ដោយ: គង់ លាងហួរ
អន្តរជាតិ: គម្រោងជួសជុលកែលម្អព្រែកជីក Tham Luong-Ben Cat-Nuoc Len នៅក្នុងទីក្រុងហូជីមិញនៃប្រទេសវៀតណាមគ្រោងនឹងបញ្ចប់រួចរាល់នៅឆ្នាំ២០២៥នេះ បន្ទាប់ពីចំណាយរយៈពេល២ឆ្នាំ។
ព្រែកជីកនេះមានចម្ងាយជិត៣២គីឡូម៉ែត្រ ដោយឆ្លងកាត់សង្កាត់ចំនួន៧ ក្នុងទីក្រុងហូជីមិញ រួមមានសង្កាត់លេខ១២ សង្កាត់ Binh Tan សង្កាត់ Tan Phu សង្កាត់ Tan Binh សង្កាត់ Go Vap សង្កាត់ Binh Thanh និងសង្កាត់ Binh Chanh។
ព្រែកជីកនេះជាផ្លូវទឹកដ៏សំខាន់ ដោយធ្វើការតភ្ជាប់ទីក្រុងហូជីមិញជាមួយខេត្ត Long An តាមរយៈទន្លេ Cho Dem និងតភ្ជាប់ជាមួយខេត្ត Binh Duong និងខេត្ត Dong Nai តាមរយៈទន្លេ Saigon ។
-->
បន្ទាប់ពីបានចាប់ផ្តើមដំណើរការជួសជុលកែលម្អកាលពីខែកុម្ភៈ ឆ្នាំ២០២៣ គម្រោងនេះត្រូវបានគេប៉ាន់ប្រមាណថា នឹងចំណាយទុនវិនិយោគសរុបប្រមាណ៣៥៣,៤លានដុល្លារអាមេរិក។
ការងារនៃគម្រោងរួមមាន ការបូមខ្សាច់ដើម្បីកែលម្អលំហូរទឹក និងទប់ច្រាំងព្រែកកុំឱ្យបាក់ស្រុត ការសាងសង់ផ្លូវថ្នល់អមសងខាងដើម្បីបង្កើនការដឹកជញ្ជូន និងការដំឡើងប្រព័ន្ធលូ ចំណតទូក និងការបំពាក់ភ្លើងបំភ្លឺ រួមទាំងការដាំដើមឈើដើម្បីបង្កើនសោភណភាពបៃតង។
គិតមកទល់នឹងពេលបច្ចុប្បន្ន គម្រោងនេះសម្រេចបានវឌ្ឍនភាពចំនួន៤៣,៥១ភាគរយ ដោយគ្រោងនឹងបញ្ចប់រួចរាល់ជាស្ថាពរនៅក្នុងឆ្នាំ២០២៥។នេះបើយោងតាមការចុះផ្សាយដោយកាសែតវៀតណាម Tuoi Tre News។
ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ក្រុមការងារសាងសង់នឹងផ្តោតទៅលើការពន្លឿនការអភិវឌ្ឍន៍ផ្លូវប្រវែង៣០គីឡូម៉ែត្រអមសងខាងព្រែកជីក ដោយចិញ្ចើមផ្លូវមានទទឹងចាប់ពី៣ម៉ែត្រ។
នៅពេលបញ្ចប់ការជួសជុលរួចរាល់ ព្រែកជីកនេះនឹងកែលម្អប្រព័ន្ធបង្ហូរទឹកសម្រាប់ផ្ទៃដីប្រមាណ១៤.៩០០ហិកតានៅក្នុងតំបន់ជុំវិញ ព្រមទាំងកាត់បន្ថយការជន់លិចនៅផ្នែកកណ្តាល និងភាគពាយ័ព្យនៃទីក្រុងហូជីមិញ និងលើកកម្ពស់លក្ខខណ្ឌបរិស្ថាន៕ប្រភព: Tuoi Tre News៕
