បច្ចុប្បន្នភាពៈជិតដាច់ខែ២ហើយ តើស្ថានភាពទីផ្សារអចលនវត្ថុកម្ពុជាកំពុងវិវត្តន៍ដូចម្តេច?

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ទីផ្សារអចលនវត្ថុកម្ពុជា ពិតជាមានសញ្ញាប្រសើរឡើង នៅឆ្នាំនេះ បើធៀបនឹងឆ្នាំ២០២៤ ប៉ុន្តែសួរថាតើវាកំរើកឡើងវិញក្នុងចរន្តទីផ្សារបែបណា ជាអ្វីដែលយើងគួរស្វែងយល់បន្ថែមទៀត។

    អគ្គនាយិកាក្រុមហ៊ុនAMATAK Property Service Co, Ltdលោកស្រីតាំង ហួរបានលើកឡើងកាលពីដើមសប្តាហ៍នេះថា ស្ថានភាពទីផ្សារឆ្នាំនេះ តម្រូវការអចលនទ្រព្យនៅតែមានតម្រូវការទិញ ដូរ តែមិនច្រើនដូចមុនវិបត្តិកូវីដ១៩ ដោយនៅជាយក្រុងអ្នកទិញ គឺទិញ សម្រា​ប់សាងសង់រោងចក្រ សហគ្រាសនានា ប៉ុន្តែក្នុងក្រុងគឺទិញសម្រាប់សាងសង់អ្វីមួយ។

    លោកស្រីបញ្ជាក់ថា “យ៉ាងណាការទិញភាគច្រើនលើសលប់ គឺអ្នកទិញស្វែងរកអចលនទ្រព្យ ដែលមានតម្លៃទាបជាងទីផ្សារច្រើន”។ លោកស្រីបន្តថា “យ៉ាងណាអចលនទ្រព្យមិនជាប់គាំងទេ គឺស្ថានភាពនៅតែលក់បាន គ្រាន់តែតម្រូវការនៅមានចំនួនតិច”។

    យោងតាមការព្យាករណ៍របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ទីផ្សារអចលនទ្រព្យកម្ពុជាឆ្នាំនេះ អាចងើបឡើងវិញក្នុងកំណើនជាង៦ភាគរយ ធៀបនឹងឆ្នាំ២០២៤។

    លោកស្រីតាំង ហួរបានបន្តថា ជាមួយគ្នានេះ ការលក់លំនៅដ្ឋាននៅតាមបុរីនានានៅតែលក់បានបណ្តើរៗ បន្ទាប់ពីសម្តេចធិបតី ជួយសម្រូលលើការមិនបង់ពន្ឋប្រថាប់ត្រា សម្រាប់ផ្ទះមានតម្លៃចាប់ពី៧ម៉ឺនដុល្លារចុះ និងមិនយកពន្ឋប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះដំបូង ដែលមានតម្លៃចាប់ពី២១ម៉ឺនដុល្លារចុះផងដែរ។

    ជាមួយគ្នានេះ លោកប៉ូ អ៊ាវគង់ នាយកក្រុមហ៊ុនAdvance Real Estate បានមានប្រសាសន៍ឲ្យដឹងផងដែរថា ស្ថានភាពទីផ្សារគឺដូចជាមិនទាន់ មានអ្វីប្រែប្រួលច្រើននៅឡើយទេ ប៉ុន្តែការប្រើប្រាស់ដីសម្រាប់តំបន់ឧស្សាហកម្មបានកើនឡើង ប៉ុន្តែមិនមានសញ្ញាជាដុំកំភួនច្រើននោះទេ។

    លោកបន្តថា ជាមួយគ្នានេះ តម្រូវការទីតាំងអាជីវកម្ម និងការលក់រាយនៅតាមតំបន់នានា បានកើនឡើងគួរឲ្យកត់សម្គាល់ទាំងនៅតាមផ្សារ និងនៅតាមតំបន់ផ្លូវពាណិជ្ជកម្មនានា។

    លើសពីនេះ លោកស៊ា ឆៃលីនអគ្គនាយកក្រុមហ៊ុនឆៃលីន ស៊ា រៀលធីបានមានប្រសាសន៍ឲ្យដឹងផងដែរថា ការទិញ លក់អចលនទ្រព្យនៅតែដំណើរការយឺតៗ មិនមានសញ្ញាប្រែប្រួលច្រើននៅឡើយទេ ប៉ុន្តែយ៉ាងណាស្ថានភាព ពិតជាមានភាពប្រសើរជាងឆ្នាំ២០២៤កន្លងមកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here