ដោយ: គង់ លាងហួរ
អន្តរជាតិ: ការលក់ផ្ទះថ្មីនៅក្នុងប្រទេសកូរ៉េខាងត្បូងបានដាំក្បាលចុះ៤៦,២ភាគរយនៅក្នុងខែមករា ឆ្នាំ២០២៥ ធៀបនឹងឆ្នាំមុនមកនៅត្រឹម៧.៤៤០យូនីត។ ការណ៍នេះបានធ្វើឱ្យចំនួនផ្ទះដែលលក់មិនដាច់បន្តកើនឡើង។
យោងតាមទិន្នន័យពីរដ្ឋាភិបាលកូរ៉េខាងត្បូងបានឱ្យដឹងថា បើគិតត្រឹមខែមករា ឆ្នាំ២០២៥ ចំនួនផ្ទះដែលលក់មិនដាច់នៅទូទាំងប្រទេសកូរ៉េខាងត្បូងបានកើនឡើងរយៈពេល៣ខែជាប់ៗគ្នា ដល់ចំនួន៧២.៦២៤យូនីត។តួលេខនេះមានការកើនឡើង៣,៥%បើធៀបនឹងខែធ្នូ ឆ្នាំមុន។
ការកើនឡើងជាលំដាប់នៃចំនួនផ្ទះដែលលក់មិនដាច់បានជំរុញឱ្យតម្លៃ និងតម្រូវការលំនៅដ្ឋានថ្មីនៅក្នុងប្រទេសកូរ៉េខាងត្បូងធ្លាក់ចុះ ដោយសារតែអ្នកទិញប្រកាន់យកវិធីសាស្ត្រប្រុងប្រយ័ត្ន។
-->
ទាក់ទងនឹងបញ្ហានេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានអនុវត្តន៍វិធានការផ្សេងៗដើម្បីដោះស្រាយបញ្ហានៃការផ្គត់ផ្គង់លំនៅដ្ឋានលើសតម្រូវការ និងស្តារស្ថិរភាពទីផ្សារ។

តួយ៉ាង ក្រុមហ៊ុនរដ្ឋ Korea Land and Housing Corporation (LH) របស់រដ្ឋាភិបាលកូរ៉េ បានប្រកាសពីផែនការទិញអាផាតមុិនចំនួន៣.០០០យូនីតនៅតំបន់តាមខេត្តនានា ដើម្បីរៀបចំឡើងវិញជាប្រព័ន្ធ“Secure Jeonse Housing”ដែលផ្តល់ឱកាសឱ្យអ្នកជួលបង់ប្រាក់ត្រឹមតែ៩០ភាគរយនៃតម្លៃជួលនៅលើទីផ្សារ។
លើសពីនេះ រដ្ឋាភិបាលកូរ៉េបានប្តេជ្ញាបោះទុនវិនិយោគចំនួន៤,៣ទ្រីលានវ៉ុននៅក្នុងគម្រោងផ្លូវរថភ្លើងក្រោមដីនៅទីក្រុងប៊ូសាន ទីក្រុង Daejeon និងទីក្រុង Ansan ដើម្បីជំរុញការអភិវឌ្ឍន៍ក្នុងតំបន់ និងកែលម្អបណ្តាញដឹកជញ្ជូន។
ទោះបីជាយ៉ាងណាក្តី ទីផ្សារលំនៅដ្ឋាននៅប្រទេសកូរ៉េខាងត្បូងហាក់មិនទទួលបានផលវិជ្ជមានពីការដាក់ចេញចំណាត់ការទាំងនេះឡើយ។
ផ្ទុយទៅវិញ ក្រុមអ្នកជំនាញអចលនទ្រព្យបានធ្វើការជំរុញឱ្យរដ្ឋាភិបាលរបស់ប្រទេសកូរ៉េខាងត្បូងផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដូចជា ការបន្ធូរបន្ថយពន្ធលើការទិញផ្ទះ និងពន្ធលើប្រាក់ចំណេញមូលធន៕ប្រភព: Bloomberg៕
