភពលោក ហើយកំពុងធ្វើពិពិធកម្មទៅលើផ្នែកបច្ចេកវិទ្យា ការលក់រាយ សេវាហិរញ្ញវត្ថុ និងថាមពលកកើតឡើងវិញ។

ទី២: គ្រួសារ Chearavanont នៅប្រទេសថៃ។

គ្រួសារ Chearavanons ជាប់ចំណាត់ថ្នាក់លេខ២ ដែលមានទំហំទ្រព្យសម្បត្តិសរុបចំនួន៤២,៦ពាន់លានដុល្លារ។

លោក Chia Ek Chor ដែលជាដូនតាគ្រួសារ Chearavanons បានធ្វើចំណាកស្រុកទៅកាន់ប្រទេសថៃ ដើម្បីភៀសខ្លួនពីគ្រោះមហន្តរាយបណ្តាលមកពីព្យុះទីហ្វុង ដែលបានបំផ្លិចបំផ្លាញភូមិឋានរបស់លោកស្ថិតនៅភាគខាងត្បូងនៃប្រទេសចិន។ លោកបានចាប់ផ្តើមលក់គ្រាប់ពូជបន្លែក្នុងប្រទេសថៃនៅឆ្នាំ១៩២១។

ក្នុងរយៈពេល១០០ឆ្នាំក្រោយមក កូនប្រុសរបស់លោក Chia Ek Chor ដែលមានឈ្មោះថា “Dhanin Chearavanont”បានដឹកនាំក្រុមហ៊ុន Charoen Pokphand Group ក្នុងឋានៈជាប្រធានជាន់ខ្ពស់ ដោយមើលការខុសត្រូវលើក្រុមហ៊ុន ដែលបោះទុនវិនិយោគលើផ្នែកម្ហូបអាហារ ការលក់រាយ និងទូរគមនាគមន៍មួយនេះ។

ទី៣: គ្រួសារ Hartono នៅប្រទេសឥណ្ឌូនេស៊ី។

ចំណាត់ថ្នាក់ទី៣បានទៅលើគ្រួសារ Hartonos ដែលគ្រប់គ្រងក្រុមហ៊ុនផលិតបារី Djarum និងកាន់កាប់ភាគហ៊ុនដ៏ធំនៅក្នុងធនាគារ Bank Central Asia។

គ្រួសារ Hartono ជាម្ចាស់ក្រុមហ៊ុនផលិតបារីឈានមុខគេក្នុងប្រទេសឥណ្ឌូនេស៊ី ដែលមានទំហំទ្រព្យសម្បត្តិសរុបចំនួន៤២,២ពាន់លានដុល្លារអាមេរិក។

ទី៤: គ្រួសារ Mistry នៅប្រទេសឥណ្ឌា។

គ្រួសារ Mistry ជាប់ចំណាត់ថ្នាក់ជាគ្រួសារមហាសេដ្ឋី ដែលមានទំហំទ្រព្យសម្បត្តិច្រើនជាងគេបំផុតលំដាប់ទី៤ នៅក្នុងតំបន់អាសុីចំនួន៣៧,៥ពាន់លានដុល្លារ។

ជីតារបស់លោក Pallonji Mistry បានបង្កើតក្រុមហ៊ុនអាជីវកម្មសំណង់នៅប្រទេសឥណ្ឌា ដោយសហការជាមួយជនជាតិអង់គ្លេសនៅឆ្នាំ១៨៦៥ ដែលជាការចាប់ផ្តើមដំបូងនៃសហគ្រាសរបស់គ្រួសារមួយនេះ។

សព្វថ្ងៃនេះ លោក Pallonji Mistry ប្រធានក្រុមហ៊ុន Shapoorji Pallonji Group បានបោះទុនវិនិយោគនៅក្នុងវិស័យជាច្រើន ជាពិសេសផ្នែកវិស្វកម្ម និងសំណង់។

ទី៥: គ្រួសារ Kwok នៅក្នុងទីក្រុងហុងកុងនៃប្រទេសចិន។

គ្រួសារ Kwoks ជាប់ចំណាត់ថ្នាក់ជាគ្រួសារមហាសេដ្ឋី ដែលមានទំហំទ្រព្យសម្បត្តិច្រើនជាងគេបំផុតលំដាប់ទី៥ នៅក្នុងតំបន់អាសុី ចំនួន៣៥,៦ពាន់លានដុល្លារ។

នៅឆ្នាំ១៩៧២ លោក Kwok Tak-seng ស្ថាបនិកនៃក្រុមហ៊ុន Sun Hung Kai Properties បានសម្រេចចុះបញ្ជីក្រុមហ៊ុននេះជាសាធារណៈ។

ការណ៍នេះបានជំរុញក្រុមហ៊ុន Sun Hung Kai Properties ក្លាយជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេមួយនៅក្នុងទីក្រុងហុងកុង និងជាប្រភពទ្រព្យសម្បត្តិដ៏ចម្បងរបស់គ្រួសារ Kwok នាពេលបច្ចុប្បន្ន៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here