ដំណឹងល្អៈ ក្រុមហ៊ុនSingapore Airlineបើកជើងហោះហើរត្រង់ពីកម្ពុជា ទៅកាន់អាមេរិកតែដូរជើងហោះហើរនៅសិង្ហបុរី

0

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ ​ក្រុមហ៊ុន​អាកាស​ចរណ៍ដ៏​ល្បី​ឈ្មោះ របស់​សិង្ហបុរី Singapore Airlines បាន​ប្រកាស​ពី​ការ​ចាប់​ផ្តើម​បើក​លក់​កន្លែង​អង្គុយ​ប្រភេទ Premium Economy Class ក្នុងការហោះហើរត្រង់ពីកម្ពុជាទៅកាន់សដហរដ្ឋអាមេរិក។

យោងតាមគេហទំព័រ​ផ្លូវ​ការ​របស់ Singapore Airlines បានឲ្យដឹងកាលពី​សប្តាហ៍​មុន​ថា ដើម្បី​ផ្តល់​មានភាពទាន់សម័យ និង​ផ្តល់ផាសុ​កភាព​ដល់​អតិថិជន ក្រុមហ៊ុន​ Singapore Airlines បាន​នាំមក​នូវ​អត្ថប្រយោជន៍ជាច្រើន ​ពី​កន្លែង​អង្គុយ​ប្រភេទ​ Premium Economy Class ដែលមានកៅអីធំទូលាយ និងសេវាកម្មជាច្រើនផ្សេងទៀត។

ការ​កក់​កៅអី​ប្រភេទ​ Premium Economy Class គឺ​អតិថិជន​នឹង​ទទួល​បាន​នូវតម្លៃ​ហោះហើរ​ពិសេស​ ហើយ​ក៏​អាច​ធ្វើ​ការ​ជ្រើសរើសប្រភេទ​មុខ​ម្ហូប ដែល​ខ្លួន​ពេញចិត្ត​​ជាមុន តាមរយៈ​មុខងារBook the Cook» និងប្រើប្រាស់Wi-Fiឥតគិតថ្លៃ សម្រាប់សមាជិក KrisFlyer ផងដែរ​។

ការ​ហោះហើររបស់​ក្រុមហ៊ុន Singapore Airlines ​ពីកម្ពុជា​ដោយចាប់ផ្តើមពី អាកាស​យានដ្ឋាន​អន្តរជាតិ​​ភ្នំពេញ/សៀមរាប) ទៅ​អាមេរិក ជា​មធ្យម​មាន​៤៤ជើង​ក្នុង​ ១​សប្តាហ៍​ ដោយ​ចុះចត​នៅ​​ទីក្រុង​សំខាន់​ៗ​​ដូចជា ញ៉ូវយ៉ក សាន់ហ្វ្រាន់ស៊ីស្កូ ហ៊ូស្តុន និង​ស៊ីអាថល។ ការ​ហោះហើរ​នេះ ​នឹង​មាន​ការ​ប្តូរ​ជើងហោះហើរ នៅអាកាសយាដ្ឋាន​សិង្ហបុរី។

ក្រុមហ៊ុន Singapore Airlinesបានឲ្យដឹងថា ការ​លក់​សំបុត្រ គឺបើក​​ចាប់ពីពេល​នេះ រហូតដល់ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២៥ ចំណែក​ការ​ចេញដំណើរគឺ​ចាប់​ពី​ពេល​នេះ ​ដល់​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០២៥។

ប្រធាន​សមាគមទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានមានប្រសាសន៍ថា នៅ​ពេលប្រទេស​មួយ​​មាន​ជើង​ហោះហើរច្រើន​ជាតិ និង​អន្តរ​ជាតិ​កាន់​តែ​ច្រើន មាន​សុវត្ថិភាព​ខ្ពស់ និង​តម្លៃ​សមរម្យ គឺ​ប្រាកដ​ជា​នឹង​អាច​ទាក់​ទាញ​ ឱ្យ​មាន​ការ​ធ្វើ​ដំណើរ​កាន់​តែ​ច្រើន​។

បច្ចុប្បន្ន​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ បាន​ចាប់​ផ្តើម​ល្អ​ប្រសើរ​ឡើង​វិញ​​បណ្តើរៗ​ហើយ បន្ទាប់​ពី​ធ្លាក់​ចុះ​យ៉ាង​គំហុក​​​ក្នុង​រយៈ​ពេល​ប្រមាណ៤ឆ្នាំ ​ដោយ​សារ​​វិបត្តិ​ជំងឺ​កូវីដ​១៩​។

