ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប្រទេសជប៉ុន សិង្ហបុរី និងម៉ាឡេស៊ី បានក្លាយជាគោលដៅកំពូលសម្រាប់ភ្ញៀវទេសចរណ៍ចិន ដោយសារការដាក់ចេញគោលនយោបាយទិដ្ឋាការប្រកបដោយភាពទាក់ទាញ និងការធានាបាននូវកម្រិតសុវត្ថិភាពខ្ពស់។
យោងតាមអង្គការទេសចរណ៍ជាតិជប៉ុន (Japan National Tourism Organization) បានឱ្យដឹងថា ប្រទេសជប៉ុនទាក់ទាញបានភ្ញៀវទេសចរណ៍ចិនចំនួន៩៨០.០០០នាក់ក្នុងខែមករា ឆ្នាំ២០២៥ កើនឡើងជាង២ដងបើធៀបនឹងតួលេខក្នុងខែមករា ឆ្នាំ២០២៤។
កំណើនយ៉ាងឆាប់រហ័សនេះត្រូវបានជំរុញដោយការធ្លាក់ថ្លៃចុះនៃប្រាក់យ៉េនរបស់ប្រទេសជប៉ុន និងការបង្កើនការតភ្ជាប់ជើងហោះហើរ។
-->
ដោយឡែក លំហូរភ្ញៀវទេសចរណ៍ចិនទៅកាន់ប្រទេសម៉ាឡេសុីបានកើនឡើងដល់ចំនួន៣,៧២លាននាក់ក្នុងឆ្នាំ២០២៤ ហក់ឡើង១៣០,៩%បើធៀបទៅនឹងឆ្នាំ២០២៣។
ទីភ្នាក់ងារព័ត៌មាន Xinhua បានរាយការណ៍ថា ប្រទេសម៉ាឡេស៊ីបានសម្រេចចិត្តលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរណ៍ចិនរហូតដល់ឆ្នាំ២០២៦ខាងមុខ។

ចំណែក ប្រទេសសិង្ហបុរីបានស្វាគមន៍ភ្ញៀវទេសចរណ៍ចិនចំនួន៣៧៦.០០០នាក់នៅក្នុងខែមករា ឆ្នាំ២០២៥ ហក់ឡើង៧៨%បើធៀបនឹងខែមករា ឆ្នាំមុន។ កំណើននេះបានពង្រឹងឋានៈរបស់សិង្ហបុរីក្នុងនាមជាគោលដៅដ៏សំខាន់សម្រាប់ភ្ញៀវទេសចរណ៍ចិន។
ទោះជាយ៉ាងណាក្តី ប្រទេសថៃ ដែលបានកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរណ៍ចិនយ៉ាងតិច៩លាននាក់នៅឆ្នាំ២០២៥នេះ បានជួបប្រទះនឹងបញ្ហាផ្នែកសុវត្ថិភាព បន្ទាប់ពីមានករណីចាប់ជំរិតតារាសម្តែងចិនលោក Wang Xing កាលពីខែមករាកន្លងទៅ។
ចំនួនភ្ញៀវទេសចរណ៍ចិន ដែលបានលុបចោលជើងហោះហើរទៅកាន់ប្រទេសថៃបានហក់ឡើង៩៤% នៅខែមករា ឆ្នាំនេះ។
ជាមួយគ្នានេះ យោងតាមការស្រាវជ្រាវដោយស្ថាប័ន Bloomberg Intelligence បានបង្ហាញថា “ការកក់ដំណើរកំសាន្តរបស់ពលរដ្ឋចិនទៅកាន់ប្រទេសថៃក្នុងរយៈពេល២សប្តាហ៍ដំបូងនៃខែកុម្ភៈ នៅតែមានកម្រិតទាបជាងឆ្នាំ២០២៤”។

ការចុះផ្សាយព័ត៌មានអំពីការចាប់ជំរិតបានបង្កឱ្យមានការយកចិត្តទុកដាក់ចំពោះសុវត្ថិភាពក្នុងចំណោមភ្ញៀវទេសចរណ៍ចិន ខណៈប្រទេសចិនជាប្រភពភ្ញៀវទេសចរណ៍បរទេសដ៏ធំបំផុតរបស់ប្រទេសថៃកាលពីឆ្នាំមុន។
លោក Eric Zhu អ្នកវិភាគរបស់ស្ថាប័ន Bloomberg Intelligence បានលើកឡើងថា “ការព្រួយបារម្ភអំពីសុវត្ថិភាពកំពុងជះផលប៉ហពាល់យ៉ាងខ្លាំងទៅលើការសម្រេចចិត្តរបស់ពលរដ្ឋចិន។ ការណ៍នេះបានជំរុញឱ្យពួកគេពិចារណាយ៉ាងល្អិតល្អន់ឡើងវិញអំពីការធ្វើដំណើរទៅកាន់ប្រទេសថៃ”។
លោក Zhu បានបន្ថែមថា “ការផ្សព្វផ្សាយព័ត៌មានអវិជ្ជមានបានរាលដាលលឿនជាងការចាត់វិធានការដើម្បីធានាសុវត្ថិភាព។ ដូច្នេះ វាមានន័យថា ការស្ដារកេរ្តិ៍ឈ្មោះរបស់ប្រទេសថៃឡើងវិញនឹងក្លាយជាបញ្ហាប្រឈមដ៏លំបាកមួយ”៕ប្រភព: Vnexpress៕
