ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសជប៉ុនគ្រោងនឹងសាងសង់រោងចក្រថាមពលពន្លឺព្រះអាទិត្យបណ្តែតលើផ្ទៃទឹកដ៏ធំជាងគេបំផុតនៅលើពិភពលោក ដើម្បីបោះជំហានឈានមុខគេឆ្ពោះទៅរកប្រភពថាមពលកកើតឡើងវិញ។
ការបណ្តែតបន្ទះសូឡានៅលើផ្ទៃទឹកដើម្បីស្រូបទាញយកពន្លឺព្រះអាទិត្យ មកផលិតជាថាមពលអគ្គិសនីមានគោលដៅកាត់បន្ថយថ្លៃដើមនៃការផលិត ខណៈការដំឡើងបន្ទះសូឡាលើដីគោកអាចចំណាយដើមទុនវិនិយោគអស់ច្រើន ព្រោះដីមានតម្លៃថ្លៃ។
គម្រោងរោងចក្រថាមពលពន្លឺព្រះអាទិត្យបណ្តែតលើផ្ទៃទឹកដ៏ធំបំផុតនេះមានទីតាំងនៅអាងស្តុកទឹក Yamakura ក្នុងតំបន់ Chiba របស់ប្រទេសជប៉ុន ដែលនឹងត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុនក្នុងស្រុក Kyocera ។
-->

រោងចក្រថាមពលស្អាតនេះនឹងបំពាក់បន្ទះស្រូបពន្លឺព្រះអាទិត្យចំនួន៥០.០០០សន្លឹក ដែលអាចផ្គត់ផ្គង់ថាមពលអគ្គិសនីដល់ប្រជាពលរដ្ឋជប៉ុនចំនួន៥.០០០គ្រួសារ នៅពេលបើកសម្ពោធដាក់ឱ្យដំណើរការ។
គំនិតផ្តួចផ្តើមនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជប៉ុនក្នុងការស្វែងរកប្រភពថាមពលកកើតឡើងវិញ ដើម្បីបញ្ចៀសគ្រោះមហន្តរាយកាលពីឆ្នាំ២០១១ដែលកើតចេញពីរោងចក្រផលិតថាមពលអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរនៅក្នុងទីក្រុង Fukushima កុំឱ្យកើតឡើងម្តងទៀត។
ជប៉ុនជាប្រទេសមួយ ដែលមានទំហំផ្ទៃដីគោកតូច ព្រោះប្រទេសនេះត្រូវបានហ៊ុព័ទ្ធដោយមហាសមុទ្រ។ ដូច្នេះ ការសាងសង់គម្រោងរោងចក្រថាមពលពន្លឺព្រះអាទិត្យបណ្តែតលើផ្ទៃទឹកជាមធ្យោបាយដ៏ល្អមួយ និងអាចបង្កើនប្រសិទ្ធភាព ដោយសារបន្ទះសូឡានឹងមិនទទួលរងកំដៅខ្លាំងពេក។
ម៉្យាងវិញទៀត ការដំឡើងបន្ទះសូឡានៅលើផ្ទៃទឹកក៏នឹងបង្កើតបានជាម្លប់ដល់អាងស្តុកទឹក Yamakura ផងដែរ ដោយជួយកាត់បន្ថយការបាត់បង់ទឹក ដោយសារតែអាកាសធាតុក្តៅហួតហែង៕ប្រភព: Union Rayo EN៕
