ដោយ: គង់ លាងហួរ
អន្តរជាតិ:ទីផ្សារការិយាល័យរបស់ប្រទេសចិននឹងបន្តធ្លាក់ចុះនៅឆ្នាំនេះ ខណៈបណ្តាក្រុមហ៊ុនបរទេសបានចាកចេញពីប្រទេសមួយនេះ ដោយសារតែការកើនឡើងនៃភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន។
ក្រុមហ៊ុនផ្តល់សេវាផ្នែកច្បាប់ Cleary Gottlieb Steen & Hamilton របស់សហរដ្ឋអាមេរិកស្ថិតក្នុងចំណោមបណ្តាក្រុមហ៊ុនអាមេរិកដទៃទៀត ដែលបានដកខ្លួនចេញពីប្រទេសចិន។ ក្រុមហ៊ុននេះនឹងបិទការិយាល័យរបស់ខ្លួននៅក្នុងអគារ Fortune Financial Center ស្ថិតក្នុងតំបន់ពាណិជ្ជកម្មកណ្តាលនៃទីក្រុងប៉េកាំង។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនវិនិយោគអាមេរិក BlackRock បានប្រគល់អគារការិយាល័យចំនួន២របស់ខ្លួនស្ថិតក្នុងសង្កាត់ Lujiazui នៃទីក្រុងសៀងហៃទៅកាន់ធនាគារ Standard Chartered បន្ទាប់ពីខកខានមិនបានទូទាត់សងប្រាក់កម្ចីចំនួន៧៨០លានដុល្លារអាមេរិក ដែលត្រូវបានរំកិលអស់រយៈពេលជាង១ឆ្នាំ។
-->

ក្រៅពីក្រុមហ៊ុន Cleary Gottlieb និងក្រុមហ៊ុន BlackRock គេសង្កេតឃើញមានបណ្តាក្រុមហ៊ុនអន្តរជាតិជាច្រើនទៀត ដែលបានកាត់បន្ថយវត្តមានរបស់ពួកគេនៅក្នុងប្រទេសចិន ដោយសារភាពតានតឹងពាណិជ្ជកម្មរវាងចិនជាមួយសហរដ្ឋអាមេរិក។ ជាមួយគ្នានេះ ឱកាសបានធ្លាក់ចុះ ស្របពេលសេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងជួបការលំបាក។
លោកស្រី Guo Shan ដៃគូនៅក្រុមហ៊ុនផ្តល់សេវាប្រឹក្សាយោបល់ឯករាជ្យ Hutong Research បានអះអាងថា “ការធ្លាក់ចុះនៃប្រាក់ចំណេញជាមូលហេតុមួយ ដែលបណ្តាក្រុមហ៊ុនពហុជាតិសាសន៍សម្រេចដកខ្លួនចេញពីប្រទេសចិន”។
លោកស្រីបានគូសបញ្ជាក់ថា ប្រាក់ចំណេញរបស់បណ្តាក្រុមហ៊ុនឧស្សាហកម្មបរទេសនៅប្រទេសចិនបានធ្លាក់ចុះ១,៧ភាគរយកាលពីឆ្នាំមុន បន្ទាប់ពីបានធ្លាក់ចុះ៦,៧ភាគរយ និង៩,៥ភាគរយរៀងគ្នាក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២២។នេះបើយោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិចិន។
តម្លៃជួលការិយាល័យនៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាលនៃទីក្រុងប៉េកាំងបានធ្លាក់ចុះមកនៅក្រោមតម្លៃ៣០០យ័ន(ប្រហែល៤១,៣ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែនាពេលបច្ចុប្បន្ន បើធៀបនឹងតម្លៃ៣៦៥យ័នមុនពេលផ្ទុះជំងឺរាតត្បាត៕ប្រភព: SCMP៕
