ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមសេចក្តីព្រាងច្បាប់ថ្មីមួយបានឱ្យដឹងថា រដ្ឋាភិបាលថៃគ្រោងកំណត់លក្ខខណ្ឌយ៉ាងតឹងរ៉ឹងលើការចូលលេងល្បែងក្នុងកាស៊ីណូសម្រាប់ប្រជាជនរបស់ខ្លួន ខណៈប្រទេសនេះគ្រោងសាងសង់រមណីយដ្ឋានកាសុីណូនៅតាមតំបន់ទេសចរណ៍សំខាន់ៗដើម្បីជំរុញកំណើនសេដ្ឋកិច្ច។
សេចក្តីព្រាងច្បាប់នោះចែងថា ប្រជាជនថៃត្រូវមានប្រាក់បញ្ញើមានកាលកំណត់យ៉ាងតិច៥០លានបាត ឬស្មើនឹង១,៥លានដុល្លារអាមេរិកសម្រាប់រយៈពេល៦ខែ ទើបអាចចូលលេងល្បែងក្នុងកាស៊ីណូ។ លក្ខខណ្ឌមួយទៀតនោះ ប្រជាជនថៃត្រូវបង់ប្រាក់ចំនួន៥ពាន់បាត ដើម្បីចូលកាស៊ីណូ។

-->
ធនាគារវិនិយោគខ្នាតយក្ស Citi របស់សហរដ្ឋអាមេរិកបានព្យាករណ៍ថា ចំនួនប្រហែល៥០ភាគរយនៃប្រជាជនថៃ ដែលមានអាយុចាប់ពី២០ឆ្នាំឡើងទៅអាចជាអ្នកចូលលេងល្បែងក្នុងកាស៊ីណូ។ កត្តានេះជាមូលដ្ឋានដ៏សំខាន់មួយក្នុងការជំរុញប្រទេសថៃឱ្យក្លាយជាគោលដៅលេងល្បែងសុីសងធំជាងគេបំផុតទី៣ នៅលើពិភពលោក។
យ៉ាងណាមិញ ក្រុមអ្នកជំនាញបានលើកឡើងថា លក្ខខណ្ឌតម្រូវឱ្យពលរដ្ឋថៃបង់ប្រាក់ចំនួន៥ពាន់បាត នឹងរឹតត្បិតការចូលទៅលេងល្បែងក្នុងកាស៊ីណូចំពោះប្រជាជនវណ្ណៈកណ្តាលនៅក្នុងប្រទេសថៃ។
កន្លងមក រដ្ឋាភិបាលថៃបានអនុញ្ញាតឱ្យមានការលេងល្បែងស៊ីសងក្នុងទម្រង់មួយចំនួនដូចជា ការប្រណាំងសេះគ្រប់គ្រងដោយរដ្ឋ ការចាប់ឆ្នោត និងការភ្នាល់លើកីឡាមួយចំនួន ដូចជាប្រដាល់ជាដើម។

បណ្តាប្រទេសជាច្រើននៅក្នុងតំបន់អាស៊ានបានធ្វើឱ្យការបើកកាស៊ីណូក្លាយជាអាជីវកម្មស្របច្បាប់។
ប៉ុន្តែ គេសង្កេតឃើញមានតែប្រទេសសិង្ហបុរីប៉ុណ្ណោះ ដែលទទួលបានភាពជោគជ័យខ្លាំងជាងគេក្នុងការទាក់ទាញការវិនិយោគពីបណ្តាក្រុមហ៊ុនកាសុីណូខ្នាតយក្សនៅទូទាំងពិភពលោកដូចជាក្រុមហ៊ុន Las Vegas Sands Corp របស់សហរដ្ឋអាមេរិកជាដើម។
រដ្ឋាភិបាលថៃ ក្រោមការដឹកនាំដោយគណបក្សភឿថៃ បានបង្ហាញក្តីសង្ឃឹមថា ការបើកកាសុីណូស្របច្បាប់នឹងទាក់ទាញការវិនិយោគថ្មីក្នុងទំហំទឹកប្រាក់យ៉ាងតិច៣ពាន់លានដុល្លារ និងបង្កើតបានប្រាក់ចំណូលជាង១២ពាន់លានបាតក្នុងមួយឆ្នាំ៕ប្រភព:Reuters៕
