រុស្សុីគ្រោងសាងសង់កំពង់ផែ និងរោងចក្រចម្រាញ់ប្រេងក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់មីយ៉ាន់ម៉ា

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Reuters បានចុះផ្សាយថា ប្រទេសមីយ៉ាន់ម៉ា និងរុស្ស៊ីបានចុះហត្ថលេខាលើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅទីក្រុង Dawei រួមមានការសាងសង់កំពង់ផែ និងរោងចក្រចម្រាញ់ប្រេង។

អនុស្សរណៈនេះត្រូវបានចុះហត្ថលេខាដោយលោក Maxim Reshetnikov រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសហព័ន្ធរុស្ស៊ី និងលោក Kan Zaw រដ្ឋមន្ត្រីក្រសួងវិនិយោគ និងទំនាក់ទំនងសេដ្ឋកិច្ចបរទេសនៃប្រទេសមីយ៉ាន់ម៉ា ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រុស្ស៊ីទៅកាន់ប្រទេសអាស៊ានមួយនេះ។

លោក Reshetnikov បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា យើងកំពុងពិភាក្សាអំពីគម្រោងសាងសង់កំពង់ផែ រោងចក្រថាមពលកំដៅដើរដោយធ្យូងថ្ម និងរោងចក្រចម្រាញ់ប្រេងនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

លោក Maxim Reshetnikov បានបន្ថែមថា “ការចម្រាញ់ប្រេងនៅតែជាកិច្ចការដ៏ស្មុគស្មាញបំផុត ហើយយើងមិនទាន់មានការសម្រេចចិត្តចុងក្រោយណាមួយលើការសាងសង់រោងចក្រចម្រាញ់នោះទេ”។

តំបន់សេដ្ឋកិច្ចពិសេស Dawei ជាគម្រោងទំហំ១៩៦គីឡូម៉ែត្រការ៉េនៅសមុទ្រ Andaman ដែលនឹងក្លាយជាតំបន់ឧស្សាហកម្មបច្ចេកវិទ្យាលំដាប់ខ្ពស់ មជ្ឈមណ្ឌលដឹកជញ្ជូន តំបន់បច្ចេកវិទ្យាព័ត៌មាន និងតំបន់កែច្នៃផលិតផលនាំចេញ។

ប្រទេសរុស្ស៊ីបានក្លាយជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់មីយ៉ាន់ម៉ា ចាប់តាំងពីមានរដ្ឋប្រហារយោធាផ្តួលរំលំរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyi កាលពីខែកុម្ភៈ ឆ្នាំ២០២១។

ទីក្រុងមូស្គូ និងទីក្រុងណៃពីដោបាននិងកំពុងពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការថាមពលកាន់តែស៊ីជម្រៅ រួមទាំងការចូលរួមរបស់រុស្ស៊ីក្នុងការសាងសង់បំពង់បង្ហូរឧស្ម័នទៅកាន់ទីក្រុង Yangon ដែលជាទីក្រុងដ៏ធំមួយក្នុងប្រទេសមីយ៉ាន់ម៉ា។

បន្ថែមលើនេះ ប្រទេសរុស្ស៊ី​ក៏​មាន​គម្រោង​បង្កើត​រ៉េអាក់ទ័រ​ស្រាវជ្រាវ​ថាមពលនុយក្លេអ៊ែរ​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ាផងដែរ៕ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here