ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមអ្នកជំនាញមួយរូបបានលើកឡើងថា ទិដ្ឋភាពរបស់ទីផ្សារអចលនទ្រព្យនៅកម្ពុជានៅក្នុងឆ្នាំ២០២៥នេះ នឹងមានការប្រែប្រួល ដោយសារការយល់ដឹងកាន់តែច្រើនឡើងអំពីនិរន្តរភាព និងការសាងសង់ប្រកបដោយភាពច្នៃប្រឌិត។
លោកបណ្ឌិត Alexander Evengroen នាយកប្រតិបត្តិក្រុមហ៊ុន ASEAN Realtor Inc. បានលើកឡើងថា ការបង្កើតរមណីយដ្ឋានអេកូទេសចរណ៍ប្រកបដោយនិរន្តរភាពនៅតាមបណ្តោយឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅប្រទេសកម្ពុជា ជាផ្លូវដ៏សំខាន់មួយឆ្ពោះទៅកាន់ភាពជោគជ័យនៃការអភិវឌ្ឍន៍អចលនទ្រព្យប្រកបដោយភាពច្នៃប្រឌិត។
ស្របពេលដែលវិស័យទេសចរណ៍របស់កម្ពុជាមានសន្ទុះងើបឡើងវិញ តម្រូវការក្នុងការស្វែងរកទីតាំងស្នាក់នៅ ដែលមិនជះផលប៉ះពាល់ដល់បរិស្ថានកំពុងកើនឡើង។
-->

នៅក្នុងតំបន់ទីក្រុង ការប្រើប្រាស់សម្ភារៈសំណង់ និងបច្ចេកវិទ្យាបៃតងមានសារៈសំខាន់ណាស់សម្រាប់ការជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព។តាមរយៈការប្រើប្រាស់សម្ភារៈដែលមានប្រភពក្នុងស្រុក និងបច្ចេកទេសសំណង់ប្រកបដោយភាពច្នៃប្រឌិត អ្នកអភិវឌ្ឍន៍អាចកាត់បន្ថយការប្រើប្រាស់ថាមពល
និងបញ្ចេញកាបូនតិចជាងមុន។
តើកត្តានិរន្តរភាពមានសារៈសំខាន់យ៉ាងដូចម្តេចក្នុងការជំរុញការអភិវឌ្ឍន៍ទីផ្សារអចលនទ្រព្យ?។
និរន្តរភាពក្នុងការអភិវឌ្ឍន៍ទីផ្សារអចលនទ្រព្យជាកត្តារួមចំណែកយ៉ាងសំខាន់ក្នុងការធានាបានថា ការរីកចម្រើនរបស់ប្រទេសកម្ពុជាមានទិសដៅស្របទៅតាមការថែរក្សាបរិស្ថាន និងទំនួលខុសត្រូវចំពោះសង្គម។
ក្នុងន័យនេះ លោកបណ្ឌិត Alexander Evengroen បានគូសបញ្ជាក់ថា ការគិតគូរអំពីនិរន្តរភាពទៅក្នុងគម្រោងអចលនទ្រព្យអាចជំរុញលទ្ធភាពសេដ្ឋកិច្ចរយៈពេលវែង និងដោះស្រាយបញ្ហាសំខាន់ៗ ដូចជា ការប្រែប្រួលអាកាសធាតុ និងការថយចុះនៃធនធាន។

តាមរយៈការផ្តល់អាទិភាពដល់និរន្តរភាព អ្នកអភិវឌ្ឍន៍មិនត្រឹមតែអាចបង្កើនភាពធន់នៃគម្រោងអចលនទ្រព្យរបស់ខ្លួនប៉ុណ្ណោះទេ។ ប៉ុន្តែ វាថែមទាំងបំពេញតាមតម្រូវការរបស់វិនិយោគិន ដែលគិតគូរដល់បរិស្ថានផងដែរ។ ការណ៍នេះស្របនឹងការផ្លាស់ប្តូរជាសកលឆ្ពោះទៅរកនិរន្តរភាពបៃតង។
តើទីផ្សារអចលនទ្រព្យរបស់កម្ពុជាមានចំណុចពិសេសអ្វីខ្លះ បើប្រៀបធៀបជាមួយប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន?។
ការរីកចម្រើននៃរមណីយដ្ឋានអេកូទេសចរណ៍ ជាពិសេសនៅតាមតំបន់ឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពុជា ជាចំណុចដ៏លេចធ្លោមួយនៅក្នុងតំបន់អាស៊ាន។
បណ្តាប្រទេសជិតខាងរបស់កម្ពុជា ដូចជាប្រទេសថៃ និងប្រទេសវៀតណាមបានបង្កើតរមណីយដ្ឋានអេកូទេសចរណ៍ដ៏លេចធ្លោជាច្រើនរួចទៅហើយ។ ប៉ុន្តែ តំបន់ឆ្នេរសមុទ្រនានានៅកម្ពុជាមិនទាន់ត្រូវបានទាញយកសក្តានុពលនៅឡើយ។

