ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ប្រកាសបោះទុនវិនិយោគ៥០០ពាន់​លាន​ដុល្លារ​នៅសហរដ្ឋអាមេរិក​ក្នុង​រយៈពេល៤ឆ្នាំ​

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Apple បានប្រកាសថា ខ្លួនគ្រោងនឹងបោះទុនវិនិយោគជាង៥០០ពាន់លានដុល្លារនៅសហរដ្ឋអាមេរិកក្នុងរយៈពេល៤ឆ្នាំខាងមុខ និងជួលបុគ្គលិកចំនួន២០.០០០នាក់។

ការប្រកាសបែបនេះរបស់ក្រុមហ៊ុន Apple ទំនងមានគោលដៅដើម្បីផ្គាប់ចិត្តប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូ ណាល់ត្រាំ ដែលបានជំរុញឱ្យបណ្តាក្រុមហ៊ុនអាមេរិកធំៗផ្លាស់ប្តូរមូលដ្ឋានផលិតកម្មរបស់ពួកគេទៅកាន់ទឹកដីអាមេរិកវិញ។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ដែលមានទីស្នាក់ការកណ្តាលនៅតំបន់ Silicon Valley ស្ថិតក្នុងរដ្ឋកាលីហ្វ័រញ៉ាមួយនេះបានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងបានប្តេជ្ញាបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ធំបំផុតមិនធ្លាប់មានជាង៥០០ពាន់លានដុល្លារនៅសហរដ្ឋអាមេរិកក្នុងរយៈពេល៤ឆ្នាំខាងមុខ”។

លោក Tim Cook នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple បានអះអាងថា “យើងមានសុទិដ្ឋិនិយមចំពោះអនាគតនៃនវានុវត្តន៍របស់សហរដ្ឋអាមេរិក។ ហើយយើងមានមោទនភាពក្នុងការបន្តបោះទុនវិនិយោគរយៈពេលវែងនៅសហរដ្ឋអាមេរិក”។

ក្រុមហ៊ុន Apple ក៏គ្រោងនឹងជួលបុគ្គលិកអាមេរិកចំនួន២០.០០០នាក់ផងដែរ ដោយការងារភាគច្រើនផ្តោតលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍ វិស្វកម្ម Silicon ការអភិវឌ្ឍន៍កម្មវិធី និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)ជាដើម។

លើសពីនេះ ក្រុមហ៊ុន Apple ក៏គ្រោងបើករោងចក្រផលិតកម្មថ្មីមួយនៅទីក្រុង Houston នៃរដ្ឋតិចសាស់ (Texas) នៅក្នុងឆ្នាំ២០២៦ខាងមុខផងដែរ។

រោងចក្រនេះនឹងដំឡើងម៉ាសុីន Servers ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ថាមពលដល់មុខងារ Apple Intelligence។ រោងចក្រនេះនឹងជួយបង្កើតការងាររាប់ពាន់កន្លែងបន្ថែមទៀត៕ប្រភព: CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here