ក្រសួងពាណិជ្ជកម្មដាក់ដំណើរការរបាយការណ៍ពាណិជ្ជកម្មតាម ប្រព័ន្ឋអេឡិកត្រូនិក

0

ដោយៈ គង់ សិរីម៉ាណា

    ភ្នំពេញៈ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរបាយការណ៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ឆ្នាំ 2024 សម្រាប់ប្រទេសកម្ពុជា។

ពិធីនេះក៏មានការចូលរួមពីលោក Subhadeep Chowdhury ប្រធានក្រុមហ៊ុន Profitence ព្រមទាំងតំណាងវិស័យឯកជនជាច្រើនរូប។

លោកជំទាវរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងពាណិជ្ជកម្មបាន និងកំពុងធ្វើការយ៉ាងសកម្មដើម្បីបង្កើតក្របខណ្ឌវិញ្ញាបនបត្រ សម្គាល់ទំនុកចិត្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (CETS) ខណៈពេលដែលក្រសួងពាណិជ្ជកម្មកំពុងសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីបង្កើតប្រកាសស្តីពីក្រមសីលធម៌ផងដែរ ក្នុងបំណងលើកកម្ពស់ការជឿទុកចិ​ត្តរបស់អតិថិជន លើកកម្ពស់ការអនុវត្តអាជីវកម្មដោយយុត្តិធម៌ និងពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិច្បាប់ សម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក(E-Commerce) នៅកម្ពុជា។

លោកជំទាវរដ្ឋមន្ត្រីបន្ថែមថា ខណៈពេលដែលប្រទេសកម្ពុជាកំពុងត្រៀមខ្លួនចាកចេញ ពីប្រទេសអភិឌ្ឍន៍តិចតួច យើងត្រូវតែត្រៀមខ្លួនយ៉ាងពេញលេញ ដើម្បីទទួលយកការផ្លាស់ប្តូរ នាពេលខាងមុខ ហើយបញ្ហា​ប្រឈម​បែប​នេះ ​ក៏​នឹង​ផ្តល់នូវ​ឱកាស​យ៉ាង​ច្រើន ​សម្រាប់​យើង​ក្នុងការទាញប្រយោជន៍ ពីពាណិជ្ជកម្ម​ឌីជីថល ​ដើម្បី​ជំនួសលើ​បញ្ហា​ប្រឈម​ទាំងនេះផងដែរ។

លោកជំទាវរដ្ឋមន្ត្រី លើកឡើងទៀតថា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) មិនត្រឹមតែជាឧបករណ៍ សម្រាប់កំណើនសេដ្ឋកិច្ចនោះទេ វាគឺជាមធ្យោបាយនៃការផ្តល់ភាពខ្លាំង និងជឿជាក់ដល់សហគមន៍ តាមរយៈការបង្កើតឱកាស និងការផ្លាស់ប្តូរ ជាក់ស្ដែងសហគ្រិនតាមជនបទ អាចដាក់លក់ផលិតផលរបស់ខ្លួន ដល់គ្រប់ទីកន្លែងក្នុងពិភពលោក ដោយគ្រាន់តែប្រើទូរស័ព្ទដៃតែប៉ុណ្ណោះ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានលើកយកចំណុចអាទិភាពសំខាន់ៗ ដែលកម្ពុជាត្រូវផ្តោត ក្នុងការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិក រួមមាន ទី១. ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល៖ ការពង្រីកសេវាអ៊ីនធឺណិត ការដឹកជញ្ជូន និងប្រព័ន្ធទូទាត់ដែលមានសុវត្ថិភាព។

ទី២ ការលើកកម្ពស់អក្ខរកម្មឌីជីថល៖ ធានាថាប្រជាជនកម្ពុជាទូទាំងប្រទេសមានជំនាញចាំបាច់ ក្នុងការចូលរួមសេដ្ឋកិច្ចឌីជីថល តាមរយៈកម្មវិធីបណ្តុះបណ្តាល និងយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងជាសាធារណៈជាដើម។ ទី៣. ការពង្រឹងការការពារអ្នកប្រើប្រាស់៖ ការបង្កើតបទប្បញ្ញត្តិច្បាស់លាស់ស្តីពី ឯកជនភាពទិន្នន័យ និងការទូទាត់ត្រលប់ និងបង្កើតក្របខ័ណ្ឌវិញ្ញាបនបត្រ សម្គាល់ទំនុកចិត្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលនឹងជួយលើកទឹកចិត្តអ្នកប្រើប្រាស់កាន់តែច្រើនឱ្យចូលរួមជាមួយទីផ្សារអនឡាញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here