តម្លៃទីផ្សារលំនៅដ្ឋាននៅទីក្រុងហុងកុងដាំក្បាលចុះអស់ជិត៦២ពាន់លានដុល្លារអាមេរិក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: គិតមកទល់ខែកុម្ភៈ ឆ្នាំ២០២៥នេះ តម្លៃទីផ្សារលំនៅដ្ឋាននៅក្នុងទីក្រុងហុងកុងរបស់ប្រទេសចិនបានដាំក្បាលចុះចំនួន៤៨០ពាន់លានដុល្លារហុងកុង(ប្រមាណ៦១,៧ពាន់លានដុល្លារអាមេរិក) ចាប់តាំងពីរដ្ឋបាលក្រុងហុងកុងបានលុបចោលវិធានការពន្ធប្រថាប់ត្រាទាំងអស់នៅខែកុម្ភៈ ឆ្នាំ២០២៤។

រដ្ឋបាលទីក្រុងហុងកុងបានសម្រេចលុបចោលពន្ធប្រថាប់ត្រាលើអ្នកទិញផ្ទះ ដែលមិនមែនស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងទីក្រុងហុងកុង និងលុបចោលពន្ធប្រថាប់ត្រាលើអ្នកទិញផ្ទះទី២។

ជាមួយគ្នានេះ ម្ចាស់ផ្ទះ(Homeowner)មិនមានកាតព្វកិច្ចបង់ពន្ធប្រថាប់ត្រាពិសេសនោះទេ ក្នុងករណីពួកគេរស់នៅក្នុងផ្ទះនោះបានរយៈពេល២ឆ្នាំ មុននឹងដាក់លក់។

យ៉ាងណាមិញ លោក Louis Chan Wing-kit នាយកប្រតិបត្តិទីភ្នាក់ងារអចលនទ្រព្យ Centaline បានអះអាងថា ការលុបចោលពន្ធប្រថាប់ត្រាទាំងនេះមិនបានជំរុញឱ្យតម្លៃផ្ទះនៅក្នុងទីក្រុងហុងកុងស្ទុះងើបឡើងវិញនោះទេ។

ទីភ្នាក់ងារ Centaline បានអះអាងថា តម្លៃទីផ្សារលំនៅដ្ឋានឯកជននៅក្នុងទីក្រុងហុងកុងបានកើនឡើងលើសពីទំហំទឹកប្រាក់១២ទ្រីលានដុល្លារហុងកុងក្នុងឆ្នាំ២០២១ ឬមានន័យថា លំនៅដ្ឋាននៅទីក្រុងហុងកុងនាពេលនោះមានតម្លៃជាមធ្យមចំនួន៩,៨២លានដុល្លារហុងកុងក្នុងមួយយូនីត។

ទោះជាយ៉ាងណាក្តី តម្លៃទីផ្សារលំនៅដ្ឋានឯកជននៅទីក្រុងហុងកុងបានដាំក្បាលចុះចំនួន៤៨០ពាន់លានដុល្លារហុងកុងមកនៅសល់ត្រឹមទំហំទឹកប្រាក់៨,៩៩ទ្រីលានដុល្លារហុងកុងនៅខែមករា ឆ្នាំ២០២៥ ធៀបនឹងតម្លៃទីផ្សារចំនួន៩,៥ទ្រីលានដុល្លារហុងកុង មុនពេលលុបចោលវិធានការពន្ធប្រថាប់ត្រា។

ទីភ្នាក់ងារ Centaline បានបញ្ជាក់បន្ថែមថា ក្នុងរយៈពេល១ឆ្នាំកន្លងមក តម្លៃលំនៅដ្ឋានជាមធ្យមក្នុងមួយយូនីតនៅទីក្រុងហុងកុងបានធ្លាក់ចុះ៤៧០.០០០ដុល្លារហុងកុង ខណៈបច្ចុប្បន្ន ទីក្រុងហុងកុងមានលំនៅដ្ឋានឯកជនចំនួន១,២៨លានយូនីត៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here