ការសិក្សាបច្ចេកទេសស្ពានមិត្តភាពកម្ពុជា កូរ៉េ ស្ទើរបញ្ចប់ទាំងស្រុង ខណៈសម្តេចធិបតីនឹងកំណត់ពីពេលវេលាបើកការដ្ឋានឆាប់ៗ

0

ដោយៈ និស្ស័យ

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់បានឲ្យដឹងថា គិតរហូតមកទល់ពេលនេះ ការសិក្សាពីបញ្ហាបច្ចេកទេស លើការសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េបានបញ្ចប់ស្ទើរទាំងស្រុងហើយ។

    អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកផន រឹមបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីចុងសប្តាហ៍មុនថា ទីតាំងស្ពាននេះមិនមានការប្រែប្រួលនោះទេ ដោយចេញពីទីតាំងផ្សាររាត្រីដដែល ហើយការបើកការដ្ឋានសាងសង់ស្ពាននេះ នឹងចាប់ផ្តើមនៅពេលឆាប់ៗខាងមុខនេះ។

    លោកបន្តថា “ដំណាក់កាលនេះ ជាដំណាក់កាលចុងក្រោយហើ​យ បន្ទាប់មកសម្តេចធិបតីនឹងប្រកាសអំពីថ្ងៃ បើកការដ្ឋានសាងសង់នៅពេលណា”។ លោកបន្តថា “ការងារបច្ចេកទេសចប់ស្ទើរតែអស់ហើយ ដូចថ្ងៃមុន យើងចុះទៅមើលលំហូរចរាចរណ៍ ព្រោះពេលពេលចាប់ផ្តើមបើកការដ្ឋាន គឺឲ្យមានលំហូរចរាចរណ៍ល្អ បញ្ចៀសការកកស្ទះ ដោយធ្វើយ៉ាងណាឲ្យការចេញ ចូលរាជធានីមានសភាពប្រសើរ”។

    លោកផន រឹមបានបន្តថា ជាមួយគ្នានេះ ក្រុមមន្រ្តីបច្ចេកទេសពាក់ព័ន្ឋ ក៏បានសិក្សាលើបណ្តាញខ្សែអគ្គិសនី បណ្តាញខ្សែទូរស័ព្ទ បណ្តាញទឹកស្អាតជាដើម ដើម្បីធ្វើឲ្យប្រាកដថា នៅពេលបើកការដ្ឋាន​សាងសង់ មិនមានផលប៉ះពាល់ឬបញ្ចៀសផលប៉ះពាល់ទុកជាមុន។

    លោកបន្តថា គំរូស្ពានចុងក្រោយបានបញ្ចប់ហើយ ប៉ុន្តែការងារបច្ចេកទេសលំអិតមួយចំនួនកំពុងរៀបចំបន្ថែមទៀត ដូចជាផ្លូវឡើង ផ្លូវចុះ និងខ្នែងរបស់ស្ពានជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here