ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Bloomberg បានឱ្យដឹងថា ប្រទេសឥណ្ឌូនេស៊ីគ្រោងនឹងបោះផ្សាយលក់មូលបត្របំណុលរបស់រដ្ឋាភិបាលដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងសាងសង់លំនៅដ្ឋានតម្លៃសមរម្យ ខណៈធនាគារកណ្តាលឥណ្ឌូនេសុីបានឯកភាពទិញបំណុលនេះ។
លោកស្រី Sri Mulyani Indrawati រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានបញ្ជាក់ប្រាប់ក្រុមអ្នកយកព័ត៌មានថា ក្រសួងហិរញ្ញវត្ថុឥណ្ឌូនេសុីនឹងកៀរគរថវិកា តាមរយៈការលក់សញ្ញាបណ្ណ ដើម្បីបោះទុនវិនិយោគលើគម្រោងសាងសង់ផ្ទះតម្លៃសមរម្យ។
ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលឥណ្ឌូនេសុីបានវិភាជន៍ថវិកាដើម្បីឧបត្ថម្ភធនដល់អ្នកស្វែងរកប្រាក់កម្ចីទិញផ្ទះ ដោយផ្តល់នូវការបង់ប្រាក់កក់ទាប និងអត្រាការប្រាក់ទាបក្នុងរង្វង់៥ភាគរយសម្រាប់អ្នកដែលមានប្រាក់ចំណូលទាប។
-->
ជាមួយគ្នានេះ ធនាគារកណ្តាលឥណ្ឌូនេស៊ី (BI) បានប្រកាសថា ខ្លួននឹងទិញមូលបត្របំណុលរដ្ឋ ដើម្បីបង្ហាញការគាំទ្រដល់គម្រោងផ្គត់ផ្គង់លំនៅដ្ឋានតម្លៃសមរម្យចំនួន៣លានយូនីតក្នុងមួយឆ្នាំ។

ធនាគារកណ្តាលឥណ្ឌូនេស៊ីបានឯកភាពទិញមូលបត្របំណុលរដ្ឋក្នុងទំហំទឹកប្រាក់ជាង៩ពាន់លានដុល្លារនៅឆ្នាំនេះ។ ផលបត្រសញ្ញាបណ្ណរយៈពេល១០ឆ្នាំ(Bond Yield)បានធ្លាក់ចុះប្រហែល០,០២ភាគរយមកនៅត្រឹម៦,៧៧ភាគរយកាលពីថ្ងៃសុក្រ។
យ៉ាងណាមិញ លោក Rajeev De Mello អ្នកគ្រប់គ្រងផលបត្ររបស់ក្រុមហ៊ុន Gama Asset Management SA បានព្រមានថា “ការលក់បំណុលអាចបង្កក្តីបារម្ភដល់អ្នកវិនិយោគបរទេស ហើយវាអាចដាក់សម្ពាធលើរូបិយបណ្ណក្នុងស្រុក។ការណ៍នេះនឹងជះផលប៉ះពាល់ទៅលើស្ថិរភាពហិរញ្ញវត្ថុរយៈពេលវែងរបស់ឥណ្ឌូនេស៊ី”។
នេះជាចំណាត់ការថ្មីចុងក្រោយបង្អស់មួយរបស់ធនាគារកណ្តាលឥណ្ឌូនេសុី ក្នុងការបង្ហាញពីការគាំទ្ររបស់ខ្លួនចំពោះគម្រោងគោលនយោបាយអាទិភាពនានារបស់រដ្ឋបាលប្រធានាធិបតីឥណ្ឌូនេសុីលោក Prabowo Subianto។
ក្រៅពីនេះ ធនាគារកណ្តាលឥណ្ឌូនេសុី (BI) ក៏បានប្រកាសទាញទម្លាក់អត្រាសាច់ប្រាក់តម្កល់ជាកំហិតនៅតាមធនាគារនៅឥណ្ឌូនេសុី ដើម្បីចាក់បញ្ចូលសាច់ប្រាក់ចំនួន៨០ទ្រីលានរូពី (ប្រហែល៤,៩ពាន់លានដុល្លារ)ចូលទៅកាន់ទីផ្សារលំនៅដ្ឋានក្នុងស្រុក៕ប្រភព: Bloomberg៕
