ដំណឹងល្អៈ រដ្ឋាភិបាលនឹងពង្រីកកម្មវិធីលើកទឹកចិត្តវិនិយោគិននៅគ្រប់រាជធានី ខេត្ត

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា ដើម្បី​លើកទឹកចិត្ត​ដល់វិនិយោគិន​បន្ថែម​ទៀត​ រដ្ឋាភិបាល​នឹងពង្រីកវិសាលភាព​កម្មវិធី​ពិសេស​ ជំរុញការវិនិយោគ​ក្នុងក្របខ័ណ្ឌទូទាំងប្រ​ទេស​ បន្ទាប់ពីកម្មវិធីនេះ ត្រូវ​បានអនុវត្តន៍ដោយ​​​ជោគជ័យគួរជាទីមោទនៈ​នៅក្នុង​ខេត្ត​ព្រះសីហនុ​។

ក្រោមគំនិត​ផ្តួច​ផ្តើម​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត “កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ត្រូវបាន​ប្រកាសដាក់ឱ្យអនុវត្តន៍ ជាផ្លូវការកាលថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៤ និងបាន​បន្ត​ដំណើរការ​​អនុវត្តន៍រហូត​មក​ដល់ពេលបច្ចុប្បន្ន​។

លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា​អាច​​នឹង​ដាក់​ឱ្យអនុវត្តន៍​កម្មវិធីពិសេស​ ជំរុញការវិនិយោគនៅទាំងប្រទេស​ ដូច​ដែល​បាន​និង​កំពុង​អនុវត្តន៍ ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​។ កម្ម​វិធី​នេះ​អាចនឹងអនុវត្តចាប់​ពី​​​ឆ្នាំនេះ​តទៅ​។

លោក​បាន​ថ្លែងថា “ការវិនិយោគឯកជន​នៅកម្ពុជា ដូចដែល​ឯកឧត្តម លោក លោកស្រី ជ្រាបហើយ គឺមានការកើនឡើង​ច្រើន នៅក្នុង​ឆ្នាំ​ ២០២៤ ​កន្លងមកនេះ”។លោកបន្តថា “អ្វីដែលខ្ញុំចាំ គឺ​គ្រាន់តែក្នុង​ខេត្តព្រះសីហនុ​មួយ យើង​មានរហូតដល់​គម្រោងជាង២០០គ្រោង ហើយទុនវិនិយោគមានជាង៦ពាន់លាន​ដុល្លារ​នៅឆ្នាំ​ ២០២៤ ​កន្លងមក”។

បច្ចុប្បន្ននេះ រាជ​រដ្ឋាភិបាល​ក៏កំពុង បន្ត​នូវការយកចិត្តទុកដាក់​ជំរុញការវិនិយោគ​ខេត្តព្រះសីហនុបន្តទៀត​។ យើង​សង្ឃឹមថា​នឹងមាន​ការវិនិយោគកើនឡើង​​​​។

លោក​បាន​បន្ថែម​ថា ​ជារួម​ក្នុង​ឆ្នាំ ​២០២៥-២០២៦ ខាងមុខនេះ រាជ​រដ្ឋាភិបាល​ក៏នឹងដាក់ចេញ នូវ​កម្មវិធីពិសេស​សម្រាប់ជំរុញការវិនិ​យោគ​ទូទាំងប្រទេស​តែម្តង មានន័យថា នឹង​ផ្តល់នូវការលើកទឹកចិត្ត​បន្ថែម​ទៀត​ទៅ​អ្វី ដែល​មាននៅក្នុងច្បាប់វិនិយោគ​ សម្រាប់កិច្ចការវិនិ​យោគនេះ​។

លោកបញ្ជាក់ថា “​យើង​សង្ឃឹមថានៅក្នុង​ឆ្នាំ ​២០២៥-២០២៦ នឹងមានការវិនិយោគកើនឡើងច្រើន”​។

កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤ បាន​ផ្តល់នូវអត្ថប្រយោជន៍ពិសេសៗ​ចំនួន​៣ ទៅអ្នកវិនិយោគ ដើម្បីគាំទ្រ និងជំរុញលើកទឹកចិត្តបន្ថែម ​ក្នុង​ការ​ទាក់ទាញការវិនិយោគ និងការអភិវឌ្ឍឧស្សាហកម្មនៅក្នុងខេត្តព្រះសីហនុ ​រួមមាន ទី១.គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង ទី២ គម្រោងវិនិយោគដែលមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង និង​ទី៣ ការពង្រីកគម្រោងវិនិយោគ និងធុរកិច្ច។

ប្រធាន​សាខា​ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្ត​ព្រះសីហនុ លោក អ៊ឹម សេងហួ បានគាំទ្រចំពោះគំនិត​ផ្តួចផ្តើមរបស់​រាជ​រដ្ឋាភិបាល ​ក្នុងការពង្រីកវិសាលភាព​កម្មវិធីពិសេសជំរុញការវិនិយោគ​នៅទូទាំងប្រទេស​​ ព្រោះកម្មវិធីពិសេសជំរុញការវិនិយោគ ដែលកំពុងអនុវត្តន៍ ក្នុង​ខេត្តព្រះសីហនុ​ បាន​និង​កំពុង​ធ្វើ​ឱ្យ​​សកម្មភាព​វិនិយោគ ​ពាក់ព័ន្ធនឹងអគារជាប់គាំង ចាប់​ផ្តើម​មាន​សកម្ម​ភាព​រស់រវើកឡើងវិញជា​បណ្តើរៗ​។

លោក សេងហួ ​និយាយ​​ថា “ពាក់ព័ន្ធនឹងអគារ​ជាប់គាំងជាង១ពាន់អគារ​ កាលពីប៉ុន្មានឆ្នាំមុននោះ ឥឡូវចាប់តាំងអនុវត្តន៍​​កម្មវិធីពិ​សេសជំរុញការវិនិយោគប្រមាណ១ឆ្នាំកន្លងមកនេះ ទទួលបាន​លទ្ធផលល្អប្រសើរ”។ លោកបន្តថា “ប្រសិន​បើ​កម្មវិធីពិសេសជំរុញការវិនិយោគនេះ ត្រូវ​បាន​ពង្រីកទៅតាមបណ្តាខេត្តផ្សេងៗទៀត ខ្ញុំគិតថា វាល្អ​ព្រោះជាគោលនយោបាយមួយ ក្នុងការលើកទឹកចិត្ត​ដល់ម្ចាស់គម្រោង​ និងអ្នកវិនិយោគ​”។

គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៥ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន២៦៩គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប៦,៦៦៩លានដុល្លារអាមេរិក។

ក្រុមការងារនឹងបំពេញភារកិច្ចស្នូលសំខាន់២ រួមមាន ទី១. បន្តតាមដាន ត្រួតពិនិត្យ និងជំរុញការអនុវត្តគម្រោងទាំង២៦៩ គម្រោង និង ទី២ ធ្វើការសម្របសម្រួលការផ្តល់ការលើកទឹកចិត្តជាក់ស្តែង និង​ដោះស្រាយបញ្ហាប្រឈម និង​សំណូមពររបស់ម្ចាស់គម្រោង ។ នេះបើតាម ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប។

លោក​បាន​ឱ្យដឹង​ទៀត​ថា រយៈ​ពេល​កន្លង​មក ក្រុមការងារបាន​ធ្វើ​កិច្ច​ការ​ជា​ច្រើន​ដូច​ជា ជួយ​សម្របសម្រួលផ្តល់លិខិតអនុញ្ញាតសាងសង់, ការចុះបញ្ជីសហគ្រាស ការផ្តល់អាជ្ញាបណ្ណទេសចរណ៍ ការផ្តល់អាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍន៍​អចលនវត្ថុ ការសាងសង់ផ្លូវចូលទៅទីតាំងគម្រោង ការតបណ្តាញលូកាត់ផ្លូវ ពីទីតាំងគម្រោងឆ្ពោះទៅអាងប្រព្រឹត្តកម្មទឹកកខ្វក់ ការរៀបចំប្រព័ន្ធអាងប្រព្រឹត្តកម្មទឹកកខ្វក់ ដើម្បីជំរុញការវិនិយោគ និងការសម្របសម្រួល ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការចំពោះគម្រោងពាក់ព័ន្ធអគារជាប់គាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here