ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត The Nation បានរាយការណ៍ថា ទីផ្សារអចលនទ្រព្យខុនដូនៅក្នុងប្រទេសថៃត្រូវបានគេរំពឹងថា នឹងស្ថិតក្នុងសភាពទ្រឹង ឬអាចកើនឡើងតិចតួចក្នុងរង្វង់ប្រមាណ១ភាគរយនៅក្នុងឆ្នាំ២០២៥នេះ ដោយសារការទិញខុនដូដោយជនបរទេស។
នៅក្នុងនោះ បណ្តាអតិថិជនមកពីប្រទេសចិន ប្រទេសមីយ៉ាន់ម៉ា ប្រទេសរុស្ស៊ី និងកោះតៃវ៉ាន់នឹងបន្តនាំមុខគេក្នុងការទិញខុនដូច្រើនបំផុតនៅប្រទេសថៃ បើធៀបនឹងជនបរទេសមកពីបណ្តាប្រទេសផ្សេងទៀត។នេះបើយោងតាមមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យថៃ (REIC)។
ទោះបីជាយ៉ាងណាក្តី ការអូសបន្លាយនៃភាពតានតឹងភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ន ដែលជះផលប៉ះពាល់ជាពិសេសលើបណ្តាអ្នកវិនិយោគមកពីប្រទេសចិន និងប្រទេសរុស្ស៊ី នៅតែជាកត្តាសំខាន់ និងជាមូលដ្ឋាននៃការសម្រេចចិត្តចំពោះការវិនិយោគរបស់ពួកគេ។
-->
ទន្ទឹមនឹងនេះ ពលរដ្ឋមកពីបណ្តាប្រទេសមួយចំនួនដូចជា ឥណ្ឌា អូស្ត្រាលី និងបារាំង ក៏បានបង្ហាញការចាប់អារម្មណ៍កាន់តែខ្លាំងលើទីផ្សារខុនដូនៅក្នុងប្រទេសថៃផងដែរ។
មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យថៃ (REIC) អះអាងថា ការកើនឡើងនៃអ្នកទិញជាជនជាតិឥណ្ឌាជានិន្នាការសម្រាប់ទីផ្សារខុនដូថៃនៅឆ្នាំនេះ។ តួយ៉ាង បណ្តាអ្នកវិនិយោគឥណ្ឌាបានទិញខុនដូសរុបចំនួន២៦០យូនីតនៅក្នុងប្រទេសថៃ ដែលមានទំំហំទឹកប្រាក់សរុបចំនួន១,៥៣ពាន់លានបាត។
ផ្ទុយពីជនបរទេសភាគច្រើន ដែលជ្រើសរើសទិញយូនីតខុនដូខ្នាតតូច ជនជាតិឥណ្ឌាបានស្វែងរកទិញខុនដូដែលមានទំហំជាង៧០ម៉ែត្រការ៉េ ជាមួយនឹងតម្លៃជាមធ្យមចំនួន៥,៩លានបាតក្នុងមួយយូនីត។
កាលពីឆ្នាំ២០២៤កន្លងទៅ ការលក់ខុនដូទៅឱ្យជនបរទេសនៅក្នុងប្រទេសថៃបានកើនឡើងក្នុងរង្វង់០,៩ភាគរយដល់ចំនួន១៤.៥៧៣យូនីត។
យ៉ាងណាមិញ ទំហំទឹកប្រាក់ដែលទទួលបានពីការលក់ខុនដូសរុបទៅឱ្យជនបរទេសបានធ្លាក់ចុះ៦,៨ភាគរយមកនៅត្រឹមចំនួន៦៨,១៨ពាន់លានបាត ខណៈតម្លៃខុនដូជាមធ្យម ដែលទិញដោយជនបរទេសបានធ្លាក់ចុះមកនៅត្រឹមចំនួន៤,៧លានបាតក្នុងមួយយូនីតនៅឆ្នាំ២០២៤ បើធៀបនឹងតម្លៃ៥,១លានបាតក្នុងមួយយូនីតកាលពីឆ្នាំ២០២៣៕ប្រភព: The Nation៕
