ក្រុមហ៊ុនយក្ស Microsoft បន្តទិញដីធ្លីឧស្សាហកម្មនៅក្នុងប្រទេសម៉ាឡេសុី ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសម៉ាឡេស៊ី​​កំពុងក្លាយជា​គោលដៅ​នៃការវិនិយោគទៅលើ​មជ្ឈមណ្ឌល​ទិន្នន័យ​ដ៏ធំនៅក្នុងតំបន់អាស៊ាន ខណៈបណ្តាក្រុមហ៊ុន​បច្ចេកវិទ្យា​ជាច្រើន ​បាន​បោះទុន​រាប់​ពាន់​លាន​ដុល្លារដើម្បី​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ទំនើបក្នុងប្រទេសមួយនេះ។

ជាក់ស្តែង ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យម៉ាឡេសុី Eco World Development Group គ្រោងលក់ដីឧស្សាហកម្មមួយកន្លែងទៀតដែលមានទំហំជាង៥៦ហិកតា ស្ថិតក្នុងរដ្ឋ Johor ទៅកាន់ក្រុមហ៊ុន Microsoft ក្នុងតម្លៃ១៥៧,៧៤លានដុល្លារ។

កាលពីខែមិថុនា ឆ្នាំមុន ក្រុមហ៊ុន Eco World Development បានលក់ដីឧស្សាហកម្មទំហំជិត៥០ហិកតាក្នុងតំបន់ឧស្សាហកម្ម Eco Business Park VI របស់ខ្លួនទៅឱ្យក្រុមហ៊ុន Microsoft ម្តងរួចមកហើយសម្រាប់ការអភិវឌ្ឍន៍មជ្ឈមណ្ឌលទិន្នន័យ។

ក្រុមហ៊ុន EcoWorld បានអះអាងថា ការលក់ដីទាំងនេះសរបង្ហាញឱ្យឃើញពីភាពទាក់ទាញនៃការវិនិយោគមជ្ឈមណ្ឌលទិន្នន័យចូលទៅកាន់រដ្ឋ Johor ស្ថិតនៅភាគខាងត្បូងនៃប្រទេសម៉ាឡេស៊ី ជាប់ព្រំដែនជាមួយប្រទេសសិង្ហបុរី។

តាមរយៈឯកសារមួយផ្ញើទៅកាន់ផ្សារហ៊ុនម៉ាឡេសុី ក្រុមហ៊ុន EcoWorld Malaysia បានគូសបញ្ជាក់ថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ដែលមានឈ្មោះថា Eco Business Park 1 បានចុះកិច្ចសន្យាលក់ដីទៅឱ្យក្រុមហ៊ុន Microsoft ដោយភ្ជាប់ជាមួយលក្ខខណ្ឌ។

ការសាងសង់ និងការបើកដំណើរការមជ្ឈមណ្ឌលទិន្នន័យត្រូវការដីធ្លីធំទូលាយ ព្រមទាំងប្រើប្រាស់ថាមពល និងទឹកយ៉ាងច្រើន ។ ក្នុងនោះ ប្រទេសម៉ាឡេស៊ីអាចផ្គត់ផ្គង់ថាមពល និងដីធ្លីក្នុងតម្លៃសមរម្យ។

កត្តាអំណោយផលទាំងនេះបានធ្វើឱ្យម៉ាឡេស៊ីមានសក្តានុពលជាងទីក្រុងដែលមានផ្ទៃដីតូច ដូចជាទីក្រុងហុងកុង និងសិង្ហបុរីជាដើម៕ប្រភព: Edgeprop៕

LEAVE A REPLY

Please enter your comment!
Please enter your name here