ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនផ្តល់សេវាប្រឹក្សាអចលនទ្រព្យ CBRE បានបង្ហាញថា ទីផ្សារសណ្ឋាគារនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងបន្តសម្រេចបានកំណើននៃការវិនិយោគដ៏រឹងមាំនៅក្នុងឆ្នាំ២០២៥នេះ។
ការស្ទង់មតិខាងលើនោះបានរកឃើញថា ចំនួនជាង៧២ភាគរយនៃបណ្តាអ្នកវិនិយោគនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកគ្រោងនឹងងាកទៅទិញសណ្ឋាគារបន្ថែមទៀតនៅឆ្នាំនេះដើម្បីបង្កើនការធ្វើពិពិធកម្មផលបត្ររបស់ខ្លួន។
លោក Steve Carroll ប្រធានផ្នែកសណ្ឋាគារ និងទីផ្សារមូលធនប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន CBRE បានមានប្រសាសន៍ឱ្យដឹងថា “ក្រុមវិនិយោគិនរំពឹងថា ទីផ្សារសណ្ឋាគារនៅក្នុងតំបន់នឹងបង្ហាញសញ្ញាសុទិដ្ឋិនិយមខ្លាំងបំផុតនៅឆ្នាំ២០២៥ បន្ទាប់ពីទីផ្សារនេះមានដំណើរការយ៉ាងរឹងមាំក្នុងរយៈពេល១៨ខែកន្លងមក”។
-->

ការស្ទង់មតិបានរកឃើញទៀតថា ការងើបឡើងវិញនៃចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ ជាពិសេសនៅប្រទេសជប៉ុន ប្រទេសសិង្ហបុរី និងប្រទេសអូស្ត្រាលី ជាកត្តាជំរុញឱ្យបណ្តាអ្នកវិនិយោគក្នុងតំបន់មានការចាប់អារម្មណ៍កាន់តែខ្លាំងលើការទិញសណ្ឋាគារ។
លោក Carroll បានគូសបញ្ជាក់បន្ថែមថា “ការកើនឡើងនៃការមកដល់របស់ភ្ញៀវទេសចរណ៍អន្តរជាតិបានជំរុញឱ្យតម្លៃបន្ទប់សណ្ឋាគារនៅក្នុងតំបន់អាសុីប៉ាសុីហ្វិកកើនឡើង និងធានាបាននូវការបន្តកើនឡើងនៃប្រាក់ចំណូលសម្រាប់ប្រតិបត្តិករសណ្ឋាគារ”។
ម៉្យាងវិញទៀត ការផ្គត់ផ្គង់សណ្ឋាគារនៅក្នុងតំបន់អាសុីប៉ាសុីហ្វិកនៅមានកម្រិតនៅឡើយ។
ជាក់ស្តែង ក្រុមហ៊ុន CBRE បានអះអាងថា ការផ្គត់ផ្គង់សណ្ឋាគារនៅក្នុងតំបន់អាសុីប៉ាសុីហ្វិកនឹងកើនឡើងក្នុងអត្រាប្រចាំឆ្នាំចំនួន២,២% នៅចន្លោះឆ្នាំ២០២៤ និងឆ្នាំ២០២៨ ទាបជាងបើធៀបនឹងកំណើនប្រចាំឆ្នាំចំនួន៥% នៅចន្លោះឆ្នាំ២០១៣ និងឆ្នាំ២០២៣៕ប្រភព: Edgeprop៕
