ការផ្គត់ផ្គង់ការិយាល័យលើសតម្រូវការក្នុងទីក្រុងបាងកកត្រូវការចំណាយពេល៥ឆ្នាំ ដើម្បីត្រលប់ទៅរកតុល្យភាពវិញ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការផ្គត់ផ្គង់ការិយាល័យលើសតម្រូវការនៅក្នុងទីក្រុងបាងកកនៃប្រទេសថៃនឹងចំណាយពេលយ៉ាងតិច៥ឆ្នាំដើម្បីត្រលប់ទៅរកតុល្យភាពវិញ ខណៈគម្រោងជាច្រើនត្រូវបានពន្យារពេល ដោយគ្មានកាលកំណត់ច្បាស់លាស់។

លោក Aukit Pronpattanapairoj អ្នកជំនាញនៅក្រុមហ៊ុន Cushman & Wakefield Thailand បានអះអាងថា ការផ្គត់ផ្គង់ការិយាល័យលើសតម្រូវការ បាននាំឱ្យអ្នកអភិវឌ្ឍន៍សម្រេចពន្យារពេលក្នុងការសាងសង់គម្រោងអគារការិយាល័យថ្មីមួយចំនួន។

ជាមួយគ្នានោះ លោក Aukit បានធ្វើការកត់សម្គាល់ឃើញមានការប្រកួតប្រជែងតម្លៃកាន់តែខ្លាំងក្លាក្នុងចំណោមគម្រោងអគារការិយាល័យ ដែលទើបនឹងចាប់ផ្តើមបើកដំណើរការថ្មី។

លោកបានបន្តថា “គម្រោងដែលបានផ្អាកការដ្ឋានសាងសង់ភាគច្រើនជាគម្រោងអភិវឌ្ឍន៍ខ្នាតធំ ដែលមានផ្ទៃក្រឡាការិយាល័យសរុបយ៉ាងតិច២០មុឺនម៉ែត្រការ៉េ។ ដើមឡើយ គម្រោងទាំងនោះត្រូវបានគេរំពឹងថា នឹងបើកដំណើរការនៅចន្លោះឆ្នាំ២០២៥ និងឆ្នាំ២០២៨”។

ម៉្យាងវិញទៀត ការប្រកួតប្រជែងផ្នែកតម្លៃដើម្បីទាក់ទាញអ្នកជួលថ្មី និងព្យាយាមរក្សាទុកអ្នកជួលដែលមានស្រាប់កំពុងបន្តកើនឡើង។

តួយ៉ាង អគារការិយាល័យថ្មីៗនៅក្នុងទីក្រុងបាងកក ដែលបានបញ្ចប់ការសាងសង់ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះបានបញ្ចុះតម្លៃជួលចំនួន៣០ភាគរយដើម្បីទាក់ទាញអតិថិជន។នេះបើយោងតាមក្រុមហ៊ុន Cushman & Wakefield Thailand។

លោក Aukit បានគូសបញ្ជាក់ឱ្យដឹងបន្ថែមថា ម្ចាស់អគារការិយាល័យមួយចំនួនទៀតបានផ្តល់ជូនការជួលការិយាល័យដោយឥតគិតថ្លៃរយៈពេល៦ខែទៅ៧ខែដំបូងសម្រាប់អតិថិជន ឬក្រុមហ៊ុន ដែលយល់ព្រមចុះកិច្ចសន្យាជួលរយៈពេល៣ឆ្នាំ៕ប្រភព: Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here