ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាក្រុមហ៊ុនចម្រាញ់ប្រេងរបស់រដ្ឋាភិបាលនៃប្រទេសឥណ្ឌាគ្រោងបោះទុនវិនិយោគរួមគ្នាដើម្បីសាងសង់បំពង់បង្ហូរឧស្ម័នរាវប្រភេទ LPG ក្នុងចម្ងាយវែងជាងគេបំផុតនៅលើពិភពលោក ក្នុងគោលបំណងដើម្បីកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូន។
ឧស្ម័ន LPG ជាឈ្មោះកាត់របស់ឧស្ម័នមួយប្រភេទ ដែលមានឈ្មោះពេញថា “Liquefied Petroleum Gas”។ ឧស្ម័ន LPG ត្រូវបានយកមកប្រើប្រាស់ជាហ្គាសឥន្ធនៈ នៅក្នុងឧបករណ៍កំដៅ ឧបករណ៍ចំអិនអាហារ និងយានយន្តមួយចំនួន។
គម្រោងសាងសង់បំពង់បង្ហូរឧស្ម័នក្រោមទុនវិនិយោគចំនួន១,៣ពាន់លានដុល្លារអាមេរិកនេះ នឹងក្លាយជាមធ្យោបាយជំនួសរថយន្តដឹកទំនិញរាប់រយគ្រឿង ដែលដឹកជញ្ជូនឥន្ធនៈចេញពីរោងចក្រចម្រាញ់ទៅកាន់រោងចក្រផលិតធុងហ្គាស។
-->
គម្រោងបំពង់បង្ហូរឧស្ម័ននេះមានចម្ងាយប្រមាណ២.៨០០គីឡូម៉ែត្រ ដែលស្ថិតក្រោមការបណ្តាក់ទុនវិនិយោគរួមគ្នាដោយក្រុមហ៊ុន Indian Oil ក្រុមហ៊ុន Bharat Petroleum Corp និងក្រុមហ៊ុន Hindustan Petroleum Corp។

បំពង់បង្ហូរឧស្ម័ននឹងលាតសន្ធឹងចេញពីទីក្រុង Kandla នៃរដ្ឋ Gujarat ស្ថិតនៅភាគខាងលិចនៃប្រទេសឥណ្ឌាឆ្ពោះទៅកាន់ទីក្រុង Gorakhpur នៃរដ្ឋ Uttar Pradesh។
បណ្តាញបំពង់បង្ហូរឧស្ម័ននេះនឹងមានសមត្ថភាពដឹកជញ្ជូនឧស្ម័ន LPG ប្រមាណ៨,៣លានតោនក្នុងមួយឆ្នាំ ឬស្មើនឹងចំណែកប្រមាណ២៥ភាគរយនៃតម្រូវការប្រើប្រាស់សរុបនៅក្នុងប្រទេសឥណ្ឌា។
ការបើកការដ្ឋានសាងសង់ត្រូវបានពន្យារពេលជាច្រើនដង គិតចាប់តាំងពីគម្រោងនេះត្រូវបានដាក់បង្ហាញក្នុងឆ្នាំ២០១៩ ដោយសារវិបត្តិជំងឺរាតត្បាត និងការខ្វះខាតសម្ភារៈសម្រាប់ស្ថាបនា បន្ទាប់ពីសង្គ្រាមឈ្លានពានរបស់ប្រទេសរុស្ស៊ីនៅប្រទេសអ៊ុយក្រែនបានផ្ទុះឡើង។
គិតមកដល់ពេលបច្ចុប្បន្ន ប្រទេសឥណ្ឌាមានបណ្តាញបំពង់បង្ហូរឧស្ម័ន LPG ប្រវែងជិត៥.០០០គីឡូម៉ែត្រនៅទូទាំងប្រទេស ដែលមានចំនួនប្រជាជនច្រើនជាងគេនៅលើពិភពលោកមួយនេះ៕ប្រភព: Bloomberg៕