លោកស្រី​ថ្លែង​ថា “​នៅ​ពេល​ការ​​ធ្វើ​ដំណើរ​ កាន់​តែ​​ងាយ​ស្រួល និង​ការ​ចំណាយ​ទាប គឺ​ប្រាកដ​ជា​ចំនួន​ភ្ញៀវ​កើន​ឡើង​​។ ជន​ជាតិ​អាមេរិក ​គឺ​ជា​ភ្ញៀវ​ទេសចរដែល​មាន​សក្តានុពល ​សម្រាប់​គ្រប់​ប្រទេស​លើ​ពិភពលោក”។

ដើម្បី​បង្កើន​ភាព​​ទាក់​ទាញ និង​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវជាតិ និង​អន្តរជាតិ​ឱ្យ​​កាន់តែ​​​ងាយ​ស្រួល ប្រទេស​កម្ពុជា​បាន​និង​កំពុង​ខិត​ខំជំរុញ​ការ​វិនិយោគ​លើ​គ្រប់​វិស័យ ក្នុង​នោះ​វិស័យ​ហេដ្ឋារចនា​សម្ព័ន​តាម​ផ្លូវ​អាកាស​ ក៏​កំពុង​បោះ​ជំហាន​ទៅ​មុខ​លឿនផងដែរ​។

តាម​ផែនការ​នៅ​ក្នុង​ខែ​កក្កដា ខាង​មុខ កម្ពុជា​នឹង​បើក​សម្ពោធ​ឱ្យ​ដំណើរ​ការ​ជាផ្លូវ​ការ​ អាកាសយានដ្ឋានអន្តរជាតិតេជោ(ភ្នំពេញថ្មី) ដែលអាកាស​យានដ្ឋាន​ថ្មី​នេះ​(​លំដាប់ 4F) ​អាច​អនុញ្ញាត​ឱ្យ​យន្តហោះ​ខ្នាត​ធំ​បំផុត​របស់​ពិភពលោក​ដូច​ជា យន្តហោះ​ប៊ូ​អ៊ី​ង៧៤៧-៨០០ និង​អ៊ែ​ប៊ូ​ស អេ​៣៨០-៨០០ ចុះ​ចត​បាន។

តាម​ផែនការ​ការ​សាងសង់ ​អាកាស​យានដ្ឋាន​អន្តរជាតិ​តេជោ គឺ​មាន៣ដំណាក់​កាល ដោយ​ដំណាក់​កាល​ទី ១ ក្រុមហ៊ុន​សាង​សង់​ផ្លូវ​រត់​ចម្ងាយ៤គីឡូម៉ែត្រ ​សម្រាប់​ចុះចត​យន្តហោះ​ខា្នតធំ​ប្រភេទ 4F ដែល​មាន​សមត្ថភាព​ ទទួល​អ្នក​ដំណើរ​បាន​ឆ១៥លាន​នាក់​ក្នុង ១ ឆ្នាំ នៅ​ត្រឹម​ឆ្នាំ២០៣០។

​ដំណាក់កាល​ទី២ ក្រុមហ៊ុន​នឹង​ពង្រីក​សាងសង់​ផ្លូវ​រត់​ចំនួន ២ ស្រប​គ្នា​ ដែល​អាច​ទទួល​អ្នក​ដំណើរ​បាន​រហូត​ដល់៣០ លាន​នាក់ ក្នុង១ឆ្នាំ នៅ​ឆ្នាំ២០៥០។ ដំណាក់កាល​ទី៣ ចាប់​ពី​ឆ្នាំ ២០៥០ តទៅ ក្រុមហ៊ុន​នឹង​បន្ត​បន្ថែម​សាងសង់​ផ្លូវ​រត់ទី៣ ដើម្បី​ទទួល​អ្នក​ដំណើរ​ឱ្យ​បាន៤៥ លាន​នាក់​ក្នុង១ឆ្នាំ។​

យោងតាមទិន្នន័យ​ក្រសួង​ទេសចរណ៍​ ​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ ២០២៤ មាន​ភ្ញៀវបរទេស​ចំនួន៦,៧​លាននាក់ ​បាន​ធ្វើ​ដំណើរ​មក​កម្ពុជា​ កើន​ឡើង២២,៩​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២៣ ដែល​មាន​៥,៤៥​លាននាក់​។

ភ្ញៀវ​ជន​ជាតិ​អាមេរិក ស្ថិត​នៅ​ចំណាត់​ថ្នាក់​កំពូល​ទី​៥ ដោយ​មាន​ចំនួន២១៤,៥២៩នាក់ កើន​ឡើង១៦​ភាគរយ​ធៀប​ឆ្នាំ​២០២៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here