រដ្ឋបាលទីក្រុងប៉េកាំងចង់ពង្រីកកិច្ចសហការជាមួយរាជធានីភ្នំពេញលើចំណុចសំខាន់ៗជាច្រើន

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់បក្សកុម្មុយនីស្តទីក្រុង នៃក្រុងប៉េកាំង ប្រទេសចិន មានបំណងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋបាលរាជធានីភ្នំពេញឱ្យកាន់តែខ្លាំងក្លាថែមទៀត។

ភាគីចិនចង់បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិ​បត្តិលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ បច្ចេកវិទ្យាឌីជីថល សិល្បៈ វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន។

នេះជាការលើកឡើងរបស់លោក យីន លី (Yin Li) សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការគណបក្សនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តប្រចាំរដ្ឋធានីប៉េកាំង ខណៈលោកដឹកនាំប្រតិភូចូលជួបពិភាក្សា ការងារជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក ឃួង ស្រេង បានលើកឡើងថា កាលសម័យខ្មែរក្រហម រាជធានីភ្នំពេញ ប្រៀបដូចជាទីក្រុងខ្មោច តែក្រោយការរំដោះប្រទេសជាតិ ដោយសម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យទីក្រុងមួយនេះមានការអភិវឌ្ឍរីកចម្រើន ហើយការរីចម្រើនលើគ្រប់វិស័យនេះ គឺមិនអាចផ្តាច់បាន ពីការចូលរួមជួយជ្រោមជ្រែង គ្រប់បែបយ៉ាងពីមិត្តចិនបានឡើយ។

លោកបញ្ជាក់ថា “បើទោះបីរាជធានីភ្នំពេញ មានការរីកចម្រើនបែបនេះក្តី បញ្ហាប្រឈមក៏នៅតែមានតម្រូវឲ្យ អាជ្ញាធររាជធានីភ្នំពេញដោះស្រាយ ពិសេសលើការកកស្ទះចរាចរណ៍ និងបញ្ហាសំរាមសំណ​ល់រឹង”។

លោក ឃួង ស្រេង បន្តថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងប្រធានព្រឹទ្ធសភា បានប្រែក្លាយប្រទេសទាំង២កម្ពុជា-ចិន ទៅជាទំនង់ទំនងមិត្តភាពដែកថែប។

បច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តទំនាក់ទំនង ជាមួយប្រទេសចិនបានល្អ និងគ្រប់ជ្រុងជ្រោយជាមួយការជំរុញឱ្យក្មេងៗជំនន់ក្រោយ បន្តទំនាក់ទំនងនេះឱ្យកាន់តែល្អនិងយូរអង្វែងបន្តទៀត។

លោក ឃួង ស្រេង បានបន្តទៀតថា តាមរយៈទំនាក់ទំនងប្រទេសចិននិងកម្ពុជា រាជធានីភ្នំពេញ បានចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងរបស់ប្រទេសចិន បានចំនួន៩ទីក្រុងហើយ ក្នុងនោះទីក្រុងប៉េកាំងបានចងសម្ព័ន្ធមេត្រីភាព ជាមូយរាជធានីភ្នំពេញ នៅមុនការរីករាដាលជម្ងឺកូវីដ-១៩។ តាមរយៈទីក្រុងសម្ព័ន្ធមេត្រីភាពនេះ ទីក្រុងប៉េកាំងបានជួយរាជធានីភ្នំពេញ ជាច្រើនទាំងរថយន្ត និងថ្នាំពេទ្យជាដើម។

លោក យីន លី បានកោតសរសើរ និងបង្ហាញនូវចំណាប់អារម្មណ៍ជាខ្លាំង ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យរបស់រាជធានីភ្នំពេញ។ ចិននិងកម្ពុជាជាមិត្តកម្រិតខ្ពស់ មានសុខរួមសុខ មានទុក្ខរួមទុក្ខ និងមានជោគវាសនារួមគ្នា។

លោកបញ្ជាល់ថា “ទីក្រុងទាំង២ ប៉េកាំង និងទីក្រុងភ្នំពេញ មានលក្ខណៈពិសេសរៀងៗខ្លួន តែសំរាប់ទីក្រុងភ្នំពេញ មានដង់ស៊ីតេខ្ពស់ជាងទីក្រុងប៉េកាំង ពោលគឺទីក្រុងប៉េកាំង មានផ្ទៃដីទំហំ១៦,០០០គីឡូម៉ែត្រការ៉េ មានប្រជាពលរដ្ឋរស់នៅ ប្រមាណ២២លាននាក់ មានដង់ស៊ីតេ៣០០០នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ”។

ចំណែកទីក្រុងភ្នំពេញវិញ មានមានផ្ទៃដីទំហំ៦៩៥.២១៨គីឡូ​ម៉ែត្រការ៉េ មានប្រជាពលរដ្ឋរស់នៅ ប្រមាណជាង២លាន៥សែននាក់ មានដង់ស៊ីតេ៣៦០០នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ។

លោកយីន លីបានបន្តថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក និងគណៈប្រតិភូ នាពេលនេះ គឺដើម្បីចូលរួមអនុវត្តឱ្យកាន់តែស៊ីជម្រៅ និងខ្លាំងក្លាថែមទៀត ចំពោះការឯកភាពរបស់ថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរ។

រដ្ឋធានីប៉េកាំងមានបំណង ពង្រីកកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ឱ្យកាន់តែខ្លាំងក្លាថែមទៀត។ បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ បច្ចេកវិទ្យាឌីជីថលសិល្បៈ វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្ដូរ រវាងប្រជាជន និងប្រជាជន។

បន្ថែមពីលើគោលបំណងខាងលើ លោក យីន លី បានស្នើមករាជធានីភ្នំពេញចំនួន៤ចំណុចបន្តែមទៀត ដែលក្នុងនោះរួមមាន ទី១-ការរក្សាទំនាក់ទំនងល្អរវាងទីក្រុង និងទីក្រុងដោយជំរុញកិច្ចសហប្រតិ​បត្តិការ លើចំណុចសក្ដានុពលរបស់ទីក្រុងទាំងពីរ។

ទី២-ពង្រឹងសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ស្របតាមខ្លឹមសារ នៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងចិន-កម្ពុជា ដែលមានស្រាប់ ដូចជាវិស័យទីផ្សារកសិផល សេដ្ឋកិច្ចឌីជីថល ជំរុញសហគ្រាស ក្រុមហ៊ុនរបស់ទីក្រុងប៉េកាំងទៅវិនិយោគនៅភ្នំពេញ និងអញ្ជើញភាគីភ្នំពេញ “អភិ​បាលរាជធានីភ្នំពេញ ទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងវិញ”។

ទី៣-ជំរុញទំនាក់ទំនងស៊ីជម្រៅ រវាងប្រជាជន និងប្រជាជន តាមរយៈវិស័យវប្បធម៌ទេសចរណ៍ សុខាភិបាល ទំនាក់ទំនងយុវជន និងយុវជនសមាគមគ្រូ និងនិស្សិត។ល។

ទី៤-ការចែករំលែក បទពិសោធន៌រវាងគ្នា និងគ្នាទាក់ទងជាមួយការគ្រប់គ្រងទីក្រុងការរៀបចំទីក្រុង និងទីក្រុងឆ្លាតវៃ ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការសហការ រវាងសហគ្រាស និងសហគ្រាស៕

LEAVE A REPLY

Please enter your comment!
Please enter your name here