តើកត្តាអ្វីខ្លះនឹងជួយជំរុញសន្ទុះសម្រាប់វិស័យអចលនទ្រព្យក្នុងប្រទេសហ្វីលីពីននៅឆ្នាំ២០២៥នេះ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ស្ថាប័នជំនាញបានវាយតម្លៃថា ការកាត់បន្ថយអត្រាការប្រាក់ ការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេសនឹងជំរុញឱ្យវិស័យអចលនទ្រព្យរបស់ប្រទេសហ្វីលីពីនសម្រេចបានកំណើននៅឆ្នាំ២០២៥។

តួយ៉ាង ធនាគារកណ្តាលហ្វីលីពីន (BSP) បានអះអាងថា ខ្លួននឹងបន្តកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតនៅឆ្នាំ២០២៥។ការណ៍នេះនឹងជំរុញឱ្យការចំណាយក្នុងស្រុកស្ទុះងើបឡើងវិញ បន្ទាប់ពីបានធ្លាក់ចុះនៅឆ្នាំមុន។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers ជឿជាក់ថា ការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតនឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើផ្នែកសំខាន់ៗ រួមមានលំនៅដ្ឋាន ការលក់រាយ សណ្ឋាគារ ការិយាល័យ និងឧស្សាហកម្ម។

ការទាញទម្លាក់អត្រាការប្រាក់ឱ្យមកនៅត្រឹមកម្រិតទាប នឹងជំរុញឱ្យពលរដ្ឋហ្វីលីពីនបង្កើនការចំណាយកាន់តែច្រើននៅក្នុងផ្នែកលក់រាយ និងការកម្សាន្តនានា។ការកាត់បន្ថយអត្រាការប្រាក់ក៏នឹងបង្កផលវិជ្ជមានដល់បណ្តាក្រុមហ៊ុនឧស្សាហកម្ម ដែលគ្រោងនឹងពង្រីកប្រតិបត្តិការអាជីវកម្មរបស់ពួកគេផងដែរ។

ជាមួយគ្នានេះ ការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្តាលហ្វីលីពីននឹងនាំឱ្យអត្រាការប្រាក់លើកម្ចីទិញផ្ទះធ្លាក់ចុះ។ ការណ៍នេះនឹងជួយធ្វើឱ្យតម្រូវការនៅក្នុងទីផ្សារលំនៅដ្ឋានមានសន្ទុះងើបឡើងវិញ។

ក្រុមហ៊ុន Colliers ក៏បានជំរុញឱ្យប្រទេសហ្វីលីពីនបន្តបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់ចន្លោះពី៥ភាគរយទៅ៦ភាគរយនៃទំហំផលទុនជាតិសរុប(GDP) លើគម្រោងហេដ្ឋារចនាសម្ព័ន្ធនានារបស់ខ្លួន។

ស្ថាប័នជំនាញមួយនេះបានគូសបញ្ជាក់ថា ការបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនឹងជួយជំរុញដល់ការងើបឡើងវិញនៃវិស័យអចលនទ្រព្យ។

លើសពីនេះ ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកាន់តែច្រើនដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញបណ្តាវិនិយោគិនបរទេសចូលមកបណ្តាក់ទុននៅក្នុងប្រទេសហ្វីលីពីន។

ការកើនឡើងនៃលំហូរវិនិយោគផ្ទាល់ពីបរទេស(FDI)នឹងផ្តល់សន្ទុះដល់វិស័យអចលនទ្រព្យ ជាពិសេសផ្នែកការិយាល័យ និងផ្នែកឧស្សាហកម្ម៕ប្រភព: Inquirer.Net៕

LEAVE A REPLY

Please enter your comment!
Please enter your name here