ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុន Nex Healthcare Co., Ltd. ដែលមានមុខសញ្ញាវិនិយោគផលិតស្រោមដៃ (PVC & Rubber) និងឧបករណ៍បរិក្ខារពេទ្យ មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ខេត្តស្វាយរៀង ដោយបោះទុនក្នុងទំហំទុនវិនិយោគ ប្រមាណ២៧៣លានដុល្លារអាមេរិក លើផ្ទៃដីទំហំ២១ហិកតា។
ក្រុមហ៊ុននេះ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Shadong Blue Sail Health Technology Co., Ltd. មកពីខេត្តសានដុង សាធារណរដ្ឋប្រជាមានិតចិន តំណាងដោយ លោកស្រី Liu Wenjing ។ ផលិតផលស្រោមដៃការពារសុខភាព របស់ក្រុមហ៊ុននេះ ជាប់ចំណាត់ថ្នាក់លេខ៣ នៅទូទាំងពិភពលោក។ រីឯឧបករណ៍ពិនិត្យបេះដូង ជាប់ចំណាត់ថ្នាក់លេខ៤ ទូទាំងពិភពលោក និងជាប់លេខ២នៅក្នុងប្រទេសចិន។
-->
លោកជា វុទ្ឋីអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្ររបស់ក្រុមហ៊ុនខាងលើនេះ។

លោកអគ្គលេខាធិការ បានជម្រាបជូនវិនិយោគិន និងភ្ញៀវជាតិ-អន្តរជាតិទាំងអស់អំពីភាពជោគជ័យ របស់តំបន់សេដ្ឋកិច្ចពិសេសមកដល់សព្វថ្ងៃនេះ គឺកើតចេញក្រោមគំនិតផ្តួចផ្តើម ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះតំបន់សេដ្ឋកិច្ចពិសេស ដោយប្រើនូវអភិក្រមចំនួន៣ រួមមានៈ កាត់បន្ថយពេលវេលា កាត់បន្ថយចំណាយ និងកាត់បន្ថយឋានានុក្រមលើប្រតិបត្តិការវិនិយោគ និងនីតិវិធីផ្សេងៗ។
បន្ថែមពីនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានផ្តល់នូវអភិក្រមចំនួន៣ គឺការទាក់ម៉ូយ ទាក់ទាញវិនិយោគិន ការថែទាំវិនិយោគិន និងការជំរុញដើម្បីឱ្យវិនិយោគិន បន្តទាក់ទាញវិនិយោគិនថ្មីៗបន្ថែមទៀត។
សមិទ្ធផលវឌ្ឍនភាពនៃការរីកចម្រើន នៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនេះ កើតចេញពីការចង្អុលបង្ហាញ ការណែនាំដ៏ប៉ិនប្រសប់របស់សម្តេចទាំងពីរ។

ជាការឆ្លើយតបមន្ត្រីតំណាងក្រសួងស្ថាប័ន និងអាជ្ញាធរទាំងអស់ដែលបំពេញការងារប្រចាំការនៅតាមតំបន់ បានប្តេជ្ញាយ៉ាងម៉ុតមាំថា នឹងបន្តខិតខំអនុវត្តតាមការណែនាំ និងការចង្អុលបង្ហាញស្របតាមអភិក្រមដ៏ថ្លៃថ្លារបស់សម្តេចទាំងពីរ។
ការកើនឡើងនៃចំនួនគម្រោងវិនិយោគជាបន្តបន្ទាប់ ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសនាពេលនេះ បានសបញ្ជាក់អំពីការអភិវឌ្ឍន៍របស់តំបន់សេដ្ឋកិច្ចពិសេសបាន និងកំពុងទាក់ទាញវិនិយោគិនមកបណ្តាក់ទុនវិនិយោគជាហូរហែរ ព្រមទាំងបានបង្កើតការងារនិងលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋ ជាពិសេសបានជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិជាបន្តបន្ទាប់៕
