ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Mehmet CELEPOGLU អនុប្រធានក្រុមហ៊ុន TotalEnergies ប្រចាំតំបន់អូសេអានី និងអាស៊ីអាគ្នេយ៍ ចូលជួបសម្ដែងការគួរសម នៅវិមានសន្ដិភាព។
ក្នុងឱកាសនៃជំនួប, លោក Mehmet CELEPOGLU បានថ្លែងអំណរគុណសម្ដេចបវរធិបតីដែលបានចំណាយពេលដ៏មមាញឹកអនុញាតឱ្យរូបលោក និងសហការីបានចូលជួបសម្ដែងការគួរសម ព្រមទាំងបានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីប្រតិបតិ្តការអាជីវកម្មរបស់ក្រុមហ៊ុន TotalEnergies អន្តរជាតិ និងដំណើរការអាជីវកម្ម និងចក្ខុវិស័យនាពេលអនាគតប្រកបដោយភាពវិជ្ជមានរបស់ក្រុមហ៊ុន TotalEnergies នៅកម្ពុជា។
បន្ថែមលើនោះ, លោក Mehmet CELEPOGLU ក៏បានវាយតម្លៃជាវិជ្ជមានចំពោះស្ថានភាពវិនិយោគនៅកម្ពុជា និងបង្ហាញពីចំណាប់អារម្មណ៍អំពីការដាក់ចេញនូវគោលនយោបាយ និងគំនិតផ្ដួចផ្ដើមដ៏ល្អជាច្រើនរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចបវរធិបតី ពិសេសលើការកែទម្រង់ពន្ធដា ដែលជាកម្មវិធីកែទម្រង់គាំទ្រដល់ការប្រកួតប្រជែងប្រកបដោយតម្លាភាព និងស្មើភាព។