ដោយៈ គង់ សូរិយា
ភ្នំពេញៈ ជាអ្នកអភិវឌ្ឍន៍មួយរូប និងតែងតែតាមដាននិន្នាការទីផ្សារ អ្នកឧកញ៉ាសំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនSAM SN Groupបានលើកឡើងថា ស្ថានភាពទីផ្សារលំនៅដ្ឋានតម្លៃសមរម្យ នឹងងើបឡើងវិញខ្លាំងនៅឆ្នាំ២០២៥នេះ។
អ្នកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ឆ្លើយតបនឹងគោលនយោបាយ សាងសង់លំនៅដ្ឋានតម្លៃសមរម្យ ដើម្បីឲ្យពលរដ្ឋមានលំនៅដ្ឋានសមរម្យរស់នៅ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមការដឹកនាំរបស់លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ បានសហការជាមួយអ្នកឧកញ៉ាហុង ពីវ សាងសង់លំនៅដ្ឋានសហកម្មសិទ្ឋលក់ជូនប្រជាពលរដ្ឋ ដែលពួកគាត់អាចមានលទ្ឋភាពបង់បាន និងរស់នៅសមរម្យ។
អ្នកឧកញ៉ាបានបន្តថា “គំរោងបែបនេះនឹងទទួលបានជោគជ័យ ដោយសារអ្នកឧកញ៉ាហុង ពីវមានធនធានគ្រប់គ្រាន់ ហើយការសាងសង់របស់គាត់ក៏ចំណេញ ប៉ុន្តែចំណេញតិច”។ អ្នកឧកញ៉ាបន្តថា “បើគាត់សាងសង់ចប់ ហើយគាត់មានលទ្ឋភាពបែបនេះ គឺដឹងតែលក់ដាច់ហើយ ព្រោះប្រជាពលរដ្ឋអាចបង់ប្រចាំខែ តែជាង១០០ដុល្លារអាមេរិកប៉ុណ្ណោះ”។
អ្នកឧកញ៉ាសំ សុខនឿនបានបន្តថា នៅពេលការសាងសង់ទទួលបានជោគជ័យ លោកគិតថាអ្នកអភិវឌ្ឈន៍ធំៗដទៃទៀត នឹងចាប់ផ្តើមសាងសង់កំនៅដ្ឋានតម្លៃសមរម្យ សម្រាប់លក់ជូនប្រជាពលរដ្ឋផងដែរ ហើយចរន្តទីផ្សារលំនៅដ្ឋានបែបនេះនឹងងើបឡើង ដែលវាផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ច សង្គម និងជួយសង្គមជាតិឲ្យកាន់តែមានភាពសុខដុម ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការនាំប្រទេស ឆ្ពោះទៅឋានៈជាប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០ខាងមុខ៕