តើនឹងមានអ្វីកើត​ឡើង ប្រសិនបើសហរដ្ឋអាមេរិកដកខ្លួនចេញពីមូលនិធិ IMF និងធនាគារពិភពលោក?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្តីបារម្ភកំពុងកើនឡើងជុំវិញលទ្ធភាពដែលសហរដ្ឋអាមេរិកអាចដកខ្លួនចេញពីស្ថាប័នហិរញ្ញវត្ថុធំៗនៅលើពិភពលោក រួមមានដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) និងធនាគារពិភពលោកជាដើម។

ក្តីបារម្ភបានកើតមានឡើង បន្ទាបពីរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent មិនបង្ហាញវត្តមានចូលរួមនៅក្នុងកិច្ចប្រជុំ G20 ដែលរៀបចំឡើងនៅប្រទេសអាហ្វ្រិកខាងត្បូង។

តើនឹងមានអ្វីកើតឡើង ប្រសិនបើសហរដ្ឋអាមេរិកដកខ្លួនចេញពីស្ថាប័នធំៗទាំង២នេះ?។

លោក Kaan Nazli អ្នកគ្រប់គ្រងផលបត្របំណុលនៅក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ Neuberger Berman បានអះអាងថា “វានឹងក្លាយជាគ្រោះមហន្តរាយមួយ ប្រសិនបើទីក្រុងវ៉ាសុីនតោនដកខ្លួនចេញពីមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក”។

ក្នុងនាមជាសហស្ថាបនិក សហរដ្ឋអាមេរិកបានកាន់កាប់ភាគហ៊ុនធំបំផុតរបស់ស្ថាប័ន IMF ចំនួន១៦ភាគរយ និងភាគហ៊ុនរបស់ធនាគារពិភពលោកចំនួន១៥,៨៣ភាគរយ។

ការកាន់កាប់ភាគហ៊ុនច្រើនជាងគេនៅក្នុងស្ថាប័នទាំង២នេះបានធ្វើឱ្យក្រុមមន្ត្រីទទួលបន្ទុកលើការបង្កើតគោលនយោបាយរបស់សហរដ្ឋអាមេរិកមានឥទ្ធិពលយ៉ាងខ្លាំងលើការសម្រេចចិត្តនានារបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក។

ក្រុមអ្នកវិភាគអះអាងថា ប្រសិនបើសហរដ្ឋអាមេរិកដកខ្លួនពិតមែន នោះប្រទេសចិន និងបណ្តាប្រទេសមហាអំណាចផ្សេងទៀតនឹងចាប់យកឱកាសនេះដើម្បីពង្រឹងតួនាទីរបស់ខ្លួនជាថ្នាក់ដឹកនាំពិភពលោក។

ជាក់ស្តែង ប្រទេសចិនបាននិងកំពុងព្យាយាមពង្រឹងតួនាទីជាមហាអំណាចពិភពលោក។ ទីក្រុងប៉េកាំងបានជំរុញឱ្យមានការបែងចែកឡើងវិញនូវភាគហ៊ុនរបស់មូលនិធិ IMF ខណៈចំណែកភាគហ៊ុនបច្ចុប្បន្នរបស់ប្រទេសចិននៅស្ថាប័នមួយនេះមានត្រឹមតែជាង៥ភាគរយប៉ុណ្ណោះ។

លោក Mark Sobel ប្រធានវេទិកាស្ថាប័នហិរញ្ញវត្ថុ និងរូបិយវត្ថុផ្លូវការរបស់សហរដ្ឋអាមេរិកបានអះអាងថា “ការ​ចាកចេញ​របស់​សហរដ្ឋ​អាមេរិកនឹង​ជះផលប៉ះពាល់​​ដល់ដំណើរការ​បំពេញ​មុខងារ​របស់ស្ថាប័ន IMF និងធនាគារពិភពលោក។ ការណ៍នេះនឹង​ហ៊ុចឱកាសដល់ប្រទេស​ចិន​”៕ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here