លំហូរ FDI នឹងជំរុញឱ្យទីផ្សារអចលនទ្រព្យរបស់ប្រទេសវៀតណាមសម្រេចបានកំណើនយ៉ាងរឹងមាំនៅឆ្នាំ២០២៥នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យនៅប្រទេសវៀតណាមត្រូវបានគេរំពឹងថា នឹងសម្រេចបានកំណើនយ៉ាងរឹងមាំនៅឆ្នាំ២០២៥នេះ ដោយសារការបង្កើតក្របខណ្ឌច្បាប់ថ្មីៗ កំណើននៃលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសវិនិយោគអំណោយផល។

ក្រុមអ្នកជំនាញអចលនទ្រព្យជឿជាក់ថា “កត្តាទាំងនេះនឹងជំរុញឱ្យទិដ្ឋភាពទីផ្សារអចលនទ្រព្យនៅប្រទេសវៀតណាមកាន់តែមានភាពទាក់ទាញចំពោះបណ្តាវិនិយោគិនក្នុងស្រុក និងអន្តរជាតិ។

ការដាក់ក្តីរំពឹងទុកប្រកបដោយសុទិដ្ឋិនិយមនេះបានកើតមានឡើង បន្ទាប់ពីរដ្ឋាភិបាលវៀតណាមបានដាក់ចេញកំណែទម្រង់ជាច្រើន ក្នុងគោលបំណងសម្រួលប្រតិបត្តិការអចលនទ្រព្យ និងបង្កើនតម្លាភាពក្នុងវិស័យអចលនទ្រព្យ។

ជាក់ស្តែង វៀតណាមបានអនុម័តក្របខណ្ឌច្បាប់ថ្មីកាលពីដើមឆ្នាំ២០២៥នេះ ក្នុងគោលដៅដោះស្រាយបញ្ហាទាក់ទងនឹងសិទ្ធិប្រើប្រាស់ដីធ្លី និងបទប្បញ្ញត្តិកម្មសិទ្ធិ។ ក្របខណ្ឌច្បាប់នេះអនុញ្ញាតឱ្យមានភាពច្បាស់លាស់ និងសុវត្ថិភាពកាន់តែច្រើនសម្រាប់វិនិយោគិន និងជំរុញទំនុកចិត្តទីផ្សារ។

ចំណែក ច្បាប់សំខាន់ៗចំនួន៣ ដែលមានគោលបំណងសម្រួល និងធ្វើទំនើបកម្មវិស័យអចលនទ្រព្យ ដូចជាច្បាប់ភូមិបាលឆ្នាំ២០២៤ ច្បាប់លំនៅដ្ឋាន និងច្បាប់អាជីវកម្មអចលនទ្រព្យឆ្នាំ២០២៣ បានចូលជាធរមាន ចាប់តាំងពីខែសីហា ឆ្នាំ២០២៤។

លោក Võ Hồng Thắng អគ្គនាយករងនៃក្រុមហ៊ុន DKRA Group បានអះអាងថា “យើងនឹងចាប់ផ្តើមសង្កេតមើលឥទ្ធិពលពិតប្រាកដរបស់ច្បាប់ទាំងនេះនៅឆ្នាំ២០២៥”។

ដោយឡែក ក្រុមអ្នកជំនាញផ្សេងទៀតបានអះអាងឱ្យដឹងថា “ការកើនឡើងនៃលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ជាកត្តាសំខាន់ដែលរួមចំណែកដល់ការសម្រេចបានកំណើនក្នុងវិស័យអចលនទ្រព្យរបស់វៀតណាមនៅឆ្នាំនេះ”។

កាលពីឆ្នាំ២០២៤ វិស័យអចលនទ្រព្យវៀតណាមបានទាក់ទាញលំហូរ FDI ចំនួន៦,៣ពាន់លានដុល្លារអាមេរិក ហក់ឡើងជាង៣៥ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៣។ តួលេខនេះមានចំណែកស្មើនឹងចំនួន១៦,៥ភាគរយនៃលំហូរ FDI សរុប៕ប្រភព: Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here