ដូច្នេះ តាមរយៈការបណ្តាក់ទុនវិនិយោគលើរមណីយដ្ឋានអេកូទេសចរណ៍ បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យនឹងអាចបង្កើតបានបទពិសោធន៍ពិសេស ដែលមិនត្រឹមតែរក្សានិរន្តរភាពផ្នែកបរិស្ថានប៉ុណ្ណោះទេ។ ប៉ុន្តែ វាថែមទាំងបង្កើនការយល់ដឹងអំពីវប្បធម៌សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុក និងអន្តរជាតិផងដែរ។
លោកបណ្ឌិត Alexander Evengroen បានអះអាងឱ្យដឹងទៀតថា ការប្រើប្រាស់សម្ភារៈសំណង់ និងបច្ចេកទេសបៃតង ជាមូលដ្ឋានគ្រឹះសម្រាប់អនាគតនៃការអភិវឌ្ឍន៍ទីក្រុងនៅកម្ពុជា។
ជាមួយគ្នានេះ ការផ្តោតការយកចិត្តទុកដាក់របស់កម្ពុជាលើសម្ភារៈដែលមានប្រភពក្នុងស្រុក និងបច្ចេកវិទ្យាដែលមិនប៉ះពាល់ដល់បរិស្ថាន អាចធ្វើឱ្យកម្ពុជាមានចំណុចពិសេស ស្របពេលដែលបណ្តាប្រទេសអាស៊ានជាច្រើនកំពុងងាកមកប្រើប្រាស់សម្ភារៈសំណង់ប្រកបដោយនិរន្តរភាព។
តួយ៉ាង ការប្រើប្រាស់ឬស្សី ដីឥដ្ឋ និងធនធានអាចកកើតឡើងវិញផ្សេងទៀតមិនត្រឹមតែកាត់បន្ថយឧស្ម័នកាបូនិកប៉ុណ្ណោះទេ។ ប៉ុន្តែ វាថែមទាំងជួយជំរុញដល់កំណើនសេដ្ឋកិច្ចក្នុងស្រុកផងដែរ។
តាមរយៈការផ្តល់អាទិភាពដល់សម្ភារៈសំណង់ទាំងនេះ អ្នកអភិវឌ្ឍន៍នៅកម្ពុជាអាចដើរឈានមុខគេនៅក្នុងការកសាងវិស័យសំណង់ប្រកបដោយនិរន្តរភាព និងភាពច្នៃប្រឌិត។

ម៉្យាងវិញទៀត ការប្រើប្រាស់ថាមពលកកើតឡើងវិញកាន់តែមានសារៈសំខាន់ក្នុងការអភិវឌ្ឍន៍ទីផ្សារអចលនទ្រព្យ ហើយកម្ពុជាមានឱកាសប្រើប្រាស់ធនធានធម្មជាតិដ៏សម្បូរបែបរបស់ខ្លួន។
បណ្តាប្រទេសអាស៊ានដូចជាប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីនកំពុងបោះជំហានទៅមុខក្នុងការធ្វើសមាហរណកម្មលើផ្នែកថាមពលកកើតឡើងវិញ។ កម្ពុជាអាចទាញយកផលប្រយោជន៍ពីសក្តានុពលនៃថាមពលពន្លឺព្រះអាទិត្យ និងទំនប់វារីអគ្គិសនី ដើម្បីផ្តល់ថាមពលដល់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យថ្មីៗ។
តាមរយៈការដាក់បញ្ចូលបន្ទះស្រូបពន្លឺព្រះអាទិត្យ និងប្រព័ន្ធសន្សំសំចៃថាមពលទៅក្នុងគម្រោងលំនៅដ្ឋាន និងអគារពាណិជ្ជកម្ម កម្ពុជាអាចកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល និងលើកកម្ពស់វិស័យថាមពលប្រកបដោយនិរន្តរភាព។ ការណ៍នេះស្របតាមនិន្នាការរបស់ពិភពលោកឆ្ពោះទៅរកប្រភពថាមពលកកើតឡើងវិញ។
លើសពីនេះ ការប្រើប្រាស់បច្ចេកវិទ្យា Smart Home និង IoT ក្នុងគម្រោងលំនៅដ្ឋាន ជាកត្តាមួយផ្សេងទៀត ដែលអាចធ្វើឱ្យកម្ពុជាក្លាយជាប្រទេសឈានមុខគេមួយក្នុងតំបន់អាស៊ាន។
ខណៈប្រទេសសិង្ហបុរីឈរនៅជួរមុខគេក្នុងការបង្កើតគំនិតផ្តួចផ្តើមទីក្រុងឆ្លាតវៃ កម្ពុជាអាចបំពេញតម្រូវការក្នុងស្រុក ដូចជាប្រសិទ្ធភាពថាមពល ការអភិរក្សទឹក និងការគ្រប់គ្រងកាកសំណល់ដោយប្រើប្រាស់បច្ចេកវិទ្យា Smart Home និង IoT ជាដើម៕ប្រភព: Linkedin៕