តម្រូវការអាផាតមុិនសម្រាប់ជួលនៅរាជធានីភ្នំពេញកើនឡើង ខណៈវិស័យទេសចរណ៍ស្ទុះងើបឡើងវិញ

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមរបាយការណ៍ពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានបង្ហាញថា ចំណែក៩២ភាគរយនៃចំនួនអាផាតមុិនសម្រាប់ជួលសរុបក្នុងរាជធានីភ្នំពេញ (Seviced Aparment) មានទីតាំងស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល(CBD)។

ជាមួយគ្នានេះ ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានគូសបញ្ជាក់ទៀតថា “ចំណែក៥៦ភាគរយនៃចំនួនអាផាតមុិនសម្រាប់ជួលសរុបក្នុងរាជធានីភ្នំពេញ ជាអាផាតមុិនប្រភេទ Business Class”។

ស្ថាប័នជំនាញខាងលើបានវាយតម្លៃថា “ការបង្ហាញសញ្ញាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍បានជំរុញឱ្យតម្រូវការស្វែងរកសណ្ឋាគារ និងអាផាតមុិនសម្រាប់ជួលនៅរាជធានីភ្នំពេញមានការកើនឡើង”។

ដើម្បីបង្កើនរយៈពេលស្នាក់នៅជាមធ្យមរបស់ភ្ញៀវទេសចរណ៍ រដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធសំខាន់ៗកំពុងសហការគ្នាដើម្បីបង្កើនផលិតផលទេសចរណ៍ តាមរយៈការរៀបចំពិធីបុណ្យ និងព្រឹត្តិការណ៍ផ្សេងៗ ព្រមទាំងបានដាក់ឱ្យប្រើប្រាស់ផ្លូវដើរថ្មើរជើងនៅតំបន់មាត់ទន្លេមុខព្រះបរមរាជវាំងជារៀងរាល់ចុងសប្តាហ៍។

ជាធម្មតា អាផាតមុិនសម្រាប់ជួលជាជម្រើសទាក់ទាញភ្ញៀវទេសចរណ៍ដែលស្នាក់នៅរយៈពេលយូរ។ ដូច្នេះ ការបង្កើនផលិតផលទេសចរណ៍អាចជំរុញឱ្យតម្រូវការអាផាតមុិនកើនឡើងក្នុងរយៈពេលមធ្យមទៅរយៈពេលវែង។

លើសពីនេះ ការឈានជើងចូលពីបណ្តាក្រុមហ៊ុនអន្តរជាតិជាច្រើនមកកាន់រាជធានីភ្នំពេញ ជាសញ្ញាវិជ្ជមានសម្រាប់ផ្នែកនេះ ដោយសារជនបរទេសជាប្រភពសំខាន់ក្នុងការជំរុញតម្រូវការអាផាតមុិនសម្រាប់ជួល។

យោងតាមក្រុមហ៊ុន Knight Frank បានឱ្យដឹងថា អាផាតមុិនសម្រាប់ជួលលំដាប់អន្តរជាតិ(International Class) ក្នុងរាជធានីភ្នំពេញមានតម្លៃជាមធ្យមចំនួន២០ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។

ចំណែក អាផាតមុិនសម្រាប់ជួលលំដាប់ធុរកិច្ច(Business Class)មានតម្លៃជាមធ្យមចំនួន១៣ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ខណៈអាផាតមុិនសម្រាប់ជួលថ្នាក់សេដ្ឋកិច្ច(Economy Class) មានតម្លៃជាមធ្យម៧ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ៕ប្រភព: Knight Frank៕

LEAVE A REPLY

Please enter your comment!
Please enter your name here