ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Nikkei Asia បានចុះផ្សាយថា ប្រទេសសិង្ហបុរីគ្រោងនឹងសាងសង់កំពង់ផែស្វ័យប្រវត្តិដ៏ធំបំផុតរបស់ពិភពលោកនៅក្នុងតំបន់ Tuas ស្ថិតនៅភាគខាងលិចនៃប្រទេសរបស់ខ្លួនឱ្យក្លាយទៅជា“កំពង់ផែនៃអនាគត”។
សិង្ហបុរីជាទីក្រុងកំពង់ផែធំជាងគេទី២របស់ពិភពលោក បើគិតពីបរិមាណទំនិញ។ យោងតាមអាជ្ញាធរដែនសមុទ្រ និងកំពង់ផែ (MPA) របស់រដ្ឋាភិបាលសិង្ហបុរីបានឱ្យដឹងថា កំពង់ផែរបស់ទីក្រុងសិង្ហបុរីបានគ្រប់គ្រងទំនិញចំនួន៤១,១២លាន TEUs ក្នុងឆ្នាំ២០២៤ កើនឡើង៥%ធៀបនឹងឆ្នាំ២០២៣។
បច្ចុប្បន្ន កំពង់ផែរបស់សិង្ហបុរីឈរនៅពីក្រោយកំពង់ផែនៅក្នុងទីក្រុងសៀងហៃរបស់ប្រទេសចិន ដែលមានសមត្ថភាពគ្រប់គ្រងចរាចរណ៍ទំនិញចំនួន៥០លាន TEUs។
-->
ប៉ុន្តែ គម្រោងពង្រីកកំពង់ផែនៅក្នុងតំបន់ Tuas ត្រូវបានគេរំពឹងថា នឹងបង្កើនសមត្ថភាពគ្រប់គ្រងទំនិញតាមផ្លូវទឹករបស់ប្រទេសសិង្ហបុរីដល់ចំនួន៦៥លាន TEUS នៅពេលការងារពង្រីកកំពង់ផែនេះបញ្ចប់រួចរាល់ក្នុងទសវត្សរ៍ឆ្នាំ២០៤០។

ក្រៅពីបង្កើនសមត្ថភាពកំពង់ផែ ប្រទេសសិង្ហបុរីក៏គ្រោងដោះស្រាយបញ្ហាបរិស្ថាន ពង្រឹងសន្តិសុខ និងបច្ចេកវិទ្យា ដោយប្រើប្រាស់វិធីសាស្តគ្រប់គ្រងកំពង់ផែខ្នាតយក្សជាមួយនឹងចំនួនបុគ្គលិកតិច និងរបៀបទប់ទល់នឹងការវាយប្រហារតាមប្រព័ន្ធអុីនធឺណេតលើប្រតិបត្តិការកំពង់ផែ។
ទោះបីជាមានទំហំផ្ទៃដីតូចយ៉ាងណាក្តី សិង្ហបុរីបានព្យាយាមអភិវឌ្ឍន៍ប្រទេសរបស់ខ្លួនឱ្យក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មចាប់តាំងពីសតវត្សទី១៩។
បច្ចុប្បន្ន ទីក្រុងសិង្ហបុរីជាមជ្ឈមណ្ឌលដ៏សំខាន់ក្នុងតំបន់សម្រាប់ការដឹកជញ្ជូន ដោយផ្ទេរទំនិញចេញពីកប៉ាល់ខ្នាតតូចមកពីបណ្តាប្រទេសជិតខាងទៅកាន់កប៉ាល់ធំៗ ដើម្បីដឹកជញ្ជូនបន្តទៅកាន់ទ្វីបអឺរ៉ុប ឬសហរដ្ឋអាមេរិក៕ប្រភព:Nikkei Asia៕
